ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវបានឪពុកក្មេងស្រីរងគ្រោះហៅសមត្ថកិច្ចឲ្យឃាត់ខ្លួន បន្ទាប់ពីនាំកូនរបស់ខ្លួនទៅជួញដូរផ្លូវភេទនិងរក្សាទុកថ្នាំញៀន

ចែករំលែក៖

ភ្នំពេញៈ បុរសម្នាក់ ត្រូវបានឪពុកក្មេងស្រីរងគ្រោះឃាត់ខ្លួន បន្ទាប់ពីនាំកូនរបស់គាត់ទៅជួញដូរផ្លូវភេទ កាលពីជាងមួយខែកន្លងមកនៅក្នុងផ្ទះសំណាក់មួយកន្លែងក្នុងខណ្ឌឬស្សីកែវ។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោង ៩យប់ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ចំណុចសួនវត្តបទុម ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សុខ ឃាង អាយុ៤១ឆ្នាំ មុខរបរមិនពិត ស្នាក់នៅស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ឡាំង អាយុ១៥ មុខរបរសិស្ស ស្នាក់នៅឬស្សីកែវ ខណ្ឌ ឬស្សីកែវ។

ប្រភពពត៌មានពីឪពុកក្មេងស្រីរងគ្រោះបានឲ្យដឹងថានៅមុនពេលកើតហេតុ គឺគាត់បានឲ្យកូនស្រីខលហៅ ជនសង្ស័យមកជួប និងដឹកទៅផ្ទះ មួយសន្ទុះក្រោយមកជនសង្ស័យបានបើកម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GX-0035 មកជួបនៅសួនវត្តបទុម ភ្លាមនោះគាត់បានឃាត់ជនសង្ស័យ និង បានទំនាក់ទំនងទៅសមត្ថកិច្ចប៉ុស្តិ៍ចតុមុខមកនាំជនសង្ស័យយកទៅសួរនាំ។

លុះពេលសមត្ថកិច្ចនាំខ្លួនជនសង្ស័យទៅប៉ុស្តិ៍ស្រាប់តែជនសង្ស័យបានបោះ ចោលកញ្ចប់នំ លើចិញ្ចើមផ្លូវ ដោយសមត្ថកិច្ចឃើញទាន់មានការសង្ស័យបាន ចុះរើសយកមក ត្រួតពិនិត្យមើលឃើញក្រាមសថ្លាចំនួន៣កញ្ចប់តូច សង្ស័យសារធាតុញៀន ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចសួរនាំ រួចមកទើបដឹងថាពាក់ព័ន្ធករណីល្បួងក្មេងស្រី (អនិតិជន អាយុក្រោម១៥ឆ្នាំ) យកទៅដាក់ឲ្យភ្ញៀវ ដែលត្រូវការសេវ៉ាផ្លូវភេទ កាលពីជាង១ខែមុនមក និង ជាដើមហេតុដែលធ្វើឲ្យឪពុកក្មេងស្រីរងគ្រោះចាប់ជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍។

បន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចតុមុខសួរនាំ និងកសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅអធិការនគរបាលខណ្ឌដូនពេញចាត់ការបន្តតាមនីតិវិធី៕ ជ្រោយពេជ្រ


ចែករំលែក៖