ប្រទេសមហាអំណាចនៅលើពិភពលោកបានចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញការឆ្លងរាលដាលវីរុសកូវីដ-១៩ នៅលើពិភពលោកទាំងមូល ។ បច្ចុប្បន្ន មាន១៤២ប្រទេសរកឃើញអ្នកឆ្លងកូវីដ-១៩ នេះជាជាប្រវត្តិសាស្ត្រ ដែលវីរុសផ្លូវដង្ហើម ឆ្លងច្រើនប្រទេសបំផុត ពិបាកទប់ស្កាត់បំផុត មិនធ្លាប់មាន។ កតាដែលពិបាកទប់ស្កាត់ គឺវីរុសនេះ មិនបានបង្ហាញអាការៈភ្លាមៗ គឺ១៤ថ្ងៃក្រោយទើបដឹក ។ដូច្នេះ ក្នុងរយៈពេលនោះ អ្នកជំងឺ អាចចម្លងទៅកាន់មនុស្សជាច្រើន។
តាមរបាការណ៍ចុងក្រោយរបស់អង្គការសុខភាពពិភពលោក (WHO)«ក្នុងរយៈពេល២៤ម៉ោង មនុស្សជិត១១,០០០នាក់ឆ្លងវីរុសកូរ៉ូណាថ្មី (COVID-19) នៅលើពិភពលោក ក្រៅពីចិន។ ស្ថានការណ៍នៃការរីករាលដាល គឺកាន់តែអាក្រក់ខ្លាំងឡើងៗហើយ។
បូកថែមតួលេខខាងលើនេះ ធ្វើឲ្យចំនួនអ្នកឆ្លងទូទាំងសកលលោកក្រៅពីចិន កើនឡើងរហូតដល់ ៧២,៤៦៩នាក់ ហើយប្រទេសដែលកំពុងរងគ្រោះធ្ងន់ធ្ងរបំផុតនាពេលនេះគឺ អ៉ីតាលីមានអ្នកឆ្លងជាង ២៤,០០០ករណី, អ៉ីរ៉ង់ជាង ១៣,០០០ករណី, កូរ៉េខាងត្បូងជាង ៨,០០០ករណី និងអេស្ប៉ាញជិត ៨,០០០ករណី។ ដោយឡែកសហរដ្ឋអាមេរិក អាល្លឺម៉ង់ បារាំង និងអង់គ្លេស ក៏កំពុងបង្ហាញសញ្ញាឈានទៅរកភាពធ្ងន់ធ្ងរខ្លាំងផងដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះមនុស្សសរុប ១៥៣,៥១៧នាក់ហើយបានឆ្លង COVID-19 នៅក្នុងបណ្តាប្រទេសចំនួន ១៤៤ នៅទូទាំងភពផែនដី ដែលមានប្រទេសផ្លូវការចំនួន ១៩៣ និងប្រជាជនសរុបជាង ៧ពាន់លាននាក់។ អង្គការសុខភាពពិភពលោក WHO បានអំពាវនាវឲ្យមនុស្សគ្រប់គ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ឲ្យបានខ្លាំងក្លាជាទីបំផុត ខណៈអគ្គលេខាធិការ UN បានប្រាប់ឲ្យគ្រប់ប្រទេស ធ្វើសង្គ្រាមដើម្បីកម្ចាត់ COVID-19 តែម្តង។
នៅពេលនេះប្រទេសមហអំណា អាមេរិក ចិន រុស្ស៊ី បានប្រើប្រាស់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩នេះ គឺជាឧបករណ៍នយោបាយដើម្បីវាយប្រហារគ្នាទៅវិញទៅមក។
សហរដ្ឋអាមេរិក និងចិន ក៏កំពុងចោទគ្នាទៅវិញទៅមកដែរ ថាជាចំណុចផ្តើមនៃជំងឺផ្លូវដង្ហើមនេះ។ ភាគីចិន បានចេញមុខតវ៉ា និងវាយបកទៅកាន់អាមេរិកយ៉ាងខ្លាំង ជាពិសេសនៅប៉ុន្មានថ្ងៃចុងក្រោយនេះ។
ជម្លោះក្នុងការចោទប្រកាន់គ្នាទៅវិញទៅមកនេះផ្ទុះឡើងខ្លាំង នៅពេលដែលចិនកើតទុក្ខមិនសុខចិត្តក្នុងការដែលខ្លួនហាក់ត្រូវបានអាមេរិក ស្តីបន្ទោសថាជាដើមចមធ្វើឲ្យមានការរីករាលដាលមេរោគកូរ៉ូណាថ្មី-កូវីដ១៩ នៅពាសពេញពិភពលោក។
