ព័ត៌មានទាន់ហេតុការណ៍៖

សិស្សស្រី១២នាក់ពុលនំបុ័ងទៀតហើយនៅស្រុកប្រាសាទបាគង

ចែករំលែក៖

ខេត្តសៀមរាប៖ តាមសេចក្ដីរាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា សិស្សសាលាអនុវិទ្យាល័យ ជាស្មន់ ឃុំមានជ័យ ចំនួន១២នាក់ ភេទស្រីបានទិញនំបុ័ងញាំនៅមុខសាលាបណ្ដាលឲ្យក្អួតចង្អោរ ហើយត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះភ្លាមៗផងដែរ ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២០ នៅសាលាអនុវិទ្យាល័យ ជាស្មន់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

លោក វរសេនីយ៍ទោ លឹម សម្បត្តិ អធិការនគរបាល ស្រុកប្រាសាទបាគងបានឲ្យដឹងនារសៀលថ្ងៃទី១៤ ខែកុម្ភៈថាមានសិស្សសាលាចំនួន១២ នាក់ បានទិញនំបុ័ងញ៉ាំរួចក៏មានអការក្អួតចង្អោរ ខណៈនេះបានបញ្ជូនសិស្សសាលាទាំងនោះទៅមណ្ឌលសុខភាពមានជ័យដើម្បីជួយសង្គ្រោះ ។

លោកបន្តថា អ្នកលក់នំបុ័ងឈ្មោះ អ៊ី សីហា ភេទស្រីអាយុ៣៧ឆ្នាំ រស់នៅ ភូមិ ជាស្មន់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ដែលបានទិញមកពីផ្សាររលួសមកលក់បន្ត ។ បើតាមការសាកសួរស្ត្រីអ្នកលក់នំបុ័ង ខាងលើបានឲ្យដឹងថា នំបុ័ងទាំងនេះទិញបន្ដពីអ្នកផ្សាររលួសហើយអ្នកផ្សាររលួសទិញបន្តពីខេត្តសៀមរាប ។

លោកបន្ថែមថា តាមការពិនិត្យជាក់ស្តែងរបស់ជំនាញបានឲ្យដឹងថា នំបុ័ងទាំងនេះខ្លះល្អ និងខ្លះទៀតផ្អូម ចឹងហើយបានជាសិស្សញ៉ាំទៅឈឺពោះបែបនេះ ។ ចំពោះវិធានការបន្តខាងសមត្ថកិច្ចជំនាញខេត្តកំពុងបន្តនីតិវីធីស្រាវជ្រាវ បច្ចុប្បន្នសិស្សសាលាទាំងនោះបានធូរស្បើយ និងត្រឡប់ទៅផ្ទះវិញ អស់មួយចំនួនហើយ ។

សូមរម្លឹកថានៅស្រុកប្រាសាទបាគង ខេត្តសៀមរាប កន្លងទៅថ្មីៗនេះ មានករណីពុលនំបុ័ងម្តងរួចមកហើយ តែត្រូវសមត្ថកិច្ចជំនាញសហការគ្នាចុះបិទឡនំបុ័ងខាងលើចោល ដែលមានទីតាំងនៅស្រុកប្រាសាទបាគងដោយសមត្ថកិច្ចរកឃើញការផលិតនោះគ្មានអនាម័យ និងគ្មានច្បាប់ទម្លាប់ត្រឹមត្រូវពីក្រសួងពាក់ព័ន្ធឡើយ ។

តាមការរឹះគន់របស់ពលរដ្ន និងមន្រ្ដីរាជការបានឲ្យដឹងថា ដោយសារតែច្បាប់ស្រុកខ្មែរ មានតែច្បាប់អ្នកអនុវត្តន៍ឲ្យបានម៉ឺងម៉ាត ទើបបណ្ដាលឲ្យ ចំណីអាហារគ្មានអនាម័យ គ្មានគុណភាពគ្មានទំនួលខុសត្រូវ ផលិតមកឲ្យតែបានធ្វើឲ្យប៉ះពាលសុខភាពពលរដ្នយ៉ាងខ្លាំង៕ប៊ុនរិទ្ធី


ចែករំលែក៖