ខេត្តស្ទឹងត្រែង: ដីភ្នំរបស់រដ្ឋមួយកន្លែង ដែលគ្រប់គ្រងដោយប្រធានមន្ទីតសាធារណការ និងដឹកជញ្ជូនខេត្ត បានលួចជីកកាយដឹកយកមក ចាក់ឲ្យឯកជន រាប់សិបរថយន្តប៉ែន ខ្នាតចំណុះ៤តោន ទៅ៨តោន នៅចំណុចជិតម្តុំផ្លូវបំបែក ចូលចំការលើ យកមកចាក់ ខាងកើតផ្លូវជាតិលេខ៩ ដែលគេដឹងថាឈ្មោះប្រាក់ សោភ័ណ ងារជាអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត អតីតប្រធានជញ្ជីងចល័តអូរពងមាន់ចាស់ ដោយមានការឃុបឃិតគ្នាជាមួយ នឹងលោករស់ សុខាន់ ដែលប្រធានមន្ទីរឲ្យចាំមើលខុសត្រូវដី នៅចំណុចចម្ងាយពីផ្លូវជាតិលេខ៩ ចូលទៅឃុំចំការលើ ស្ថិតក្នុងចំណុចភ្នំកូនក្អែក ភូមិអូរត្រែល ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ចូលប្រហែលជាជាង១គីឡូម៉ែត្រ ហើយលោករស់ សុខាន់ ខាងលើនេះជាអ្នកគ្រប់គ្រងសព្វថ្ងៃ ហើយក៏អតីតប្រធានជញ្ជីងចល័តអូរពងមាន់ដែរ ក្រោយពីដកលោកប្រាក់ សោភ័ណ ចេញ តែបច្ចុប្បន្ននៅលោកឌី ចាន់ណារិទ្ធ គ្រប់គ្រងជញ្ជីងបន្ត។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមការងារអ្នកសារព័ត៌មាន បានជួបនិងថតផ្តិតនូវសកម្មភាព កាយដីភ្នំរបស់រដ្ឋខាងលើ ដឹកយកមកចាក់ឲ្យដីឯកជនដែលគេស្គាល់ឈ្មោះប្រាក់ សោភ័ណ យ៉ាងគឃ្លើនដោយមិនបានជីក ឬកាយដឹក យកទៅបម្រើធ្វើផ្លូវ លូ ស្ពាន ឬបម្រើឲ្យសម្រាប់ប្រយោជន៍ សាធារណ:របស់រដ្ឋឡើយ។
ផ្ទុយទៅវិញបែរជាយកដីភ្នំរបស់រដ្ឋ ជីកកាយដឹកជញ្ជូន ចង់រលាយភ្នំទៅហើយ បែរជាយកមកចាក់ឲ្យឯកជន បម្រើបុគ្គលដែលជាមន្ត្រីអនុប្រធានមន្ទីរទៅវិញ។ នេះមិនខុសពីដូចពាក្យចរចាមអារ៉ាម ដែលគេនិយាយតៗគ្នាថា អាងតែគ្នាឯងជាអ្នកធំដូចគ្នា ឃុបឃិតគ្នា ធ្វើអ្វីក៏បានដែរ តែអ្នកតូចតាច អ្នកក្រីក្រ ទន់ខ្សោយខ្លាចអំណាច មិនហ៊ាន តែងតែជួបឧបសគ្គ រាំងស្ទះ អាចប្រឈមនឹងផ្លូវច្បាប់គ្រប់រូបភាព។
ជុំវិញការរិះគន់ខាងលើ លោករស់ សុខាន់ មន្ត្រី នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ថា: លោកបានឲ្យអាចម៍ដី ខាងលើនេះយកទៅចាក់ឲ្យដីលោកប្រាក់ សោភ័ណ ព្រោះគាត់ជាអនុប្រធានមន្ទីរសាធារណការខេត្តដែរ មិនបានលក់ទៅឲ្យឯកជនទេ ហើយលោកក៏បានរាយការណ៍ជូនទៅឲ្យលោក សរ គឹមណាត ប្រធានមន្ទីរសាធារណការខេត្តរួចហើយដែរ។
