ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីយោធាម្នាក់ខណៈវិលត្រឡប់ពីល្បាតតាមព្រំដែន ជាន់មីនបណ្តាលឲ្យផ្ទុះស្លាប់ភ្លាមៗ

ចែករំលែក៖

ខេត្តព្រះវិហារ៖ មន្រ្តីយោធាម្នាក់បានដើរជាន់មីនបណ្តាលឲ្យផ្ទុះស្លាប់ភ្លាមៗ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភ:ឆ្នាំ២០២០ បន្ទាប់ពីមានការបញ្ជាពីមេបញ្ជាការកងអនុសេនាធំទី3 នៃវរសេនាតូច 385 បានចាត់តាំង កម្លាំងចំនួន 4 នាក់ អាវុធ 4 ដើម ដើរល្បាតតាមព្រំដែនកម្ពុជាថៃក្ណុងខេត្តព្រះវិហារ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ កម្លាំងកងអនុសេនាធំទី3 នៃវរសេនាតូច 385 ចំនួន៤នាក់ ដឹកនាំដោយលោកអនុសេនីយ៍ទោ ស៊ឹម ស៊ុម ជាមេបញ្ជាការ សហការជាមួយនគរបាល អង្គភាព វីរសេនាតូច លេខ១០៥ចំនួន ៣នាក់ អាវុធ៣ដើម បានចេញដើរល្បាតតាមព្រំដែនពីចំណុចVA(71.322.91.164)ដល់ចំណុចVA(71.419.91578) នៅស្រុកជាំក្សាន្ត ត្រង់ចំណុចខាងត្បូងអន្លង់រាំង ជើងភ្នំ៥០០ ក្នុងខ្សែត្រៀមជួរមុខរវៀងកម្ពុជា-ថៃ ទិសទី១ ។ លុះត្រឡប់មកទីតាំង វិញដល់ចំណុចVA(70.897.91.559) លោកព្រិន្ទបាលឯកជិន ហាត់ អត្តលេខ203177 មុខងារនាយក្រុមទី២ កងអនុសេនាតូច២កងអនុសេនាធំ ទី៣វរ:សេនាតូច ៣៨៥ បានសុំដើរផ្លូវកាត់មកកន្លែងមុន។ ខណៈដែល លោកព្រិន្ទបាលឯកជិន ហាត់ ដើរតាមផ្លូវកាត់ចេញពីផ្លូវបានប្រហែល២០នាទី ស្រាប់តែ ជាន់មីនចាស់មួយគ្រាប់ដែលបន្សល់ពីសម័យសង្រ្គាមបណ្តាលឲ្យផ្ទុះកក្រើកព្រៃនិង ត្រូវដើមទ្រូង ដាច់បំពង់ក និងជើងខាងស្ដាំ បណ្ដាលឲ្យស្លាប់នៅកន្លែង នៅវេលាម៉ោង១២និង១០ នាទីរសៀលថ្ងៃកើតហេតុតែម្តង។

បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង កម្លាំងល្បាតទាំងអស់បានទៅសែងតាមអង្រឹងនិងដឹកសពជនរងគ្រោះចេញពីព្រៃយកមកធ្វើបុណ្យនៅភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទាំងក្តុកក្តួលបំផុត ដោយចាត់ទុកមរណភាពរបស់លោក ព្រិន្ទបាលឯកជិន ហាត់ ជាការបូជាជីវិតក្នុងពេលបំពេញបេសកកម្មដើម្បីជាតិមាតុភូមិ ៕ ប្រាថ្នា


ចែករំលែក៖