ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានភាពនយោបាយនៅក្នុងប្រទេសម៉ាឡេស៊ី ប្រែប្រួលកាន់តែអាក្រក់ ព្រះមហាក្សត្រ ចូលរួមដោះស្រាយ

ចែករំលែក៖

ស្ថានភាពនយោបាយនៅក្នុងប្រទេសម៉ាឡេស៊ី​កាន់តែ ចច្របូលច្របល់ ក្រោយពេល នាយរដ្ឋមន្ត្រី​ដាក់លិខិតលាលែងចេញពីតំណែង​។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីវ័យ ៩៤ឆ្នាំ លោក មហាធៀ មហំាម៉ាត់ នៅថ្ងៃទី២៤ ខែកុម្ភៈ បានសម្រេចចិត្ត លាលែងចេញពីតំណែងហើយ ដោយបានធ្វើឱ្យប្រទេសម៉ាឡេស៊ី ធ្លាក់ចូលទៅក្នុងវិបត្តិនយោបាយថ្មីមួយ មិនដល់រយៈពេល 0២ឆ្នាំផងក្រោយលោកទទួលបានជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើល នៅក្នុងការបោះឆ្នោតសកលកាលពីឆ្នាំ២០១៨។

ការលាលែងចេញពីតំណែងនេះ ធ្វើឡើងក្រោយលេចលឺព័ត៌មានថា មានកិច្ចពិភាក្សាជាមួយគណបក្សប្រឆាំង ដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយ ដោយមិនមានលោក អាន់វ៉ា អ៉ីប្រាហ៊ីម (Anwar Ibrahim) ដែលជាមនុស្សម្នាក់ត្រូវបានលោកសន្យាថា នឹងប្រគល់អំណាចឱ្យ ហើយក៏ជាមនុស្សម្នាក់ ដែលលោកផ្ទាល់ធ្លាប់ចាប់ដាក់ពន្ធនាគារកាលពីឆ្នាំ១៩៩៩ ផងដែរ។

នៅពេលនេះមន្ត្រីព្រះបរមរាជវាំងម៉ាឡេស៊ី បានរាយការណ៍ឲ្យដឹងថា សមាជិកសភាម៉ាឡេស៊ីទាំងអស់ លើកលែងលោក មហាធៀ មហាំម៉ាត់ចេញ ត្រូវបានព្រះមហាក្សត្រម៉ាឡេស៊ី ព្រះចៅ អាប់ឌុលឡាហ៍ ប៊ីលឡាហ៍ ហ្សាហ៍ (Abdullah Ri’ayatuddin Al-Mustafa Billah Shah) កោះហៅឲ្យចូលគាល់ព្រះអង្គម្នាក់ម្តងៗ ដើម្បីបញ្ជាក់ឲ្យដឹងថាតើនរណាគួរតែ ក្លាយជានាយករដ្ឋមន្ត្រីថ្មី។

នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារនេះ អ្នកនាំពាក្យព្រះបរមរាជវាំង លោក Ahmad Fadil បានថ្លែងឲ្យដឹងថា ព្រះមហាក្សត្រម៉ាឡេស៊ីនឹងជួបសម្ភាសន៍ ជាមួយសមាជិកសភា ម្តងម្នាក់ៗ ទាំង២២២រូប ក្នុងរយៈពេល ២ ទៅ ៣ថ្ងៃ ដោយបានចាប់ផ្តើមពីម៉ោង ២៖៣០រសៀលថ្ងៃនេះតែម្តង។ លោកបានបញ្ជាក់ទៀតថា សមាជិកសភាទាំងអស់នោះ ត្រូវបានជូនដំណឹងអំពីបទសម្ភាសន៍ជាមួយព្រះមហាក្សត្រតាំងពីម្សិលមិញមកម្លេះ។

