ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តបុកទ្រូងផ្លូវបាក់មួយកង់ខ្ទាតមកកណ្ដាលផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់រថយន្តជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់កង់ខ្ទាតមកកណ្ដាលផ្លូវ ចំណែករថយន្តបើកមុខទៅលែងរួច តែមិនបង្កឲ្យមានអ្នករងរបួស ។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៨៩ កែងនឹងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុបុរសម្នាក់រួមដំណើរនឹងមិត្តភក្តិ ៣-៤នាក់ទៀត បើករថយន្ត តូយ៉ូតាព្រូស ពណ៌កណ្ដុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2A-6139 ទើបនឹងចេញពីកម្មវិធីមិត្តភក្តិមួយកន្លែងដោយធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៨៩ក្នុងទិសដៅពីជើងទៅត្បូង ខណៈដល់ចំណុចកើតហេតុបានរេចង្កូតជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាឲ្យបាក់អស់មួយកង់ខ្ទាតមកកណ្ដាលផ្លូវ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរចុះមកស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកក្នុងការរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