ខេត្តកណ្ដាលៈ ជនសង្ស័យជាមុខសញ្ញាជាប់ពន្ធនាគារនៅប្រទេសថៃម្នាក់ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម បានធ្វើសកម្មភាពចូលលួចលុយស្ត្រីជាគ្រូបង្រៀនម្នាក់ដល់ក្នុងបន្ទប់ដេក តែពុំបានសម្រេច ស្ត្រីរងគ្រោះឃើញទាន់ ក៏ស្រែកផ្អើលឆោឡោរដល់ប្រជាពលរដ្ឋជិតខាង នាំគ្នាជួយអន្តរាគមន៍ពួនស្ទាក់ចាប់ខ្លួនបាន រួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការ ។
ករណីនេះ បានកើតឡើងនៅវេលាម៉ោង៣និង៥៥នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្ទះបុណ្យសពរបស់ឪពុកស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិឃ្មុត ឃុំបាគូរ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានឈ្មោះ អៀង ចន្ធី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិក្រគរ ឃុំក្ររគ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារនៅប្រទេសថៃចំនួន៣ឆ្នាំ ពីបទអំពេីរលួច(កាច់កម៉ូតូ) ។ ចំណែកស្រ្តីរងគ្រោះឈ្មោះ ចេ កញ្ញា អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូបង្រៀន មានទីលំនៅបច្ចុប្បន្នភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌរាជធានីភ្នំពេញ។ ដោយឡែកវត្ថុតាងដកហូតបានមាន៖ កាំភ្លើងខ្លីម៉ាកK៥៩ ចំនួន០១ដើម ,បង់ចំនួន០១ ,គ្រាប់ចំនួន៥គ្រាប់ ,ស្រោមកាំភ្លើងចំនួន០១ ,ទួណឺវីសដងជរ័ចំនួន០១ ,កូនសោអក្សរL និងដែកចុងស្រួច សំរាប់កាច់កម៉ូតូចំនួន០១ ,ប្រាក់រៀលចំនួន ១.៦៥០.០០០រៀល ប្រាក់ដុល្លារចំនួន១៥០ដុល្លារ ,ទូរស័ព្ទដៃ២គ្រឿង , កាបូបចំនួនផងដែរ ។
ប្រភពដដែលបន្តថា នៅមុនថ្ថ្ងៃកើតហេតុ ជនរងគ្រោះបានចាកចេញពីផ្ទះរបស់ខ្លួនពីរាជធានីភ្នំពេញ មកស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដើម្បីធ្វើបុណ្យសពឲ្យឪពុករបស់ខ្លួន ។ លុះមកដល់ពេលយប់ស្រ្តីរងគ្រោះក៏ចូលដេកក្នុងបន្ទប់របស់ខ្លួន រហូតមកដល់ម៉ោង៣និង៥៥នាទី ស្រាប់តែជនសង្ស័យប្រដាប់ដោយកាំភ្លើង បានចូលលួចលុយនៅក្នុងបន្ទប់របស់ស្រ្តីរងដែលសំរាននៅក្នុងនោះ ពេលជនសង្ស័យកំពុងធ្វើសកម្មភាព ស្រប់តែស្ត្រីរងគ្រោះភ្ញាក់ហើយបានឃើញ រួចក៏ស្រែកថាចោរៗ ភ្លាមនោះជនសង្សយ័បានយកកាបូបស្ពាយដាក់លុយរត់ចេញមកខាងក្រៅ តែពុំបានសម្រេច ត្រូវបានបងប្អូនជនរងគ្រោះនិងប្រជាពលរដ្ឋជិតខាងនាំគ្នាដេញចាប់បាន រួចប្រគល់ជូនសមត្តកិច្ចដើម្បីចាត់ការ ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