លោក Ahmad Fadil បានបន្ថែមថា បទសម្ភាសន៍នេះគ្រោងនឹងបញ្ចប់ នៅថ្ងៃពុធសប្តាហ៍នេះ។ លោកបានពន្យល់ទៀតថា «អ្វីដែលកើតឡើងនៅថ្ងៃនេះ និងថ្ងៃស្អែក គឺសមាជិកសភា ទាំងអស់ ត្រូវបានកោះអញ្ជើញឲ្យចូលសម្ភាសន៍ផ្ទាល់ជាមួយព្រះមហាក្សត្រ ហើយការសម្ភាសន៍នេះទៀតសោត ក្នុងម្នាក់ៗមានរយៈពេលចន្លោះតែ ២ ទៅ ៣នាទីប៉ុណ្ណោះ»។

គួរជម្រាបថា ព្រឹត្តិការណ៍នយោបាយថ្មីៗ ដែលកំពុងកើតមានឡើងនៅប្រទេសម៉ាឡេស៊ី គឺវាបានផ្ទុះឡើងក្រោយពេលដែលលោក មហាធៀ មហាំម៉ាត់ បានថ្វាយលិខិតលាលែងតំណែង ជានាយករដ្ឋមន្ត្រី ទៅកាន់ព្រះមហាក្សត្រយ៉ាងតក់ក្រហល់ និងគួរឲ្យភ្ញាក់ផ្អើលបំផុតកាលពីថ្ងៃចន្ទម្សិលមិញ។ ព្រះមហាក្សម៉ាឡេស៊ីព្រះចៅ អាប់ឌុលឡាហ៍ ប៊ីលឡាហ៍ ហ្សាហ៍ (Abdullah Ri’ayatuddin Al-Mustafa Billah Shah) បានសម្រេចព្រះទ័យយល់ព្រមឲ្យលោក មហាធៀ មហាម៉ាត់ (Mahathir Mohamad) លាលែងចេញពីតំណែងហើយ ប៉ុន្តែទ្រង់ក៏បានសម្រេចឲ្យលោក ស្ថិតនៅជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នសិន រហូតដល់គណៈរដ្ឋមន្ត្រីថ្មីត្រូវបង្កើតឡើង។

នៅពេលនេះគេមិនអាចនិយាយឲ្យប្រាកដ ១០០ភាគរយនោះទេ ព្រោះវាអាចទៅរួចដែលថា លោក មហាធៀ នឹងត្រឡប់មកដឹកនាំរដ្ឋាភិបាលថ្មីមួយ បើសិនជាលោកអាចប្រមូលបានសំឡេងគាំទ្រ ភាគច្រើនពីសមាជិកសភា ខណៈក្រុមអ្នកនយោបាយ និងសមាជិកសភាមួយចំនួនធំ នាំគ្នាបង្ហាញការគំាទ្រឱ្យលោក បន្តកាន់តំណែងជានាយករដ្ឋមន្ត្រីដដែល។ ម្យ៉ាងវិញទៀត ថ្វីបើព្រះមហាក្សត្រម៉ាឡេស៊ី ទទួលយកលិខិតលាលែងចេញពីតំណែងក៏ដោយ ក៏ទ្រង់នៅតែតែងតាំងឱ្យលោក មហាធៀ បន្តកាន់តំណែងជានាយករដ្ឋមន្ត្រីស្ដីទីដដែល ហើយនៅត្រង់ចំនុចនេះ តំណែងជានាយករដ្ឋមន្ត្រីរបស់លោក នឹងគ្មានព្រំដែនកំណត់ច្បាស់លាស់ ពោលគឺលោកអាចកាន់អំណាច រហូតដល់នាយករដ្ឋមន្ត្រីថ្មីត្រូវបានតែងតាំង និងគណៈរដ្ឋមន្ត្រីថ្មីត្រូវបានបង្កើតឡើង។

