ចាប់តាំងពីវិរូស កូវីដ-១៩ ដែលពីមុនមានឈ្មោះបណ្តោះអាសន្ន (កូរ៉ូណា) បានផ្ទុះឡើងនៅក្នុងប្រទេសចិន តាំងពីខែធ្នូ ឆ្នាំ២០១៩ បង្កក្តីបារម្ភយ៉ាងខ្លាំង ដល់ពលរដ្ឋនៅក្នុងប្រទេសចិន ជុំវិញពិភពលោកទាំងមូល ។ មិនតែប៉ុណ្ណោះ ការឆ្លងរាលដាលនៃវីរុសនេះ យ៉ាងឆាប់រហ័សដល់ពលរដ្ឋជាង ៧ម៉ឺននាក់ និងជិត២ពាន់នាក់ស្លាប់ គិតមកដល់ថ្ងៃទី១៧ ខែកុម្ភៈនេះ ។
ការឆ្លងរាលដាលទាំងនោះ បានធ្វើឲ្យក្រុមហ៊ុនស្រាវជ្រាវផលិតឱសថរបស់ចិន និងជុំវិញពិភពលោកខិតខំ រកឱសថព្យាបាល ឲ្យបានទាន់ពេលវេលា ។ រយៈពេលជិត២ខែមិនទាន់មានក្រុមហ៊ុនណាមួយរកឃើញនោះឡើយ ។
ប៉ុន្តែពេលនេះក្រុមហ៊ុន ផលិតឱសថក្នុងស្រុងរបស់ចិនប្រកាសថា បានរកឃើញឱសថព្យាបាលវីរុសកូវីដ-១៩គឺជាដំណឹងល្អបំផុត ដែលមនុស្ស ទូទាំងពីភពលោកកំពុងរង់ចាំ ។ យោងបើតាមសេចក្ដីប្រកាសមួយរបស់អាជ្ញាធរទីក្រុង TAIZHOU របស់បរទេសចិន ដែលដកស្រង់ផ្សាយតាមបណ្ដាញសង្គម WECHAT (បណ្តាញសង្គមល្បីបំផុតនៅចិន)បានឱ្យដឹងថា ឱសថមួយ ដែលអាចមានប្រសិទ្ធភាពប្រឆាំងការឆ្លងរាលដាលនៃវីរុស COVID-19 ត្រូវបានអនុម័ត និងអនុញ្ញាតឲ្យចាប់ផ្ដើមផលិតកម្ម ចាប់ពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ តទៅ ។
យោងតាមអាជ្ញាធរទីក្រុង TAIZHOU ខេត្តហ្សេយ៉ាង ភាគខាងកើតប្រទេសចិន បានឲ្យដឹងថា ថ្នាំដំបូងនោះ ដែលអាចមានប្រសិទ្ធភាព ក្នុងការតស៊ូប្រឆាំងវីរុសកូរ៉ូណាថ្មី ត្រូវបានបញ្ជូនឲ្យធ្វើផលិតកម្ម ចាប់ពីថ្ងៃទី១៦ ខែកុម្ភៈ តទៅ ។ ថ្នាំនេះ កាលពីមុនគេស្គាល់ ក្រោមឈ្មោះថា FAVIPIRAVIR ឬAVIGAN ។
សេចក្ដីប្រកាសនោះ បញ្ជាក់ថា ឱសថនោះផលិតដោយក្រុមហ៊ុន ZHEJIANG HISUN PHARMACEUTICAL ទទួលបានការអនុម័តជាផ្លូវការ ដោយអាជ្ញាធរជាតិត្រួតពិនិត្យស្បៀង និងថ្នាំពេទ្យចិន ដើម្បីឲ្យធ្វើពាណិជ្ជកម្ម ។
សេចក្ដីប្រកាសតាម WECHAT ដកស្រង់ផ្សាយដោយបណ្ដាសារព័ត៌មានចិនបន្តថា នោះជាឱសថដំបូងរបស់ប្រទេស ដែលក្នុងកាលៈទេសៈកំពុងមានការឆ្លងរាលដាលខ្លាំងនៃវីរុសប្រភេទថ្មី ត្រូវបានអនុម័តជាផ្លូវការបញ្ចូលក្នុងបញ្ជីនៃឱសថដែលអាចមានប្រសិទ្ធភាព ក្នុងការព្យាបាលប្រឆាំងវីរុស COVID-19 ។
