ខេត្តមណ្ឌលគិរី៖ ប្រភពគួរអោយជឿទុកចិត្តបានបង្ហើបថា៖ សណ្ឋាគារមណ្ឌលគិរី ហៅសណ្ឋាគារ ស ឡា មានទីតាំងស្ថិតលើភ្នំ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានបើកដំណើរការអនឡាញ ប្រភេទល្បែងសុីសង ដែលមានថៅកែជាជនជាតិចិន និងខ្មែរជាមេការមើលការខុសត្រូវ។
គេពុំបានបញ្ជាក់អោយច្បាស់ថា ថៅកែឈ្មោះអីនៅឡើយទេ ប៉ុន្តែបើមានករណីនេះមែន ប្រាកដណាស់ថា បំពានទៅនិង សារាចរណ៍រាជរដ្ឋាភិបាល អាចប្រឈមនឹងការបង្ក្រាបពីគណៈបញ្ជាការឯកភាពខេត្ត ប៉ុន្តែលោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី មិនអាចទាក់ទងសុំការបំភ្លឺបានទេ នៅព្រឹកថ្ងៃអាទិត្យទី២៩ ខែមីនា ឆ្នាំ២០២០ នេះ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។ ដោយឡែកលោកឧត្តមសេនីយ៍ ឡោ សុខា ស្នងការនគរបាលខេត្ត ទូរស័ព្ទស្ថិតនៅក្រៅតំបន់សេវា នៅព្រឹកថ្ងៃខែដដែលនេះ។
បើយោងតាមសារាចរណ៍ រាជរដ្ឋាភិបាលលេខ ០៧ សរណន ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ស្តីពី៖ ការពង្រឹង ការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិក តាមរយៈអិនធើណេតអនឡាញ ក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ គឺរាជរដ្ឋាភិបាលណែនាំ មន្ត្រីនគរបាលយុត្តិធម៌ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនការស្រាវជ្រាវ បង្ក្រាបអាជីវកម្មភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិក ក្នុង និងក្រៅប្រទេស គ្រប់រូបភាព ដែលមិនមានអាជ្ញាប័ណ្ណពីក្រសួង ស្ថាប័នមានសមត្ថកិច្ច ។ ចំពោះអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីន អេឡិចត្រូនិក តាមរយៈអិនធើណេត អនឡាញ ក្នុងនិងក្រៅប្រទេស ដែលមានអាជ្ញាប័ណ្ណ ត្រូវអនុញ្ញាតឲ្យធ្វើសកម្មភាពរហូតផុតសុពលភាពដែលបានកំណត់ក្នុងអាជ្ញាប័ណ្ណ ។ បន្ទាប់ពីនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមិនបន្តសុពលភាពនៃអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់ប្រភេទនេះតទៅទៀតឡើយ ។ រាជរដ្ឋាភិបាលកបញ្ឈប់ការផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិកតាមរយៈអិនធើណេតអនឡាញ ក្នុង និងក្រៅប្រទេសនៅក្នុង និងក្រៅប្រទេស នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃចុះហត្ថលេខាលើសារាចរណែនាំនេះតទៅ។ ផ្ទុយទៅវិញបើ សណ្ឋាគារមណ្ឌលគិរី ហៅសណ្ឋាគារ ស ឡា មានបើកដំណើរការអនឡាញ ជាការបំពានច្បាប់ អាចប្រឈមក្នុងការបង្ក្រាប ។ ដូច្នេះអាជ្ញាធរខេត្ត ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត គួរស្រាវជ្រាវ ចៀសវាងមានការលួចលេងដោយគ្មានច្បាប់អនុញ្ញាត។
បើនៅច្រកទ្វារភាគីប៉ុស្តិ៧-ណាំលៀ ក៏មានបើកដំណើរអនឡាញ តាមម៉ាសុឺនអេឡិចត្រូនិក ជ្រកក្រោមកាសុីណូ។ ប៉ុន្តែគេបានរាយការណ៍បឋមថា៖ ទោះមាន(សជណ ) អោយបើកកាសុីណូក៏ដោយ ក៏ត្រូវស្នើសុំបើកអាជីវកម្មច្បាប់កាសុីណូបន្ថែមទៀត មិនអាចយក(សជណ ) ដែលមិនទាន់បានចេញច្បាប់កាសុីណូ ទៅដំណើរការឡើយ។ ផ្ទុយទៅវិញបើឈានដល់មានបើកប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិកតាមរយៈអិនធើណេតអនឡាញ នោះកាន់តែជាអំពើល្មើសច្បាប់ធ្ងន់ធ្ងរ៕ដោយ៖ សុខ ខេមរា