ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ អធិការរងស្រុកសំរោង​ ខេត្តតាកែវ ពន្យារអាយុបាន៣ឆ្នាំហើយ

ចែករំលែក៖

ដោយមានការឃុបឃិត​ពី​លោកសុខ សំណាង ស្នងការនគរបាលខេត្ត​តាកែវ លោក ឃុន យ៉ាន អធិការ​រង​នគរបាលស្រុកសំរោង ខេត្តតាកែវ ត្រូវគេអះអាងថា បាន​ពន្យារអាយុ​អស់រយៈពេល​៣ឆ្នាំមកហើយ ។ ការពន្យារអាយុមិនព្រមចូលនិវត្តន៍របស់លោក​អធិការរង​នេះ ដោយសំអាងថា គ្មានមនុស្សធ្វើការ​ ដូច្នេះមានតែប្រើគាត់​បណ្តោះអាសន្នសិនទៅ ។ ប៉ុន្តែក្រុមមន្ត្រីនគរបាល​ស្រុកសំរោង​ ខេត្តតាកែវ មិនពេញចិត្តចំពោះចំណាត់ការ​នេះទេ ពីព្រោះថា បើដល់អាយុចូលនិវត្តន៍ហើយនោះ គួរតែ​អនុវត្តទៅតាមច្បាប់ ។ យ៉ាងណាក៏ដោយ គេអះអាងថា ដោយសារអំណាច​ខ្សែរយះជាមួយលោក​ស្នងការ ទើប​អាច​នៅធ្វើការ​បាន បើទោះបីជាដល់អាយុចូលនិវត្តន៍​ក៏ដោយ ។

ប្រភពពីមន្ត្រី​នគរបាលខេត្តតាកែវ​អះអាងថា លោកអធិការរង​ស្រុកសំរោងឈ្មោះ ឃុន យ៉ាន តែងតែបានពន្យារ​អាយុ​មួយឆ្នាំម្តង ដោយសារការ​សម្របសម្រួល​ពី​លោក សុខ សំណាងអធិការនគរបាល​ខេត្តតាកែវ ។ អ្វីដែលធ្វើឲ្យក្រុមមន្ត្រីនគរបាលស្រុកសំរោង​ហួសចិត្តនោះ គឺការដែលគាត់​អាច​ពន្យារ​អាយុ​មួយឆ្នាំហើយ​មួយឆ្នាំទៀត, ម្តងហើយម្តងទៀត ។ ការដែលគាត់អាចធ្វើយ៉ាងដូច្នេះបាន ក៏ព្រោះតែ​ដោយសារ​តែ​មានខ្សែបណ្តោយខ្សែទទឹង យ៉ាងដូច្នោះឯង ។ ពោលគឺបើគ្មានការបិទភ្នែកសម្របសម្រួលពី​លោកស្នងការនគរបាលខេត្តទេ ក៏លោកឃុន យ៉ាន គ្មានឱកាសនៅធ្វើការរហូតដល់ទៅ៣ឆ្នាំយ៉ាងដូច្នោះដែរ។

ក្រុមមន្ត្រីនគរបាល​ស្រុកសំរោងអះអាងថា លោក​អធិការរង​ បើទោះបីជា​ចាស់បន្តិចមែន ប៉ុន្តែ​គាត់នៅតែមានកម្លាំងពលំ អាច​ធ្វើការបាន ។ ហេតុដូច្នេះហើយ បានជាគាត់មិនព្រមចូលនិវត្តន៍​ដោយព្យាយាមពន្យារមួយឆ្នាំហើយមួយឆ្នាំទៀត​រហូតដល់ទៅ៣ឆ្នាំនោះ ។ បើតាមសេចក្តីរាយការណ៍​បានឲ្យដឹងថា លោកឃុន យ៉ាន បានចំណាយ​សេវាជាច្រើន​ជូនថ្នាក់ដឹកនាំ​ប្រយោជន៍ដើម្បីបាននៅធ្វើការ និងម្យ៉ាងទៀត​ថ្នាក់ដឹកនាំនគរបាលខេត្ត​តាកែវ​យល់ថា នៅស្រុកសំរោងខ្វះធនធានកម្លាំងនគរបាល ដូច្នេះមានតែ​ឲ្យលោកឃុន យ៉ាន នៅធ្វើការ​ជាបន្តទៅទៀត បើទោះបីជាគាត់លើសអាយុច្រើន​ហើយក៏ដោយ ។ គេមិនដឹងថា តើជាគោលការណ៍ក្រសួងមហាផ្ទៃ​អាចឲ្យមន្ត្រីនគរបាលពន្យារអាយុរហូតដល់ទៅ៣ឆ្នាំ​នោះឬយ៉ាងណាទេ ៕


ចែករំលែក៖