ពាក់ព័ន្ធ និងវីរុសកូវីដនោះដែរម៉ាឡេស៊ី ហាមនាវាទាំងអស់ មកពីចិនចូលចតនៅកំពង់ផែប្រទេសនេះ ។ ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកស្រី Wan Azizah Wan Ismail បានប្រកាស ហាមប្រាមរាល់នាវាមកពីប្រទេសចិន ចូលចតនៅកំពង់ផែ នៅក្នុងប្រទេសរបស់លោកស្រី ។
តាមការលើកឡើងរបស់លោកស្រី Wan Ismail បានឲ្យដឹងថា ការហាមប្រាម គឺជាវិធីសាស្ត្រទប់ស្កាត់ការឆ្លងរាលដាលវីរុស កូវីដ-១៩ បានយ៉ាងមានប្រសិទ្ធភាព ។ ការហាមប្រាមដោយសារតែអ្នកឆ្លងវីរុសកូវី១៩ មិនអាចរកឃើញភ្លាមៗ ក្នុងរយៈពេលខ្លី ៤-៥ថ្ងៃនោះឡើយ គឺជិតកន្លះខែ ទើបរកឃើញរោគសញ្ញា ។ ការហាមប្រាមខាងលើ ក្រោយពេលប្រទេសនេះ រកឃើញវីរុសកូវីដ-១៩ ឆ្លងដល់លោកយាយម្នាក់ អាយុ៨៣ឆ្នាំ ជនជាតិអាមេរិក នៅលើនាវាទេសចរណ៍ MS Westerdam ។ រដ្ឋាភិបាលម៉ាឡេស៊ី បានបញ្ជាក់ថា លោកយាយ វ័យ៨៣ឆ្នាំ ស្ថិតនៅក្នុងចំណោមអ្នកដំណើរ១៤៥៥នាក់ នៅលើនាវា MS Westerdam ដែលធ្លាប់បានចូលចត នៅកោះហុងកុង ហើយអាចឆ្លងមកពីពលរដ្ឋហុងកុង ។
ចំណែករាប់រយនាក់ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ កំពុងរៀបចំជម្លៀស ចេញពីនាវាទេសចរណ៍ខ្នាតយក្សមួយគ្រឿង បន្ទាប់ពីដាក់ដាច់ដោយឡែកពីប្រទេសជប៉ុន រយៈពេល២សប្ដាហ៍ ដោយសារតែវីរុសកូរ៉ូណា ឬកូវីដ-១៩ ។ នេះបើយោងតាមសារព័ត៌មាន The National ចេញផ្សាយ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ។
ប្រភពព័ត៌មានដដែល បានឲ្យដឹងថា អ្នកដំណើរតាមនាវាទេសចរណ៍ ជាជនជាតិអាមេរិកាំង ជាច្រើននាក់ កាលពីព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ បានធ្វើដំណើរតាមយន្ដហោះជម្លៀស វិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ ។ ប៉ុន្ដែថ្វីបើមានការខិតខំជម្លៀសយ៉ាងណាក្ដី ក៏មានអ្នកទេសចរជាង៧០នាក់ នៅលើនាវាទេសចរណ៍ Diamon Princess ត្រូវបានអះអាង កាលពីថ្ងៃទី១៦ ខែកុម្ភៈ ថាមានជំងឺថ្មី ។ ករណីនេះ ធ្វើឲ្យចំនួនអ្នកជំងឺកើនឡើង៣៥៥នាក់ នៅក្រៅទឹកដីចិន ។
លោក Katsunobu Kato រដ្ឋមន្រ្ដីក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព បានថ្លែងថា រហូតមកដល់ពេលនេះ យើងបានអនុវត្តការធ្វើតេស្ដ សម្រាប់បុគ្គលផ្ទាល់ខ្លួន ចំនួន១២១៩នាក់ ។ មនុស្ស៣៥៥នាក់ បានធ្វើតេស្ដ រកឃើញវិជ្ជមាន ហើយ៧៣នាក់ រកមិនបានបង្ហាញរោគសញ្ញានោះទេ ។
