ភ្នំពេញ៖ យុវសិស្សថ្នាក់ទី៧ នៃវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័នបានស្លាប់ភ្លាមៗនៅនឹងកន្លែងនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដោយជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុកពីក្រោយកន្ទុយរ៉ឺម៉កម៉ូតូ១គ្រឿងពេញទំហឹងបណ្ដាលឲ្យដួលបោកក្បាលផ្ទប់នឹងថ្នល់បែកហូរឈាម ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមផ្លូវបេតុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះខាងលើមានឈ្មោះ សេន វិសាល ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្សថ្នាក់ទី៧ វិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន មានទីលំនៅភូមិព្រៃសណ្តែក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុក្មេងប្រុសខាងលើ បានជិះម៉ូតូ១គ្រឿង ម៉ាក ហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HN-1852 ចេញពីផ្ទះទៅរៀន ប៉ុន្តែដោយមិនទាន់ដល់ម៉ោងត្រូវចូលរៀន យុវសិស្សរូបនេះ រួមនឹងមិត្តភក្តិមួយចំនួនទៀត ក៏បាននាំគ្នាជិះម៉ូតូទៅដើរលេងនៅក្នុងវត្តត្រពាំងឈូក ស្ថិតនៅក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ។ លុះក្រោយពីលេងអស់ចិត្ត បាននាំគ្នាជិះម៉ូតូត្រឡប់ទៅកាន់វិទ្យាល័យហ៊ុនសែនជម្ពូវ័ន វិញ ដោយបានបើកបរធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ស្របទិសគ្នាជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿង និងរថយន្ត១គ្រឿងទៀត ។
ប្រភពដដែលបានបន្តទៀតថា លុះដល់កន្លែងកើតហេតុ ម៉ូតូសណ្ដោងរ៉ឺម៉ក និងរថយន្តមិនស្គាល់ម៉ាក ដែលកំពុងបើកបរនៅខាងមុខបានបន្ថយល្បឿនលឿន ដើម្បីចៀសគ្នា ដែលជាហេតុធ្វើឲ្យយុវសិស្សខាងលើវាក់អឺ គេចចេញមិនទាន់ព្រោះតែបើកលឿនពេល ទើបបុកកន្ទុយរ៉ឺម៉កពីក្រោយពេញទំហឹង បណ្ដាលឲ្យដួលបោកផ្ទប់ថ្នល់បែកហូរឈាមនិងបាក់ដៃ បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង បន្ទាប់មករ៉ឺម៉កម៉ូតូ និងរថយន្តបានបន្តដំណើរទៅមុខទៀតបាត់ស្រមោល ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោម និងនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យចុះទៅអន្តរាគមន៍ភ្លាមៗ និងបានប្រគល់សពជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខា សែនជ័យ