ដោយសារតែ មិនអាចទទួលយកពាក្យសម្តីទាំងនោះ ចិនបានចេញមុខមកបដិសេធថា ទីក្រុងវូហានរបស់ខ្លួនមិនមែនជាប្រភពដើមនៃជំងឺផ្លូវដង្ហើមថ្មីឡើយ។ អ្នកនាំពាក្យ របស់ក្រសួងការពារការបរទេសចិនលោកហ្ស៊ែវ លីជៀន បានសរសេរនៅលើបណ្តាញសង្គមធ្វីតធ័រកាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះថា មេរោគកូរ៉ូណា ដែលផ្ទុះឡើងនៅទីក្រុងវូហាន អាចឆ្លងមុនគេចេញមកពីទាហានអាមេរិក ដែលស្នាក់នៅទីនោះទៅវិញទេ។
គួរកត់សម្គាល់ថា នៅមួយរយៈពេលចុងក្រោយនេះ អាមេរិក បានធ្វើឲ្យចិនខឹងសម្បាជាខ្លាំង ដោយសារតែថ្នាក់ដឹកនាំកំពូលៗរបស់អាមេរិក ប្រើប្រាស់ភាសានិយាយចំៗក្នុងន័យថា ចិនជាប្រភពចម្លងនៃមេរោគកូរ៉ូណាថ្មី។
ជាក់ស្តែង ប្រមុខការបរទេសអាមេរិក លោក ម៉ៃក៏ ប៉ុមប៉េអូ ធ្លាប់ហៅកូរ៉ណាវីរុស ថាជាវីរុសក្រុងវូហាន ខណៈដែលលោកប្រធានាធិបតីដូណាល់ ត្រាំ និងទីប្រឹក្សាសន្តិសុខជាតិអាមេរិក និយាយថាមេរោគកូរ៉ូណាថ្មីនេះមានប្រភពចេញពីប្រទេសចិន។
រដ្ឋាភិបាលទីក្រុងប៉េកាំង បានទាត់ចោលនូវការលើកឡើងដូច្នោះ និងបានចាត់ទុកការលើកឡើងទាំងអស់របស់ថ្នាក់ដឹកនាំអាមេរិកថា អសីលធម៌ រើសអើង និងគ្មានភាពទទួលខុសត្រូវ។ បន្ថែមលើនេះ ចិនបានបដិសេធ នូវរាល់ការផ្សព្វផ្សាយព័ត៌មានទាំងឡាយណា ដែលថា ខ្លួនជាប្រភពដើមនៃជំងឺផ្លូវដង្ហើមថ្មីកូវីដ-១៩ និងថាទាំងនោះ គឺជាព័ត៌មានមិនពិត គ្មានភស្តុតាងបញ្ជាក់បង្ហាញត្រឹមត្រូវ។
ទាក់ទងរឿងនេះ សាស្ត្រាជំនាញខាងជំងឺឆ្លងម្នាក់ នៅមហាវិទ្យាល័យមួយ ក្នុងទីក្រុងឡុងដ៍គឺលោកស្រីក្រីស ដូននេលី បាននិយាយថា បើតាមការការសិក្សាវិភាគលើគំរូហ្សែន ដែលប្រមូលមកពីទូទាំងពិភពលោក ករណីឆ្លងនៃមេរោគនេះ មានប្រភពចេញពីចិន។តែទោះជាបែបនេះក្តី លោកស្រីបានលើកឡើងដែរថា គេមិនត្រូវស្តីបន្ទោសប្រទេសណាមួយនោះទេ ជុំវិញការផ្ទុះឡើងនៃមេរោគកូរ៉ូណាថ្មីនេះ។
បើកគិតតាំងពីពេលចាប់ផ្តើមផ្ទុះឡើងមកទល់ពេលនេះរយៈពេលជិត៣ខែហើយ នៅតែមិនទាន់ រកឃើញថ្នាំបង្កានៅឡើយទេ ទុកឲ្យការឆ្លងរាលដាលយ៉ាងសេរីដល់ជាង១៤០ប្រទេស ។ ប្រទេសដែលមានវិស័យវេជ្ជសាស្ត្រខ្ពស់ បែជាមានអ្នកឆ្លងរាលដាលច្រើនទៅវិញ។ ចំណែកនៅតំបន់អាស៊ីវីញ ចិនល្អប្រសើពីកូវីដ ហើយ ចំណែកកូរ៉េខាងត្បូងវិញ ក៏មានអ្នកឆ្លង ធ្លាក់ចុះយ៉ាងខ្លាំងផងដែរ គឺក្រោម១០០នាក់ ក្នុងថ្ងៃ៕