ភ្នំពេញ៖ បុរសម្នាក់បានត្រូវរងរបួសធ្ងន់ធ្ងរ ដឹកបញ្ជូនតាមរថយន្តសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈជិះម៉ូតូលឿនមិនបានប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តពីក្រោយពេញទំហឹង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃពុធ ០៤រោច ខែមាឃ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ០៥ និង៤០ នាទី ត្រង់ចំណុចមុខរោងចក្រម៉ែនសារុន លើផ្លូវជាតិលេខ៥ ភូមិឌួងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ជិន គួក ភេទប្រុស អាយុ ៣៦ឆ្នាំ ស្នាក់នៅភូមិក្ងោកពង់ឃុំស្នាយដុក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ( របួសធ្ងន់ ) ត្រូវបានដឹកតាមរថយន្តយកទៅសង្គ្រោះភ្លាមៗ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹថានៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក HONDAC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1C-3420 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង លុះពេលមកដល់ចំណុចកើតហេតុ បានបុកពីក្រោយរថយន្តម៉ាក MITSUBISHI ពណ៌សពាក់ស្លាកលេខ ព្រះសីហនុ 3A-7771 ធ្វើដំណើរលើផ្លូវជាតិលេខ៥ក្នុងទិសដៅពីជើងទៅត្បូង ( ទិសដៅស្របគ្នា ) បើកបរដោយឈ្មោះ (រត់គេចពីកន្លែងកើតហេតុ) បាត់ស្រមោលតែម្តង ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលឲ្យរងការខូចខាតរថយន្តតិចតួចចំណែកម៉ូតូខូចខាតយ៉ាងដំណំរីឯអ្នកបើកម៉ូតូរងរបួសធ្ងន់ ។
ក្នុងករណីនេះផងដែរកម្លាំងសមត្ថកិច្ចមូលដ្ឋានបានប្រគល់ជូនជំនាញការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញបន្តនីតិវិធី ៕ធឿនព្រែកជ័យ