ព័ត៌មានទាន់ហេតុការណ៍៖

សត្វស្លាបគ្រប់ប្រភេទបន្តកើនចំនួន នៅវាលស្រែនាស្រុកភ្នំស្រុក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅអំឡុងចុងឆ្នាំ២០១៩-មកទល់ខែកុម្ភៈ ឆ្នាំ២០២០នេះ សត្វស្លាបចម្រុះបានបន្តកើនចំនួន ហើយបង្ហាញវត្តមានដោយគ្មានបារម្ភភ័យខ្លាចនៅតាមវាលស្រែ បឹងបួរត្រពាំង អូរ ប្រឡាយជិតៗអ្នកស្រុកនៅភូមិសាស្ត្រស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ ក្រុងសិរីសោភ័ណ ស្រុកអូរជ្រៅ ស្រុកមង្គលបូរីជាដើម។

គេបានឃើញសត្វស្លាបទាំងនោះ ហិចហើរលើវេហានិងចុះរកចំណីលើទីតាំងដូចខាងលើ ដែលមើលទៅដូចទិដ្ឋភាពធម្មជាតិ ។

ពួកកសិករម្ចាស់ស្រែប្រាំងអោយដឹងថា ដីវាលស្រែនិងទីសាធារណៈមួយចំនួនតាំងពីរដូវវស្សា រដូវរំហើយមកទល់រដូវប្រាំងនេះ វត្តមានសត្វស្លាបគោក សត្វស្លាបទឹកបានចុះច្រើននៅតាមវាលស្រែដែលគេវ៉ៃដី ភ្ជួររាស់ធ្វើស្រែប្រាំង វាលស្រែដែលកំពុងលូតលាស់ ហើយស្រូវទុំនៅតាមវាលស្រែដែលច្រុូតកាត់ប្រមូលផលហើយ។

សត្វស្លាបខ្លះរកសុីតែក្តាមខ្យង សត្វល្អិតនិងគ្រាប់ស្មៅ ។ តែសត្វខ្លះក៏ជាន់ស្រូវអោយខូចខាតដែរ ។ ក្នុងខែកុម្ភៈ ឆ្នាំ២០២០ គេបានឃើញសត្វស្លាបបង្ហាញវត្តមានដោយចុះរកសុិចំណីនិងហិចហើរប្រឡែងគ្នាទាំងហ្វុូងៗ ទាំងនោះមានដូចជា ចង្កៀលខ្យង ក្រសារ ប្ររឹក ប្រវែក ក្អែកទឹក ក្អែកគោក ទុង ត្រយ៉ង ខ្វែក កុក ស្មោញ ចចាត ។ល។

កសិករ និងមន្ត្រីក្សេត្រសាស្ត្រអះអាងថា ៖ វត្តមានសត្វស្លាបច្រើន គួរសប្បាយចិត្ត ល្អមើល ហើយបង្ហាញថា មនុស្សនិងសត្វលែងចងគ្នាជាសត្រូវ លែងសូវមានការបរបាញ់ព្រានប្រម៉ង់។ ហើយតាមវាលស្រែស្រូវមានលក្ខណៈធម្មជាតិច្រើន មិនសូវមានសារជាតិគីមីឬថ្នាំពុលហួសប្រមាណដូចមុន ។

លោក អធិការនគរបាលស្រុកភ្នំស្រុកយ៉ត សុផលអោយដឹងថា ៖ ការយាយី ដាក់ថ្នាំនិងប្រមាញ់សត្វស្លាបត្រូវបានទប់ស្កាត់បង្ក្រាបបានស្ទើរទាំងស្រុង ។ ជាពិសេស គឺពលរដ្ឋបានចូលរួមសហការឬអាចថា ពួកគាត់លែងបៀតបៀនសម្លាប់សត្វ ។

ទោះយ៉ាងនេះក្តី ពួកមន្ត្រីអាជ្ញាធរ មន្ត្រីបរិស្ថានតំបន់ការពារទេសភាពអាងត្រពាំងថ្មនិងសកម្មជនសត្វព្រៃអោយដឹងថា ៖ សត្វស្លាប់កម្រនិងសត្វស្លាប់ជិតផុតពូជមួយចំនួនពិសេសគឺសត្វក្រៀលក្បាលក្រហមដែលសំខានជាងគេ សត្វរនាលពណ័ រនាលប្រផេះ ក្ងរ ខ្សឹប ទាព្រៃ …និងសត្វល្មូន សត្វម្រឹគពិសេសរមាំង ឈ្លូស មិនសូវបង្ហាញវត្តមាននៅឡើយ៕ វណ្ណា


ចែករំលែក៖