ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ដល់រដូវបទល្មើសនេសាទ​ឆក់វិញម្តងនៅតំបន់​ផាត់សណ្តាយ

ចែករំលែក៖

បច្ចុប្បន្ននេះបទល្មើសនេសាទ​នៅ​បឹងទន្លេសាប​ខេត្តកំពង់ធំ​បាននិងកំពុងកើតមានជាបន្តបន្ទាប់ជាធម្មតា ដូចរដូវមុនៗដែរ ។ នៅរដូវប្រាំងនេះ​បទល្មើស​​នេសាទ​បានចូលដល់សកម្មភាព​​នៃការឆក់​ និងអូសអួនដោយប្រើទូកធំៗវិញម្តង ។ បទល្មើសនេសាទ​នៅ​តំបន់បឹងទន្លេសាបខេត្តកំពង់ធំបានកើតជាចំហរ​ ដោយគ្មានការបង្ក្រាប​ពីសំណាក់មន្ត្រីជំនាញអ្វីឡើយ ផ្ទុយទៅវិញ​ ពួកអ្នកនេសាទ​ល្មើសច្បាប់​បានត្រូវរ៉ូវជាមួយពួកមន្ត្រីជលផល ទើបពួកគេអាចប្រព្រឹត្តល្មើសច្បាប់បានដោយសេរី ។ ប្រភពពីពួកអ្នករកស៊ីខុសច្បាប់ទាំងនោះអះអាងថា ពួកមន្ត្រីជលផល​ឲ្យតែបានលុយ គឺគេមិនដែលហាមឃាត់​អំពីបញ្ហា​បទល្មើសអ្វីឡើយ ។

ប្រភពរាយការណ៍ថា នៅតំបន់ដែលសម្បូរត្រី​ដូចជា​ភូមិផាត់សណ្តាយ និងពាមបាង ពេលនេះសកម្មភាពនេសាទល្មើសច្បាប់​បាននិងកំពុងប្រព្រឹត្តឡើង​ជារៀងរាល់ថ្ងៃ ។ មន្ត្រីជលផល​ប្រចាំតំបន់ទាំងពីរចាំតែលើកទូរស័ព្ទពីពួកអ្នកនេសាទល្មើសច្បាប់​ដើម្បីទូទាត់ប្រាក់តែប៉ុណ្ណោះ ។ គេអះអាងថា តំបន់ពាមបាង​ស្ថិតក្រោមអំណាចចាត់ចែងរបស់លោក ហួ​ន ផល នាយសង្កាត់រដ្ឋបាលជលផល និង​នៅតំបន់ផាត់សណ្តាយ​គ្រប់គ្រងដោយ​លោក យ៉ាន់ វិសាក់ ហៅសែ នាយផ្នែករដ្ឋបាលជលផល ។ វេលានេះ​គ្មានទេ​ការបង្ក្រាប​ ពោលគឺឲ្យតែពួកឈ្មួញ​អ្នក​ប្រព្រឹត្តល្មើសទូរស័ព្ទប្រាប់ពួកគេ​មុន​ចុះនេសាទល្មើសច្បាប់គឺជាការស្រេច ។ ម្យ៉ាងទៀត​ដោយសំអាងថា វាជារដូវបើកនេសាទ ដូច្នេះគេអាចប្រព្រឹត្តល្មើស​បានដោយសេរី ។ សេរីយ៉ាងណា ក៏ត្រូវទូរស័ព្ទទាក់ទងជាមួយ​លោក ហួន ផល និងលោក យ៉ាន់ វិសាក់ ហៅសែ ជាមុនដែរ ។

បើតាមសេចក្តីរាយការណ៍ប្រាប់ថា ទូកអួនធំៗ ក៏ដូចជាឆក់ត្រីតាមបឹងបួរ​នានារដូវនេះ ដាច់ខាតត្រូវតែមានទំនាក់ទំនងជាមួយ​លោក​យ៉ាន់ វិសាក់ ហៅសែ និងលោក ហួន ផល ជាដាច់ខាត ។ យ៉ាងហោចណាស់ក៏ត្រូវទូរស័ព្ទប្រាប់អំពីទីតាំង​ដែលត្រូវចុះធ្វើសកម្មភាព​ល្មើសច្បាប់នោះដែរ ។ យ៉ាងណា​យ៉ាងណី​រឿងប្រាក់កាស​ចាំទូទាត់គ្នាជាក្រោយ ។ ប្រភពរាយការណ៍ថា អាជ្ញាធរខេត្តកំពង់ធំលែងខ្វល់​អំពល់អំពីបញ្ហា​បទល្មើសនេសាទនេះទៀតហើយ ពោលគឺអនុញ្ញាត​ឲ្យមន្ត្រីជលផល​យ៉ាន់ វិសាក់ ហៅសែ និង​ហួន ផល ធ្វើអ្វីស្រេចតែចិត្តទៅចុះ ។ ប្រការនេះហើយបានជាលោក ហួន ផល និងលោកយ៉ាន់ វិសាក់ ហៅសែ ធ្វើព្យុះធ្វើភ្លៀងនៅតំបន់បឹងទន្លេសាបដោយគ្មានញញើតនរណានោះឡើយ ៕


ចែករំលែក៖