ភ្នំពេញ៖ សិស្សសាលាម្នាក់ជាមេក្រុមចោរប្លន់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋតាមផ្លូវត្រូវបានកម្លាំងនគរបាល តាមចាប់ខ្លួនបានហើយ កាលពីវេលាម៉ោង៧ និង៤០នាទីយប់ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២០ នៅបុរីញូវថោន ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ហ៊ួយ សុភ័ក្រ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សសាលាឯកជន នៅជម្ជូវ័ន សង្កាត់ចោមចៅ៣ មានទីលំនៅភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បើតាមចម្លើយសារភាពជនសង្ស័យបានឲ្យដឹងថា ខ្លួនមានបក្ខពួកជាសិស្សសាលាដូចគ្នា ហើយខ្លួនជាប្រធានក្រុម ចោរប្លន់ ហើយជាអ្នកធ្វើសកម្មភាពផ្ទាល់តែម្តង ។
កន្លងមកធ្លាប់ធ្វើសកម្មភាពប្លន់ច្រើនលើកមកហើយ ក្នុងខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ ខេត្តកំពង់ស្ពឺ ។
តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ប៉ុន្មានថ្ងៃមកនេះ ក្រោយពីក្រុមជនសង្ស័យ ធ្វើសកម្មភាពប្លន់២លើកផ្ទួនៗគ្នា នៅក្នុងភូមិសាស្ត្រសង្កាត់ចោមចៅ៣ សមត្ថកិច្ច បានបើកការស្រាវជ្រាវ រហូតចាប់ខ្លួនបានជាបន្តបន្ទាប់សរុប៥នាក់ហើយ ក្រុមដៃដល់៣នាក់ ទទួលផលចោរកម្ម២នាក់ ហើយនៅមានបក្ខពួកសេសសល់ សមត្ថកិច្ចកំពុងស្រាវជ្រាវ ចាំសហការចូលទៅចាប់ដល់ក្នុងសាលា ដល់ផ្ទះតែម្តង ។
ជនសង្ស័យចាប់ខ្លួនលើកទី៥នេះ ត្រូវបាននាំខ្លួនទៅសាកសួរនៅផ្នែកជំនាញខណ្ឌ ដើម្បីកសាងសំណុំរឿង សិស្សសាលាជាចោរប្លន់ ទៅតុលាការ ។
ហើយនៅយប់ថ្ងៃដដែល ម្តាយរបស់ជនសង្ស័យខ្លាចកូនប្រុសសំណព្វ ជាចោរប្លន់អត់បាយហូប ខិតខំប្រឹងប្រែងចម្អិនម្ហូប ខ្ចប់បាយទឹកជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HL-4036 ធ្វើដំណើរស្កាត់យកបាយផ្គត់ផ្គង់ បំប៉នកូន នៅផ្នែកជំនាញខណ្ឌ គ្រាន់តែទៅដល់ ស្របពេលដែលកម្លាំងជំនាញកំពុងសាកសួរ ជុំវិញមធ្យោបាយជិះដើរធ្វើសកម្មភាព គ្រាន់តែឃើញម៉ូតូ ម្តាយជិះទៅដល់ ជនសង្ស័យចង្អុលបង្ហាញថាម៉ូតូមួយគ្រឿងហ្នឹងហើយដែលរូបគេ ឌុបបក្ខពួកដើរប្លន់ ប៉ូលិសឃាត់ម៉ូតូមួយគ្រឿងខាងលើ ជារបស់ចោរជិះដើរប្លន់ ទុកធ្វើកំណត់ហេតុដាក់បញ្ចូលក្នុងសំណុំរឿងបន្ថែមទៀត ៕ សុខាសែនជ័យ