ខេត្តស្វាយរៀង៖ បុរសបម្រើការងារជាបុគ្គលិកធនាគារABAម្នាក់ បានរងរបួសបែកក្បាលហូរឈាមធ្ងន់សន្លប់នឹងកន្លែង ដោយសារមូលហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ដែលអ្នកបើកបរជាមន្ត្រីនគរបាល បើកបុកជាមួយម៉ូតូបញ្ច្រាសទិសគ្នាពេញទំហឹង លាន់ដូចរន្ទៈ បង្កការភ្ញាក់ផ្អើលកាលពីនៅវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ លើផ្លូវជាតិលេខ១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣៧ និង១៣៨ ស្ថិតក្នុងភូមិប្រសូតិ២ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានបង្ហើបឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ព្រំ សារ៉ុន អាយុ៣០ឆ្នាំមុខរបរជាបុគ្គលិកធនាគារABAរស់នៅភូមិព្រះពន្លា ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ខណះជិះម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង១L-៨០៩០ខូចខាតយ៉ាងដំណំ ។ ចំណែកអ្នកបើករថយន្តបង្កហេតុត្រូវបានស្គាល់ឈ្មោះកឹម ស៊ីថ្ម អាយុ៥១ឆ្នាំមុខរបរមន្ត្រីនគបាលរស់នៅភូមិអង្គស្វាយ ឃុំប្រសូត្រស្រុកស្វាយទាប ខេត្តស្វាយរៀងក្រោយឃើញសភាពការណ៏មិនស្រួលបើកទ្វាររថយន្តគេចខ្លួនភ្លាមៗ ។
បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តរថយន្តមួយគ្រឿងម៉ាកកាមរីពណ៌ទឹកមាស ពាក់ស្លាកលេខ បន្ទាយមានជ័យ ២A-២០៦០ លើកំណាត់ផ្លូវជាតិលេខ១ដោយបើកបរមិនគោរពសិទ្ធិអាទិភាព ខណៈនោះ ស្រាប់តែទៅបុកនឹងម៉ូតូមួយគ្រឿងជិះម្នាក់ឯងក្នុងទិសដៅច្រាស់ទិសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង ។
ក្រោយមកអ្នកភូមិបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ចុះមកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ព្រមទាំងវាស់វែងនិងអូសយកវត្ថុតាងរថយន្ត និងម៉ូតូមកកាន់អធិការដ្ឋាននគរបាលស្រុកស្វាយទាបចាត់ការបន្តតាមច្បាប់ ។
សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា មូលហេតុដោយសារតែអ្នកបើករថយន្តមិនគោរពសិទ្ធិអាទិភាព ៕ យឹម សុថាន