ព័ត៌មានទាន់ហេតុការណ៍៖

កញ្ញាឯកដេត ស្រីនាថ ពន្យារពេលចូលសិល្បៈ ព្រោះជាឆ្នាំប្រឡងបាក់ឌុប

ចែករំលែក៖

ភ្នំពេញ៖ កញ្ញាឯក Miss Grand Cambodia 2019 កញ្ញា ដេត ស្រីនាថ បានប្រកាសពន្យារពេលទទួលយកការងារសិល្បៈមួយចំនួន ដើម្បីទុកពេលវេលាឲ្យបានគ្រប់គ្រាន់ដើម្បីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ។

ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្រោយពីនាងទើបនឹងខកខានឱកាសចេញៅប្រកួត កម្មវិធីសម្រស់អន្តរជាតិ Miss Grand International 2019 កាលពីចុងឆ្នាំ ២០១៩ នៅប្រទេសវេណេហ្ស៊ុយអេឡានោះ ។

ខកខាន ព្រោះតែអ្នកផលិតកម្មវិធីបារម្ភពីសុវត្ថិភាពនាងចេញទៅប្រកួតគ្រាដែលប្រទេសនេះ មានបញ្ហាអន្តិសុខនោះ ។ បច្ចុប្បន្ន កញ្ញា ដេត ស្រីនាថ មានអាយុ១៨ឆ្នាំ​ កម្ពស់ 165cm សព្វថ្ងៃកំពុងសិក្សាថ្នាក់ទី១២ នៅសាលា ឯកជន និងធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសផងដែរ ។ កញ្ញាអាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អ មានសមត្ថភាពរាំរបាំបុរាណខ្មែរ បកស្រាយបទចម្រៀង លេងឧបករណ៍តន្រ្តីព្យាណូ និងដើរម៉ូដ ថែមទៀតផង ។

ក្រៅពីទេពកោសល្យសិល្បៈផ្នែកតន្ត្រី និងចំណេះដឹងផ្ទាល់ខ្លួន នាងក៏ត្រូវបានគេប្រដូចមុខមាត់ទៅនឹងតារាសម្តែងស្រីម៉ាកសែន សូនីតា ហៅ តូតា ផងដែរ ។ ក្នុងជំនួបផ្ទាល់កាលពីថ្មីៗនេះ ដេត ស្រីនាថ បញ្ជាក់ថា នាងទើបតែទទួលបានការងារសិល្បៈខ្លះ ប៉ុណ្ណោះ ហើយមិនទាន់ទទួលយកការងារសិល្បៈ ពិសេសផ្នែកសម្តែងដែលប្រើប្រាស់ពេលវេលាយូរ ។ នាងថាឆ្នាំនេះ នាងត្រូវទុកពេលវេលាច្រើនផ្តោតលើការសិក្សា ដែលនាងនឹងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងអំឡុងខែសីហាខាងមុខនេះ ។

នាងថា បើទោះបីជាមិនមានបទពិសោធន៍ច្រើនលើការសម្តែង ប៉ុន្តែនាងថា មិនមែនជាឧបសគ្គខ្លាំងសម្រាប់នាងឡើយ ប៉ុន្តែនាងត្រូវសំឡឹងមើលពេលវេលានៅថ្ងៃខាងមុខថា នាងអាចជ្រៀតចូលវិស័យមួយនេះយ៉ាងដូចម្តេច ខណៈថ្មីៗនេះ នាងទើបនឹងបញ្ចប់ការថតម៉ូដសម្លៀកបំពាក់ និងសម្អាងការមួយចំនួននៅភ្នំពេញប៉ុណ្ណោះ ។

គួររំលឹកថាកញ្ញា ដេត ស្រីនាថ ជាប់ជ័យលាភីជាកញ្ញាឯកក្នុងអំឡុងខែកញ្ញា ឆ្នាំ ២០១៩ នាងធ្លាប់មានគម្រោងតំណាងកម្ពុជាទៅប្រកួត Miss Grand International 2019 នៅប្រទេសវេណេហ៊ុយអេឡា ដែលវគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ប៉ុន្តែត្រូវខកខាន ព្រោះតែអ្នកផលិតកម្មវិធីបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ។ សម្រាប់ឆ្នាំ ២០២០នេះ ការផលិតកម្មវិធីត្រូវបានផ្លាស់ប្តូរដោយការរៀបចំកម្មវិធីក្នុងប្រទេស ត្រូវបានផលិតដោយផលិតកម្មមហាហង្ស ដែលនឹងចាប់ផ្តើមក្នុងពាក់កណ្តាលឆ្នាំ២០២០តទៅ ៕ វឌ្ឍនា


ចែករំលែក៖