ខេត្តកំពង់ស្ពឺ៖ ម៉ាស៊ីនអារឈើមួយកន្លែង ត្រូវបានប្រភពបង្ហើបថា មិនមានច្បាប់អនុញ្ញាតនោះទេ ហើយអាជ្ញាធរ និងសមត្ថកិច្ចវិញហាក់ព្រងើយកន្តើយមិនយកចិត្តទុកដាក់បង្ក្រាបឡើយ ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅចំណុចភូមិវាលពន់ ឃុំវាលពន់ ស្រុកថ្ពងក្នុងមូលដ្ឋានពួកគាត់ឈ្មួញឈើម្នាក់ឈ្មោះ នៅ និងប្រពន្ធឈ្មោះ ណា បានដាក់ម៉ាស៊ីនរ៉ៃអារឈើយ៉ាងរលូន ដោយគ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបឡើយ ។
ប្រភពបន្តថា បច្ចុប្បន្នក្នុងមូលដ្ឋានពួកគាត់នៅតែមានបទល្មើសព្រៃឈើកើតឡើងយ៉ាងអនាធិបតេយ្យ ព្រោះមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធានការទប់ស្កាត់នោះទេ ។
ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ ចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើក្នុងឃុំវាលពន់ ស្រុកថ្ពង ជាបន្ទាន់ក៏ដូចជាបង្ក្រាបល្បែងស៊ីសងខុសច្បាប់ក្នុងឃុំវាលពង់ដែលកើតឡើងយ៉ាងរាលដាលផងដែរ ។
ប្រភពបានឲ្យដឹងទៀតថា នៅចំណុចដែលឈ្មួញដាក់ម៉ាស៊ីនរ៉ៃអារឈើនោះក៏មានបើកលេងល្បែងបៀអាប៉ោងយ៉ាងពេញបន្ទុកដែរ ព្រោះមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចថ្នាក់ឃុំ ថ្នាក់ស្រុកមិនចាត់វិធានការទប់ស្កាត់ឡើយ ។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យថ្នាក់ដឹកនាំខេត្តក៏ដូចជានគរបាល និងដែលមានលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ ចាត់វិធានការបង្ក្រាបល្បែងស៊ីសងក្នុងឃុំវាលពន់ជាបន្ទាន់ដើម្បីកុំឲ្យអំពើចោរកម្ម និងបទល្មើសផ្សេងៗកើតឡើងយ៉ាងរាលដាលតទៅទៀត ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ក្រៅពីឈ្មួញឈ្មោះ នៅ និងប្រពន្ធឈ្មោះ ណា ដាក់ម៉ាស៊ីនរ៉ៃអារឈើយ៉ាងសុខស្រួលក្នុងភូមិវាលពន់ គឺមានឈ្មួញដឹកជញ្ជូនឈើឆ្លងកាត់មូលដ្ឋានពួកគាត់យ៉ាងរលូនព្រោះគ្មានសមត្ថកិច្ចណាទប់ស្កាត់ឡើយ ។ មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកថ្ពង គិតតែពីរឿងប្រមូលលុយប៉ុណ្ណោះ ហើយមិនចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើដែលកើតឡើងយ៉ាងពេញបន្ទុកនោះទេ ព្រោះខ្លាចបាត់បង់ផលប្រយោជន៍ផ្ទាល់ខ្លួន ។
ប្រជាពលរដ្ឋសង្ឃឹមថា លោក សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ មិនបណ្តែតបណ្តោយតទៅទៀតឡើយ ចំពោះបញ្ហានេះព្រោះបច្ចុប្បន្ននៅក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានបទល្មើសព្រៃឈើ និងល្បែងស៊ីសងកំពុងកើតឡើងយ៉ាងពេញបន្ទុក៕ សេនាស័ក្តិ