ខេត្តសៀមរាប៖ មានអគ្គិភ័យមួយបានឆាបឆេះផ្ទះបោកអ៊ុតមួយកន្លែង កាលពីវេលាម៉ោង ៣ និង ១០រសៀល ថ្ងៃ ព្រហស្បតិ៍ ៥ រោច ខែ មាឃ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២០ នៅក្រុមទី៣ ភូមិត្រពាំងត្រែង សង្កាត់សាលាកម្រើក ក្រុង-ខេត្តសៀមរាប បណ្តាលឲ្យឆេះនៅសល់តែផែះ និងធ្យូង ។
ប្រភពព័ត៌មានពីមន្រ្តីនគរបាលក្រុងសៀមរាបបានឲ្យដឹងថា កន្លែងបោកអ៊ុតដែលរងដោយអគ្គីបំផ្លាញនេះ ជាកម្មសិទ្ធិរបស់ឈ្មោះ ព្រំ ភាព ភេទស្រី អាយុ ៤៨ ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅភូមិ/ឃុំខាងលើ ហើយបានជួលផ្ទះទៅឲ្យជនជាតិចិន ដើម្បីប្រកបអាជីវកម្មបោកគក់ និងធ្វើតៅហ៊ូលក់ ។
បើតាមការបំភ្លឺពីប្រជាពលរដ្ឋរស់នៅជិតខាងបានឲ្យដឹងថា ករណីនេះកើតឡើង បណ្តាលមកពីខ្ទាតផ្កាភ្លើង ចេញពីបំពង់បង្ហុយផ្សែងខាងលើ ហើយធ្លាក់ចុះមកលើដំបូលស្បូវខាងក្រោមបណ្តាលឲ្យឆេះយ៉ាងសន្ធោសន្ធៅ ពន្លត់មិនទាន់ ។
ចំពោះសម្ភារខូចខាតវិញតាមរបាយការណ៍បញ្ជាក់ថា ឆេះខ្ចម១ខ្នងទំហំ ៤ម៉ែត្រx៤ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស្បូវ ឆេះទាំងស្រុង ឆេះរោងធ្វើតៅហ៊ូ ទំហំ៤ម៉ែត្រx៥ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ទាបផ្ទាល់ដីមួយខ្នង ។ ឆេះសម្ភារៈស្តុកម្សៅសាប៊ូបោកគក់ អស់មួយចំនួនធំ និងសម្ភារ:ប្រើប្រាស់មួយចំនួន ។ ក្រៅពីនេះគឺពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ ខណៈមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបមួយគ្រឿងចេញទៅបាញ់ទឹកពន្លត់ទាន់ ៕ ប្រាថ្នា