ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាស្រវឹងដុតផ្ទះម្ដាយខ្លួនឯង និងរាលដាលដល់ផ្ទះម្ដាយមីងឆេះម៉ត់អស់២ខ្នង

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ ផឹកស្រាស្រវឹងជោកជាំ បែកគំនិតយកដែកកេះដុតផ្ទះម្ដាយខ្លួនឯង បណ្ដាលឆេះយ៉ាងសន្ធោសន្ធៅ និងរាលដាលដល់ផ្ទះម្ដាយមីងដែលនៅក្បែគ្នា ធ្វើឲ្យផ្ទះ២ខ្នងឆេះម៉ត់គ្មានសល់ ។ ហេតុការណ៍នេះ បានផ្អើលឆោឡោឡើងកាលពី១៨និង៣០នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ រុន ពក ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រីឯស្រ្ដីរងគ្រោះមានគ្នា២នាក់ ១/ឈ្មោះ ថា ទ្រព្យ ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ត្រូវជាម្ដាយជនសង្ស័យ) ទី២/ឈ្មោះ ថា អឺង ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ត្រូវជាម្ដាយមីងជនសង្ស័យ) ។ ជនសង្ស័យនិងស្រ្ដីរងគ្រោះមានទីលំនៅភូមិ/ឃុំកើតហេតុ ។ ចំណែកទ្រព្យសម្បត្ដិបាត់បង់មាន៖- ផ្ទះធ្វើអំពីឈើ ប្រក់ស័ង្កសី រៀបជញ្ជាំងបេតុងពីក្រោម ទំហំ៨X៩ម៉ែត្រ និងសំភារៈក្នុងផ្ទះមួយចំនួនជារបស់ឈ្មោះ ថា ទ្រព្យ ,ផ្ទះធ្វើអំពីឈើ ប្រក់ស័ង្កសី ទំហំ៥X៧ម៉ែត្រ និងសំភារៈក្នុងផ្ទះមួយចំនួន ជារបស់ឈ្មោះ ថា អឺង ។

ប្រភពដដែលបន្ដថា នៅថ្ងៃកើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹងជោកជាំតាំងពីព្រឹករហូតមក ខណៈមកដល់ផ្ទះក៏បានរករឿងក្រុមគ្រួសារ ហើយស្រ្ដីជាម្ដាយក៏បានលួងលោមឲ្យជនសង្ស័យដេកនៅលើផ្ទះទៅ ។ លុះមកដល់វេលាម៉ោង១៨និង៣០នាទី ស្រាប់តែមានអណ្ដាតភ្លើងឆេះចេញពីក្នុងផ្ទះកាន់តែខ្លាំងទៅៗ រហូតរាលដាលដល់ផ្ទះរបស់ម្ដាយមីងជនសង្ស័យយ៉ាងសន្ធោសន្ធៅ ក៏ផ្អើលឆោឡោប្រជាពលរដ្ឋជិតខាង និងរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្ដិ៍និងស្រុក ដើម្បីធ្វើការអន្ដរាគមន៍ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់សមត្ថកិច្ចទទួលបានករណីខាងលើ ភ្លាមនោះក៏រាយណ៍បន្ដទៅនគរបាលបង្កា ពន្លត់អគ្គីភ័យ និងសង្រ្គោះ នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ុល ប៊ុណ្ណា ស្នងការរងទទួលផែនបង្កា ពន្លត់អគ្គីភ័យ និងសង្រ្គោះ ក្រោមការបញ្ជាដោយផ្ទាល់របស់លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដ បានយករថយន្ដពន្លត់អគ្គីភ័យស្នងការដ្ឋាននគរបាលខេត្ដកណ្ដាចំនួន៣គ្រឿង និងរថយន្ដរបស់អធិការដ្ឋាននគរបាលស្រុកកោះធំចំនួន១គ្រឿងធ្វើការពន្លត់រហូតរលត់ជាស្ថាពរនៅវេលាម៉ោង១៩និង១០នាទី ។

ករណីដែលកើតមានភ្លើងឆេះនេះ គឺបណ្ដាលមកពីជនសង្ស័យជាកូន ស្រវឹងស្រាជោកជាំ ហើយយកដែកកេះដុតផ្ទះម្ដាយខ្លួនឯង រហូតរាលដាលដល់ផ្ទះម្ដាយមីងម៉ត់គ្មានសល់ ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញធ្វើការឃាត់ខ្លួន កសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕


ចែករំលែក៖