នាវាទេសចរណ៍ខ្នាតយក្សខាងលើ បានផ្ទុកអ្នកដំណើរ ជាង៣ពាន់នាក់បានជាប់ នៅក្នុងប្រទេសជប៉ុន ដោយសារការផ្ទុះវីរុសកូរ៉ូណា នៅដើមខែនេះ ទាំងអ្នកទេសចរ និងនាវិក ។
ជើងហោះហើរចំនួន២ បានប្រតិបត្តិការ ដោយក្រុមហ៊ុន Kalitta Air បានដឹកអ្នកដំណើរជនជាតិអាមេរិក ពីរទៅបីរយនាក់ ពីកប៉ាល់ ហើយចាប់ផ្ដើមចេញពីអាកាសយានដ្ឋាន Haneda នៅព្រឹក ថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ។ ក្រុមហ៊ុនអាកាសចរណ៍នេះ បានចូលរួមក្នុងប្រតិបត្តិការជម្លៀស មុនសហរដ្ឋអាមេរិក ដោយសារការផ្ទុះវីរុស នៅប្រទេសចិន ។ ចាប់ពីម៉ោង១១យប់ ថ្ងៃទី១៦ ខែកុម្ភៈ គេឃើញពលរដ្ឋអាមេរិកាំង ចាកចេញពីនាវាទេសចរណ៍ Diamon Princess ហើយឡើងយន្ដហោះត្រឡប់ទៅកាន់អាមេរិកវិញ ។
ជាមួយគ្នានេះ កាណាដា កូរ៉េខាងត្បូង ហុងកុង និងអ៊ីតាលី បានធ្វើឡើង តាមអាមេរិក ក្នុងការជម្លៀសប្រជាពលរដ្ឋរបស់ខ្លួន វិលត្រឡប់ទៅប្រទេសកំណើតវិញ ក្រោយពេលនាវាទេសចរណ៍នោះ ត្រូវឃាត់ទុកឲ្យនៅដាច់ដោយឡែក ចាប់តាំងពីថ្ងៃទី៣ ខែកុម្ភៈ នោះមក ។
អាជ្ញាធរបណ្ដាប្រទេសជាច្រើន បានថ្លែងថា អ្នកដំណើរគួរតែមានមិនរោគសញ្ញា ពេលឡើងជិះយន្តហោះ ហើយទុកដាច់ឆ្ងាយពីគេ នៅពេលទៅដល់ប្រទេសកំណើត ។
លោក Matthew Smith អ្នកដំណើរម្នាក់នៅលើនាវាទេសចរណ៍នោះ បានថ្លែងថា មន្រ្ដីអាមេរិកបានណែនាំឲ្យពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ហើយមន្រ្ដីអាមេរិក បានចូលពិនិត្យមើលបន្ទប់របស់គាត់ និងសួរនាំគាត់ថា ចង់នៅលើនាវា ឬត្រឡប់ទៅប្រទេសកំណើត ។
ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅទីក្រុងតូក្យូ បានថ្លែងថា ស្ថិតក្នុងស្ថានភាពបែបនេះ អ្នកដំណើរអាមេរិក នៅលើនាវានោះ នឹងមានជម្រើស តាមជើងហោះហើរ ដើម្បីវិលត្រឡប់ទៅប្រទេសកំណើតវិញ រហូតដល់ថ្ងៃទី៤ ខែមីនា ។
យោងតាមការផ្សាយរបស់ប្រភព wikipedia បានបញ្ជាក់ថា គិតចាប់តាំងពីការផ្ទុះនូវវីរុសកូរ៉ណា នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្ដាលប្រទេសចិន នាអំឡុងខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃទី១៧ ខែកុម្ភៈ នៅប្រទេសចិន មានអ្នកឆ្លងជំងឺកូរ៉ូណា សរុប ៧០៤៥០នាក់, ស្លាប់ ១ ៧៦៥នាក់ ។ ដោយឡែកអ្នកជំងឺ ១០៤៣៥នាក់ បានចាកចេញពីមន្ទីរពេទ្យវិញហើយដែរ៕