ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យខូចចិត្តមានជំងឺប្រចាំកាយស្ត្រីម្នាក់ចង.កសម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ​៖​ ស្ត្រីវ័យ៤០ឆ្នាំម្នាក់ សង្ស័យតែមានវិបត្តិក្នុងចិត្ត ព្រោះមានជំងឺប្រចាំកាយ ស្រាប់តែធ្វើអត្តឃាតចង.ក សម្លាប់ខ្លួននៅក្នុងផ្ទះជាន់ឡៅតឿ ស្លាប់ចោលកូនប្រុស៣នាក់ និងប្ដីឲ្យឯកោ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងជាខ្លាំង នាវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងភូមិថ្មគោលទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានបញ្ជាក់ថា សពស្ត្រីរងគ្រោះខាងលើមានឈ្មោះ ហេង សិត អាយុ៤០ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ និងមានស្រុកកំណើតក្នុងភូមិសង្កែជ្រុំ ឃុំទឹកថ្លា ស្រុកព្រៃវែង ខេត្តព្រៃវែង ។ ដោយគាត់មានប្ដី និងកូនប្រុសចំនួន៣នាក់ ។

ប្រភពពីអ្នកជិតខាងបានប្រាប់ឲ្យដឹងថា នៅថ្ងៃកើតហេតុ ប្ដីរបស់គាត់បានចេញទៅឡើងផ្ទះគេនៅខេត្ត ហើយពេលកើតហេតុ កូនប្រុសរបស់គាត់បានចេញពីសាលាមកដល់ផ្ទះ ស្រាប់តែទ្វាជាប់គន្លះ ក៏បានស្រែកហៅម្ដាយជាច្រើនដងតែមិនតប ទើបកូនគាត់និងអ្នកជិតខាងនាំគ្នាជួយគាស់ទ្វាបើកមើល ក៏ម្ដាយចង.ក នៅជាន់ឡៅតឿ ទើបប្រញាប់កាត់ខ្សែចំណងទំលាក់ចុះ តែអកុសលស្ត្រីរងគ្រោះខាងលើបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

ក្រោយមកប្រជាពលរដ្ឋក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ហើយសមត្ថកិច្ចក៏បានទាក់ទងទៅខាងជំនាញកោសល្យវិច័យ ដើម្បីត្រួតពិនិត្យ ទើបដឹងថា ជនរងគ្រោះពិតជាធ្វើអត្តឃាត ចង.កសម្លាប់ខ្លួនឯងពិតប្រាកដមែន រួចធ្វើឯកសារប្រគល់សពឲ្យទៅសាច់ញាតិដឹកយកទៅស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ


ចែករំលែក៖