កំពង់ធំ៖ បើកគោយន្តកន្ត្រៃឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តកូរ៉េដឹកធ្យូងជាន់ហ្រ្វាំងមិនជាប់បណ្តាលឲ្យបុកដាច់ក្បាលកាឡេថង បណ្ដាលអោយរថយន្តក្រឡាប់ថ្ងារជើងតែសំណាងល្អមិនបង្ករគ្រោះថ្នាក់ដល់មនុស្ស ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៤៥នាទីព្រឹកថ្ងៃទី០២ខែ មេសា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ០៦ត្រង់ចំណុចភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានអោយដឹងថា ដំបូងគេឃើញគោយន្តកន្ត្រៃបើកបរឆ្លងកាត់ដងផ្លូវដោយខ្វះការប្រុងប្រយ័ត្ន ស្របពេលមានរថយន្តកូរ៉េដែលពាក់ស្លាកលេខ សៀមរាប 3A_0482 ដឹកធ្យូងពេញបានបួងដៃចង្កូតជ្រុលទៅខាងឆ្វេងដៃ ជាន់ហ្វ្រាំងអូសកង់ជាង១០ម៉ែត្របណ្តាលក្រឡាប់ផ្ងារកង់ឡើងលើតែមិនបណ្តាលស្លាប់មនុស្សនោះទេ ។
បើតាមសម្តីអ្នកបើកបររថយន្តដឹកធ្យូងបាននិយាយថា ពួកគេរួមដំណើរលើរថយន្តមានចំនួន៣នាក់ បើកបរចេញដំណើរពីខេត្តកំពង់ធំឆ្ពោះទៅក្រុងភ្នំពេញ ដើម្បីយកធ្យូងលក់ឲ្យម៉ូយ តែជាអកុសលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានគោយន្តកន្ត្រៃមួយគ្រឿងឆ្លងកាត់ខណៈរថយន្តពួកគេក៏មកដល់ប្រកិតគ្នាទៅហើយនោះ ដូច្នេះបង្ខំចិត្តបួងដៃចង្កូតឲ្យផុតដែរតែចៃដន្យអីគោយន្តកន្ត្រៃរុលក្បាលចូលមកចំពីមុខរថយន្តតែម្តង ដូច្នេះហើយទើបបណ្តាលក្រឡាប់រថយន្តរបស់ខ្លួន ប៉ុន្តែមិនបណ្តាអោយនរណាម្នាក់ក្នុងរថយន្តគ្រោះថ្នាក់ឡើយ ចំណែកអ្នកបើកបរគោយន្តកន្ត្រៃរងរបួសស្រាលបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកបារាយណ៏សន្ទុកផងដែរ។
ក្រោយកើតហេតុនគរបាលចរាចរណ៍ចុះវាស់វែងធ្វើកំណត់ហេតុប្រមូល វត្ថុតាងមានរថយន្តមួយគ្រឿង និង គោយន្តកន្ត្រៃទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករងចាំការដោះស្រាយតាមនីតិវិធីច្បាប់ ៕ដោយ៖ ប៊ុនរិទ្ធី