ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌដូនពេញ ប្រារព្ធពិធីអបអរសាទរពានរង្វាន់ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី២ របស់ខណ្ឌដូនពេញរាជធានីភ្នំពេញ ឆ្នាំ២០២០-២០២២

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃថ្ងៃអាទិត្យ ១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋបាលខណ្ឌដូនពេញ បានប្រារព្ធពិធីអបអរសាទរពានរង្វាន់ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី២ របស់ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលរដ្ឋបាលខណ្ឌដូនពេញ តំណាងរាជធានីភ្នំពេញទាំងមូល បានទទួលកាលពីពេលថ្មីៗកន្លងមក ។

ពិធីដង្ហែពានរង្វាន់ខាងលើនេះមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ ថ្នាក់ដឹកនាំរួមមាន: លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងភិរយា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក លោកស្រីប្រធានមន្ទីរពាក់ព័ន្ធ លោក លោកស្រីអភិបាលរងខណ្ឌ លោកលោកស្រីសមាជិកក្រុមប្រឹក្សាខណ្ឌ-សង្កាត់ទាំង១១ មន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខណ្ឌ-សង្កាត់ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ ក្រុមយុវជនកាយរិទ្ធកម្ពុជា ក្រុមយុវជនកាកបាតក្រហមកម្ពុជា ក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា សិស្សានុសិស្ស បុគ្គលិកក្រុមហ៊ុនស៊ីនទ្រី សមាគមអភិរក្សស៊ីក្លូកម្ពុជា និងប្រជាពលរដ្ឋ ចូលរួមសរុបប្រមាណ ៤,២០០អង្គ/នាក់ ។

ពិធីដង្ហែពានរង្វាន់ដ៏មហោឡារិកនេះ បានប្រារព្ធធ្វើនៅតាមបណ្ដោយតីរវិថីព្រះស៊ីសុវត្ថិ ដោយបានដង្ហែដោយថ្មើរជើងចាប់ពីខាងមុខព្រះបរមរាជវាំង រហូតដល់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និងមានការអានសារអបអរសាទររបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសន្ទរកថារបស់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងមានកម្មវិធីប្រគុំតន្ត្រី និងបង្ហោះប៉ោងប៉ោងជានិម្មិតរូបផងដែរ ៕ស តារា


ចែករំលែក៖