ខេត្តពោធិ៍សាត់៖ ខ្ទីងជាប្រភេទសត្វមួយ ដែលទទួលរងនូវការគំរាមកំហែងយ៉ាងខ្លាំង ហើយចំនួនរបស់វាមានការថយចុះគួរឱ្យព្រួយបារម្ភ។ មួយរយៈនេះក្រសួងបរិស្ថាន ដឹកនាំដោយ លោក រដ្ឋមន្ត្រី សាយ សំអាល់ បង្ហាញនូវភាពផុសផុល នៃការអភិរក្សការពារ គ្រប់ទីកន្លែង និងបន្តឃាត់ខ្លួនក្រុមព្រានព្រៃយកមកផ្តន្ទាទោសផងដែរ។
សូមបញ្ជាក់ថា៖ សត្វខ្ទីង កំពុងប្រឈមមុខនឹងការរងគ្រោះថ្នាក់ ដោយសារបាត់បង់ទីជម្រករស់នៅ ការបរបាញ់ដើម្បីយកសាច់, ស្នែង, ឆ្អឹង និងការជួញដូរ។ ខ្ទីង ស្ថិតនៅក្នុងក្រុមប្រភេទមានដោយកម្រ និងជាប្រភេទមានដង់ស៊ីតេរស់នៅកម្រិតទាប ហើយគេកម្រឃើញវារស់នៅ តាមវាលទំនាបណាស់ ពីព្រោះតែវាមិនចូលចិត្តកម្ដៅ។ សត្វប្រភេទនេះ ត្រូវបានចុះក្នុងបញ្ជីក្រ ហម IUCN ថាជាប្រភេទងាយរងគ្រោះថ្នាក់ជាសកល។ នេះបើយោងតាមសៀវភៅថនិកសត្វកម្ពុជា ដែលរៀបរៀងដោយ ម៉ែន សូរិយន់, សួន ផល្លា, ស៊ិន ប៉ូលីន និង Joe Walston ឆ្នាំ២០០៨។
សៀវភៅខាងលើបញ្ជាក់ថា៖ «ខ្ទីងរស់នៅក្នុងតំបន់មួយចំនួននៃប្រទេសកម្ពុជា ក្នុងនោះមានដូចជា ភូមិភាគឦសាន និងខាងជើង ខេត្តកោះកុង ពោធិ៍សាត់(ជួរភ្នំក្រវាញ) និងកំពង់ស្ពឺ។ ហើយរប៉ាយរស់នៅសត្វខ្ទីង ក៏មាននៅ ប្រទេសឥណ្ឌា រហូតដល់អាស៊ីអាគ្នេយ៍»។ សៀវភៅថនិកសត្វកម្ពុជាដដែល បន្តថា ខ្ទីងអាចរស់នៅបានពីតំបន់ទំនាបរហូតដល់ទៅរយៈកម្ពស់២រយម៉ែត្រ(តំបន់ខ្ពស់រាបនិងជួរភ្នំ)។ សត្វប្រភេទនេះ វាចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃល្បោះ វាលស្មៅ និងអាចរស់នៅរយៈកម្ពស់ខ្ពស់ជាងសត្វទន្សោង។
តាមមន្ត្រីជំនាញខាងអភិរក្សសត្វព្រៃ បានអោយដឹងថា៖ ប្រភេទអាហារដែលវាស៊ីមានដូចជា ល្បះខ្ចី ទំពាង ស្មៅ និងវល្លិ៍ជាដើម ហើយជាធម្មតាខ្ទីងចេញរកស៊ីនៅពេលព្រឹកព្រលឹម និងពេលល្ងាច។ ខ្ទីង ចូលចិត្តរស់នៅជាហ្វូង។ ចំពោះខ្ទីងញី អាចបង្កើតកូនបាន១ បន្ទាប់ពីពរពោះរយៈពេលពី ៩ខែ រីឯកូនរបស់វាមានពណ៌ត្នោត រហូតដល់វាមានអាយុពី៤-៥ខែ ទើបក្លាយទៅជាពណ៌ខ្មៅ។
សត្វខ្ទីងមានមាឌធំ ខ្លួនខ្មៅ បូកក្រាស់ លាតសន្ធឹងរហូតដល់ស្ទើរពាក់កណ្ដាលខ្នង ហើយមានកខ្លីបន្តិច រាង មាំដោយបួរនៅផ្នែកខាងក្រោម។ ចំណែកជើងទាំងបួនចាប់ពីជង្គង់ចុះក្រោមមានពណ៌ប្រផេះ រីឯនៅលើថ្ងាសមានរោមវែងពណ៌ប្រផេះ ឬលឿងមាសស្រាល។ ខ្ទីងញី មានមាឌតូច និងស្នែងតូច ហើយពុំសូវមានបូក និងបួរដូចខ្ទីងឈ្មោលទេ។ ស្នែងខ្ទីង មានរាងសំប៉ែតជាងស្នែងទន្សោង ហើយដុះមកពណ៌ប្រផេះខៀវ ផ្នែកគល់ ដុះចេញក្រៅរួចកោងឡើងទៅលើដូចទន្សោងដែរ។ ខ្ទីងមានទម្ងន់ពី៥០០-១០០០គីឡូក្រាម។ ខ្ទីងឈ្មោលពេញវ័យមានកម្ពស់១,៨៥-២ម៉ែត្រ រីឯញី១,៦០ម៉ែត្រ។
សត្វខ្ទីងជាប្រភេទសត្វកម្រ សូមជនរួមជាតិ ចូលរួមអភិរក្សការពារ និយាយថាទេ ការបរបាញ់សត្វព្រៃ និយាយថាទេ ការទទួលទានសត្វព្រៃ គឺស្រឡាញ់សត្វព្រៃ ដើម្បីជាការទាក់ទាញលើវិស័យទេសចរណ៍ ដែលជាប្រភពចំណូល នៃវិស័យសេដ្ឋកិច្ច ឧស្សាហកម្មឥតផ្សែង ៕ដោយ៖សហការី