ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ បទល្មើសព្រៃឈើក្រោមក្រសែភ្នែកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ

ចែករំលែក៖

មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើ នៅក្នុងខេត្តកំពង់ធំ បានរិះគន់ ថា លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ នៅតែបណ្តោយឲ្យបទល្មើសកាប់ ឈើ ដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់យ៉ាងពេញបន្ទុកដដែល។ ចំណែកថ្នាក់ដឹក នាំក្រសួងបរិស្ថាន ជឿតែតាមរបាយការណ៍របស់មន្ត្រីថ្នាក់ក្រោមប៉ុណ្ណោះ ក្នុងខណៈដែលព្រៃឡង់នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ ប្រឈមនឹងការកាប់បំផ្លាញយ៉ាងមហន្តរាយ។ ប្រជាសហគមន៍ការពារព្រៃឡង់ក្នុងឃុំមានឫទ្ធិ បានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីបរិស្ថានទេនោះ គឺក្រុមឈ្មួញនិងក្រុមជនល្មើស មិនអាច កាប់ឈើ ហើយដឹកជញ្ជូនឈើចេញពីព្រៃឡង់បានឡើយ។

សេចក្តីរាយការណ៍ពីប្រជាសហគមន៍ការពារព្រៃឡង់នៅឃុំមានឫទ្ធិ បានឲ្យដឹងថា ជារៀងរាល់យប់មានសកម្មភាពដឹកជញ្ជូនឈើចេញពីព្រៃឡង់ឆ្លងកាត់ភូមិជាំស្វាយ ឃុំមានឫទ្ធិ យ៉ាងអនាធិបតេយ្យ ហើយមិនឃើញមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការបង្ក្រាបនោះទេ។ ប្រភពបានឲ្យដឹងទៀតថា ចាប់តាំងពីអំឡុងដើម ខែមករា ឆ្នាំ២០២០ រហូតមកដល់ពេលនេះសកម្មភាពដឹកជញ្ជូនឈើពីព្រៃឡង់ឆ្លង កាត់ចំណុចអូរគ្រញូង ភូមិជាំស្វាយ ឃុំមានឫទ្ធិ យ៉ាងពេញបន្ទុកព្រោះមន្ត្រីបរិស្ថានបានចាត់ទុកបទល្មើសព្រៃឈើជាប្រភពចំណូលរបស់ខ្លួន។

តាមការអះអាងរបស់សកម្មជនព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្ត កំពង់ធំ បានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំទេនោះ គឺមន្ត្រីបរិស្ថានប្រចាំតំបន់ព្រៃឡង់ ខេត្ត កំពង់ធំ មិនហ៊ានបណ្តោយឲ្យក្រុមឈ្មួញនិងជនល្មើសកាប់ឈើដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់នៅឃុំមានឫទ្ធិ និងឃុំផ្សេងៗទៀតបានឡើយ។

មានមតិរិះគន់ចំៗថា នៅ ពេលប្រជាពលរដ្ឋដឹកជញ្ជូនឈើ ដឹកជញ្ជូនអុសបន្តិច​បន្តួច គឺចៀសមិនផុតពីការ បង្ក្រាបរបស់មន្ត្រីបរិស្ថាននិងសមត្ថកិច្ចពាក់ព័ន្ធឡើយ។ ប៉ុន្តែផ្ទុយទៅវិញមន្ត្រីបរិស្ថានប្រចាំតំបន់ព្រៃឡង់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក តុប កក្កដា ប្រធានមន្ទីរ បរិស្ថានខេត្តកំពង់ធំ បែរជាបណ្តោយឲ្យឈ្មួញនិងក្រុមជនល្មើសបន្តបំផ្លាញព្រៃឡង់យ៉ាងរាលដាល៕


ចែករំលែក៖