ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញៈ នៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ឯកឧត្តម មីកាមី ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនោះ ឯកឧត្តម MIKAMI Masahiro
បានជម្រាបជូនសម្ដេចតេជោថា ក្នុងបេសកម្មកាទូតរបស់ឯកឧត្តមរយៈពេល ៦ខែមកកាន់កម្ពុជា ឯកឧត្តមទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីកម្ពុជា ។ ឯកឧត្តមក៏បានសូមវាយតម្លៃចំពោះការរីកចម្រើនរបស់កម្ពុជា ជាពិសេសលើវិស័យសេដ្ឋកិច្ច។ ឯកឧត្តមមានប្រសាសន៍ថា ឯកឧត្តមពិតជាមានសេចក្តីរីករាយ និងពិតជាមានមោទនភាពយ៉ាងខ្លាំងដែលជប៉ុនបានចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសស កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងន័យនេះឯកឧត្តមមានប្រសាសន៍ផងដែរថាជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត។ ទន្ទឹមនឹងនោះ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាទៅលើបរិយាកាសវិនិយោគជាពិសេសការវិនិយោគរបស់ជប៉ុន។ ជាមួយគ្នានេះ ឯកឧត្តមបន្តថា អ្នកវិនិយោគជប៉ុនបាន ធ្វើការជាមួយស្ថាប័នកម្ពុជាជាពិសេស CDC ដោយបានទទួលលទ្ធផលដ៏ល្អប្រសើរ ហើយពេលនេះទៀតសោត ការវិនិយោគរបស់ជប៉ុនកំពុងមានការរីកចម្រើនកាន់តែខ្លាំងឡើង មានន័យថាអ្នកវិនិយោគជប៉ុននឹងមកកាន់កម្ពុជាកាន់តែច្រើនហើយជាពិសេសការវិនិយោគទាំងនោះមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា។

ដោយឡែកចំពោះកិច្ចសហប្រតិបត្តិការរវាង ស្ថាប័ន និងស្ថាប័ននៃប្រទេសទាំងពីរវិញ ឯកឧត្តមបានជម្រាបជូនសម្ដេចតេជោថា ជប៉ុនកំពុងតែធ្វើការសហការជាមួយក្រសួងរ៉ែ និងថាមពលលើវិស័យអគ្គិសនីដោយបានពិភាក្សាជាមួយឯកឧត្តម ស៊ុយ សែម ម្តងរួចមកហើយ និងបន្តពិភាក្សាម្ដងទៀត ដើម្បីធ្វើយ៉ាងណាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអគ្គិសនី។ លើសពីនេះទៅទៀតក៏មានកិច្ចសហប្រតិបត្តិការក្នុងការរៀបចំផែនការមេសម្រាប់ការវិនិយោគរបស់ជប៉ុននៅកម្ពុជាផងដែរ ក៏ដូចជាមានការពិភាក្សា និងសិក្សាអំពីផែនការមេក្នុងការពង្រីក និងពង្រឹងវិនិយោគកំពង់ផែក្រុងព្រះសីហនុ ក៏ដូចជាការចូលរួមចំណែករបស់ជប៉ុនក្នុងការតាក់តែងច្បាប់សំណង់ និងរៀបចំបទដ្ឋានគតិយុត្តជាបន្តបន្ទាប់។ ជាពិសេសទៅទៀតនោះ ជប៉ុនកំពុងយកចិត្តទុកដាក់ បន្ទាប់ពីបានជួយរាជធានីភ្នំពេញលើវិស័យទឹកស្អាត លើវិស័យចំរោះទឹក ហើយនៅពេលនេះក៏បានយកចិត្តទុកដាក់ទៅលើបញ្ហាសំរាមតែម្ដង ដែលសំរាមនេះគឺជាកត្តាចាំបាច់ហើយជប៉ុនក៏មានក្រុមហ៊ុនចំនួន៣ ដែលមានចំណាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមក៏បានជម្រាបជូនសម្ដេចតេជោដែលថាក្រុមហ៊ុនទាំងនេះនឹងចូលរួមចំណែកដេញថ្លៃក្នុងការប្រមូលសំរាមនៅកម្ពុជា។

