ភ្នំពេញ៖ រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាករ៉ូលរ៉ូយ ដែលមានតម្លៃជិតមួយលានដុល្លារ ជារបស់លោកឧកញ៉ា ដួង ឆាយ ត្រូវបានរថយន្តកាមរីហាយប្រឺដមួយគ្រឿង បើកបុកទាំងកំរោលចំទ្វាររថយន្តខាងស្តាំ បណ្តាលឲ្យក្រពឹតអស់មួយចំហៀង ខណៈដែលរថយន្តទាំង២គ្រឿងនោះបើកឆ្លងស្តុបBS មិនប្រយ័ត្នដូចគ្នា ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២០ តាមបណ្តោយផ្លូវព្រះមុនី្នវង្ស កែងផ្លូវកម្ពុជាក្រោម ត្រង់ចំណុចស្តុបBS ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានឃើញរថយន្តស៊េរីទំនើប ១គ្រឿង ម៉ាករ៉ូរយ ពណ៌ស គ្មានស្លាកលេខ ជារបស់លោកឧកញ៉ា ដួង ឆាយ ដោយធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនី្នវង្ស ពីជើងទៅត្បូង ។ លុះមកដល់ចំណុចកើតហេតុ រថយន្តរបស់លោកឧកញ៉ា ដួង ឆាយ បានបើកឆ្លងភ្លើងស្តុបពណ៌ខៀវទៅត្រង់ បានពាក់កណ្តាលស្តុប ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកកាមរីហាយប្រឺដ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AY-1549 ធ្វើដំណើរពីលិចទៅកើត តាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងល្បឿនលឿន ដោយបើកបំពានភ្លើងស្តុប អកហ្សើចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកទ្វារខាងស្តាំ នៃរថយន្តស៊េរីរ៉ូលរ៉ូយនោះពេញទំហឹង បណ្តាលឲ្យក្រពឹតទ្វារថយន្តអស់មួយចំហៀងខាងស្តាំ ។ ចំណែករថយន្តបង្ក ម៉ាកកាមរីហាយប្រឺដវិញ ខូចខាតក្រពឹតកាងខាងមុខផ្នែកខាងឆ្វេងបន្តិចបន្តួច ។
បន្ទាប់ពីកើតហេតុ ភ្លាមនោះម្ចាស់រថយន្តបង្កម៉ាកកាមរីហាយប្រឺដ ដែលបើកបរដោយយុវជនម្នាក់នោះ បានចេញមកលើកជង្គង់សំពះលោកឧកញ៉ា ដួង ឆាយ ដើម្បីទទួលស្គាល់កំហុក និងសុំលើកលែងទោស ប៉ុន្តែលោកឧកញ៉ា ដួង ឆាយ មិនព្រមទទួលយកការសុំទោសនោះទេ ព្រោះតែរូបគាត់ខឹងនិងម្ចាស់រថយន្តបង្ក បើករំលោភបំពានស្លាកសញ្ញាភ្លើងស្តុប ។
ក្រោយកើតហេតុ រថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍រាជធានីភ្នំពេញ វាស់វែងរួចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយគ្នានៅពេលក្រោយ ៕ ស រស្មី