ការលាលែងរបស់លោក មហាធៀ វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលធំដំអ្វីនោះទេ បើគិតឲ្យបានស៊ីជម្រៅជាងអ្វីដែលយើងមើលឃើញ។ លោកធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី ពីឆ្នាំ១៩៨១ ដល់ឆ្នាំ២០០៣។ នៅឆ្នាំ២០០៣ លោក បានលាលែងចេញពីតំណែងម្ដងរួចមកហើយ តែបានត្រឡប់ចូលឆាកនយោបាយសាជាថ្មី នៅឆ្នាំ២០១៧ បន្ទាប់ពីប្រកាសដើរចេញពី គណបក្សអង្គការសម្ព័ន្ធជាតិម៉ាឡេ UMNO ដែលលោកធ្លាប់រួមរស់ជាមួយនឹង អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) រួមទាំងលោក Anwar ផងដែរ។ លោក មហាធៀ នៅពេលនោះបានអំពាវនាវឱ្យលោក ណាជីប ដែលជាអតីតសម្ព័ន្ធមិត្ត និងជាកូនសិស្សរបស់លោក លាលែងចេញពីតំណែង ដោយសារជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវពុកលួយ លើលុយរដ្ឋរាប់ពាន់លានដុល្លារ។

លោក មហាធៀ បានបង្កើតគណបក្សថ្មីឈ្មោះថា ប៊ឺសាទូ (Bersatu) ហើយក្រោយមកបានចូលរួមជាមួយ គណបក្សប្រឆាំងរបស់លោក Anwar បង្កើតជាគណបក្សចម្រុះ Pakatan Harapan (PH)។ លោក មហាធៀ បានសន្យាថា លោកនឹងស្នើឱ្យព្រះមហាក្សត្រលើកលែងទោស ក៏ដូចជាប្រគល់តំណែងជានាយករដ្ឋមន្ត្រី ឱ្យលោក Anwar បើសិនជាក្រុមចម្រុះអាចបណ្ដេញ លោក Najib ពីតំណែង និងផ្ដួលគណបក្ស UMNO បាន។

នៅឆ្នាំ២០១៨ លោក មហាធៀ បានដឹកនាំក្រុមចម្រុះនៃគណបក្សប្រឆាំង ដោយយកឈ្នះលើគណបក្ស UMNO របស់លោក Najib នៅក្នុងការបោះឆោតសកល នៅថ្ងៃទី០៩ ខែឧសភាឆ្នាំដដែល ដោយបញ្ចប់ការគ្រប់គ្រងប្រទេសដោយគណបក្ស UMNO អស់រយៈពេលជាង ៦០ឆ្នាំមកនេះ។ មួយសប្ដាហ៍ក្រោយទទួលបានជ័យជម្នះនេះ លោក Anwar ទទួលបានការលើកលែងទៅសពីព្រះមហាក្សត្រ តែរហូតមកទល់នឹងបច្ចុប្បន្ន ការសន្យាប្រគល់តំណែងនាយករដ្ឋមន្ត្រី ដែលលោក មហាធៀ ថានឹងធ្វើឡើងមិនឱ្យលើសរយៈពេល ០២ឆ្នាំ មិនទាន់កា្លយជាការពិតនៅឡើយទេ រីឯលោក Najib វិញកំពុងប្រឈមមុខការជាប់ពន្ធនាគារ ពីបទពុករលួយលើលុយរដ្ឋរាប់ពាន់លានដុល្លារ។

លោក មហាធៀ ធ្លាប់រួមដៃគ្នាជាមួយលោក ណាជីប ចាប់លោក Anwar ដាក់គុក ហើយក្រោយការបោះឆ្នោតឆ្នាំ២០១៨ លោកបានរួមដៃគ្នាជាមួយលោក អាន់វ៉ា ចង់ចាប់លោក ណាជីប ដាក់គុកវិញម្ដង។ «ក្នុងនយោបាយគ្មានសត្រូវរហូត ហើយក៏គ្មានមិត្តរហូតនោះដែរ មានតែផលប្រយោជន៍តែមួយគត់»។ នេះគឺជាប្រយោគដែលគេតែងតែយកមករៀបរាប់ អំពីរបត់នយោបាយនៅក្នុងប្រទេសម៉ាឡេស៊ី៕


ចែករំលែក៖