ឯកអគ្គរដ្ឋទូតជប៉ុន ក៏បានជម្រាបជូនសម្ដេចតេជោផងដែរថា ជប៉ុននឹងបន្តជួយដល់កម្ពុជាលើវិស័យដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលកំពុងតែពិចារណាផ្ដល់ថវិកាបន្ថែមដល់អង្គភាពនេះ ហើយក៏កំពុងពិចារណារៀបចំដើម្បីធ្វើយ៉ាងណាជួយដល់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំអាស៊ី-អឺរ៉ុបនៅក្នុងឆ្នាំនេះ និងកិច្ចប្រជុំអាស៊ាននៅឆ្នាំ២០២២ ខាងមុខ
ហើយជប៉ុន ក៏កំពុងពិចារណាផ្ដល់ថវិកាជួយដល់កម្ពុជាក្នុងការទិញរថយន្ត និងសម្ភារៈសម្រាប់ការប្រើប្រាស់ក្នុងការរៀបចំកិច្ចប្រជុំអាស៊ានក្នុងឆ្នាំ២០២២។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម MIKAMI Masahiro ចំពោះការវាយតម្លៃ នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន។ សម្ដេចតេជោ បានមានប្រសាសន៍ថា កម្ពុជានឹងបន្តធ្វើយ៉ាងណាសម្របសម្រួលធ្វើឲ្យអ្នកវិនិយោគជប៉ុន មកវិនិយោគនៅកម្ពុជាទទួលបានជោគជ័យ ជាអាទិ៍នៅខែកុម្ភៈនេះ កម្ពុជាបានបន្ថយតម្លៃអគ្គិសនីចំនួនមួយសេន ក្នុងមួយគីឡូវ៉ាត់ ហើយកម្ពុជានឹងបន្តធ្វើយ៉ាងណា ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត លើការដឹកជញ្ជូនជាដើម ដើម្បីឱ្យការវិនិយោគមានការទាក់ទាញកាន់តែខ្លាំងឡើង។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយដល់កម្ពុជា និងបន្តជួយដល់កម្ពុជាលើវិស័យដោះមីននិងគ្រាប់មិនទាន់ផ្ទុះ ក៏ដូចជារៀបចំជួយដល់កម្ពុជា ធ្វើយ៉ាងណាឲ្យកិច្ចប្រជុំអាស៊ី-អឺរ៉ុប និងកិច្ចប្រជុំអាស៊ាន នាពេលខាងមុខ អោយទទួលបានជោគជ័យ។ សម្ដេចតេជោក៏បានថ្លែងអំណរគុណជាបន្តទៀត ចំពោះជំនួយរបស់ជប៉ុន ដល់ការតាក់តែងច្បាប់សំណង់ផងដែរ។ ជាមួយគ្នានេះ សម្ដេចតេជោ បានស្នើសុំឲ្យជប៉ុនបន្តជួយដល់កម្ពុជាធ្វើយ៉ាងណាពង្រឹងបទដ្ឋានគតិយុត្តក៏ដូចជាធ្វើការត្រួតពិនិត្យលើសំណង់ទាំងឡាយដែលកម្ពុជាបាននឹងកំពុងសាងសង់ដើម្បីឲ្យវិស័យនេះមានការរឹងមាំ។

ពាក់ព័ន្ធនឹងកំពង់ផែក្រុងព្រះសីហនុ ដែលជប៉ុនកំពុងតែរៀបចំជួយសហការធ្វើផែនការមេនេះសម្ដេចបានមានប្រសាសន៍ថា កំពង់ផែក្រុងព្រះសីហនុ មានសារៈសំខាន់ណាស់ គឺជាកំពង់ផែតែមួយគត់ដែលទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិកម្ពុជា ។ ដោយឡែកជាចុងក្រោយពាក់ព័ន្ធនឹងការប្រមូលសំរាម សម្ដេចតេជោបានមានប្រសាសន៍ថា នៅពេលនេះរាជធានីភ្នំពេញ និងក្រសួងសេដ្ឋកិច្ចកំពុងតែដាក់ការប្រមូលសំរាមនេះស្ថិតនៅក្នុងអន្តរកាល ព្រោះថាក្រុមហ៊ុនចាស់ពុំអាចទទួលការងារនេះបានទៀតទេ ដោយសារទីក្រុងភ្នំពេញមានការរីកធំ ពីប្រមាណ៣០០គីឡូម៉ែត្រការ៉េ ទៅ ៦០០គីឡូម៉ែត្រការ៉េ ហើយនៅពេលដ៏ខ្លីខាងមុខនេះ ស្ថាប័នទាំងពីរគឺ សាលារាជធានីភ្នំពេញ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងដាក់ឲ្យដេញថ្លៃ ដូច្នេះក្រុមហ៊ុនជប៉ុន ដែលមានចំណាប់អារម្មណ៍ គប្បីចូលដេញថ្លៃ ដើម្បីជួយដល់ការប្រមូលសំរាមនេះ៕


ចែករំលែក៖