លោកបញ្ជាក់ថា ដីនេះលោកគ្រប់គ្រងសម្រាប់យកទៅ ធ្វើស្ពាន លូ ផ្លូវថ្នល់ បម្រើឲ្យតែសាធារណៈរបស់រដ្ឋតែប៉ុណ្ណោះ មិនបានលក់ចែកចាយ ទៅឲ្យឯកជនឡើយ។
ក្នុងរឿងនេះដែរ លោកសរ គឹមណាត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានប្រាប់អ្នកសារព័ត៌មានថា លោកអត់ដឹងទេ ពេលគេធ្វើនោះ ទើបតែបែកធ្លាយរឿងនេះដល់អ្នកសារព័ត៌មាន ទើបឃើញលោករស់ សុខាន់ មន្ត្រីនៃមន្ទីរសាធារណការខេត្តរាយការណ៍ប្រាប់ ថាលោកប្រាក់ សោភ័ណ សុំដីភ្នំខាងលើយកមកចាក់លើដីខ្លួន នៅជិតគ្នានោះដែរ ដែលទាប ហើយម្យ៉ាងទៀតគេនោះ ក៏ជាអនុប្រធានមន្ទីរដែរ មិនមែនដឹកលក់ឲ្យទៅបំរើឯកជនឡើយ យកផលប្រយោជន៍ឡើយ ហើយដីនេះពិតជាដីរបស់រដ្ឋ គ្រប់គ្រងដោយមន្ទីរសាធារណការខេត្ត ហើយលោកប្រគល់ឲ្យទៅលើករស់ សុខាន់ ជាអ្នកគ្រប់គ្រង មើលការខុសត្រូវក្នុងរឿងនេះ ក្រោយពីក្រសួងបានដកគាត់ចេញពី ប្រធានស្ថានីយជញ្ជីងថ្នល់អូពង់មាន់មក។
គួររំលឹកថា: តាមការឲ្យដឹងពីម្ចាស់រថយន្តដឹកដីលក់ ក៏ដូចម្ចាស់គ្រឿងចក្រកាយដីនោះ បាននិយាយថា គេតែងតែទៅដឹកដីនៅថាឡាបរិវ៉ាត់ ផ្លូវបំបែកចូលចំការលើ ព្រោះដីលាយក្រួសល្អ អ្នកទិញគេចង់បានតែថ្លៃបន្តិច ហើយម្ចាស់ផ្ទះជាអ្នកទិញអាចម៍ដីនោះថា ថ្លៃចុះឲ្យតែមានលាយក្រួស ឆាប់ហាប់រឹងមិនប្រលាក់ជើង តំលៃ១រថយន្ត៤ម៉ែត្រគូប ៦ម៉ឺនរៀល ហើយចំណែករថយន្តចំណុះ៨ម៉ែត្រគូប ១រថយន្ត១២ម៉ឺនរៀល តំលៃទិញពីកន្លែងដីលក់ឲ្យ ដែលជារបស់សាធារណការនោះ គេលក់ឲ្យតំលៃ៤ម៉ឺនរៀលក្នុងមួយរថយន្តប៉ែន ។
ប្រភពពីប្រជាពលរដ្ឋនៅក្បែរនោះបាននិយាយថា គេតែងតែឃើញរថយន្តដឹកដីលក់ឲ្យឯកជន ដឹកចេញពីទីទួលភ្នំខាងលើជារឿយៗ ហើយម្យ៉ាងទៀតដីភ្នំខាងលើនោះធំណាស់ ហើយមានទំហំវែង តែឥឡូវជិតរលាយហើយ មិនត្រឹមតែដឹកយកទៅធ្វើផ្លូវ ចាក់គ្រឹះស្ពាន ឬលូតែប៉ុណ្ណោះទេ ព្រោះមានអេស្គានៅឈររង់ចាំត្រៀម បើមានរថយន្តដឹកដីណា មកសួរទិញ គេនឹងកាយលក់ឲ្យ ព្រោះដីលាយក្រួសចាក់ធាផ្ទះល្អណាស់ ។ គេថា បើមាន់ពងលើស្រូវ វាតែងតែស៉ីស្រូវហើយ ៕ មាស សុផាត