ព័ត៌មានទាន់ហេតុការណ៍៖

សារព័ត៌មានអាមេរិក អះអាងថា៖ ការរីករាលដាលជំងឺឆ្លង COVID-19 លើកនេះ ធ្វើឱ្យអាមេរិកធ្លាក់ក្នុងភាពបែកបាក់គ្នាខាងនយោបាយយ៉ាងជ្រៅ

ចែករំលែក៖

សហរដ្ឋអាមេរិក៖ កាសែត The Washington Post បានចុះផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ (ក្នុងម៉ោងនៅវ៉ាស៊ីនតោន) ដែលមានចំណងជើងថា «វិបតិ្តគួរឱ្យពិភពលោក ភ្ញាក់ផ្អើល៖ ក្នុងការឆ្លើយតបរបស់អាមេរិកចំពោះ COVID-19» ដោយក្នុងអត្ថបទនេះ ចង់បញ្ជាក់ថាក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ នៃការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ប្រទេសជាច្រើនអាចគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លងនេះបាន ប៉ុន្តែសហរដ្ឋអាមេរិកវិញ បែរជាបានបង្ហាញឱ្យឃើញនូវភាពបរាជ័យ ដែលគួរឲ្យអ្នកផងទាំងពួកភ្ញាក់ផ្អើល ក្នុងការទប់ទល់នឹងជំងឺឆ្លងរាតត្បាតសកលនេះទៅវិញ។

កាសែត The Washington Post បានបញ្ជាក់ថា ភាពបរាជ័យរបស់រដ្ឋាភិបាលអាមេរិក ក្នុងការទប់ទល់ COVID-19 បានលាតត្រដាងនូវការខ្វះខាតការដឹកនាំ, ការបែកបាក់គ្នាខាងនយោបាយ ការខ្វះខាតការទម្លាក់ថវិកា ក្នុងកិច្ចការសុខាភិបាលសាធារណៈ, អយុតិ្តធម៌ក្នុងសង្គម និងសេដ្ឋកិច្ច រួមទាំងការរើងអើងពូជសាសន៍ជាដើម។ ហើយប្រការទាំងនេះ បានបណ្តាលឱ្យប្រជាពលរដ្ឋរាប់លាននាក់ឆ្លងជំងឺ និងរាប់សែននាក់បាត់បង់ជីវិត។

កាសែត The Washington Post បានចុះផ្សាយថា មុននឹងផ្ទុះការ រីករាលដាល COVID-19 ស្ថាប័នសុខាភិបាលសាធារណៈនៃរដ្ឋមួយចំនួនរបស់អាមេរិក ក៏រងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារបុគ្គលិកមិនមានការងារគ្រប់គ្រាន់ និងការកាត់បន្ថយថវិកាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។ចាប់ពីឆ្នាំ២០០៣មក ថវិការបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក ត្រូវបានកាត់បន្ថយ ៣០ភាគរយហើយ។

ចំណែកអ្នកជំនាញមើលឃើញថា ប្រព័ន្ធសុខាភិបាលសាធារណៈអាមេរិកទំនងជាអាចចាប់ផ្តើមដួលបាស់ជើង ដោយសារមិនអាចទទួលបន្ទុកយ៉ាងធ្ងន់ធ្ងរ ក្នុងករណីឆ្លង COVD-19 នៅតែបន្តកើនឡើង។ ក្រៅពីនេះប្រព័ន្ធសារព័ត៌មានអាមេរិក បានអះអាងថា ការរីករាលដាលជំងឺឆ្លងលើកនេះធ្វើឱ្យអាមេរិកធ្លាក់ ក្នុងភាពបែកបាក់គ្នាខាងនយោបាយ យ៉ាងជ្រៅ។ មិនតែប៉ុណ្ណោះការសែត The Washington Post បានប្រកាសថា ក្រោមការដឹកនាំរបស់រដ្ឋាភិបាល លោក ដូណា ត្រាំ ប្រជាពលរដ្ឋអាមេរិកជាច្រើនសម្គាល់ឃើញថា អ្នកវិទ្យាសាស្ត្រនិងប្រព័ន្ធសារព័ត៌មានសំខាន់ៗ បានបំផ្លើសកម្រិតធ្ងន់ធ្ងរការរីករាលដាលនៃជំងឺឆ្លង។

ជាក់ស្តែងនៅថ្ងៃទី១៦ ខែកក្កដាថ្មីៗនេះ វេបសាយព័ត៌មាន The Daily Beast របស់អាមេរិកបានផ្សាយ ដំណឹងថា ឯកសារមួយច្បាប់ដែលមិនបានប្រកាសបានស្នើថា៖ «រដ្ឋចំនួន ១០របស់អាមេរិក ត្រូវចាត់វិធានការបង្ការនិងគ្រប់គ្រងកាន់តែតឹងរ៉ឹង ដូចជាការដាក់កំហិតមនុស្សដែលចូលរួមការជួបជុំគ្នាឱ្យមិនលើសពី១០នាក់ បិទបារ និងក្លឹបហាត់ប្រាណ និងតម្រូវឱ្យប្រជាពលរដ្ឋពាក់ម៉ាស់ជាដើម។ ប៉ុន្តែ ឯកសារដែលចុះបញ្ជីក្នុងថ្ងៃទី១៤ខែកក្កដានេះ គ្រាន់តែចែករំលែកនៅផ្ទៃក្នុងរដ្ឋបាលសហរដ្ឋអាមេរិកតែប៉ុណ្ណោះ មិនបានប្រកាសជាសាធារណៈនោះទេ

លោក Ashish Jha ប្រធានវិទ្យាស្ថានសិក្សាស្រាវជ្រាវអំពីសុខភាពពិភពលោកនៃសកលវិទ្យាល័យ Harvard បានថ្លែងនៅថ្ងៃទី១៦ខែកក្កដាថា៖ « សេចក្តីស្នើ មួយចំនួនមានប្រយោជន៍ណាស់។ ហេតុអ្វីបានជាលាក់បាំងពីព័ត៌មានទាំងនេះចំពោះប្រជាពលរដ្ឋអាមេរិក? ខ្ញុំសម្គាល់ឃើញថា ព័ត៌មានទាំងនេះត្រូវប្រកាសជា សាធារណៈដោយទាន់ពេលវេលា។

គួរបញ្ជាក់ថា កាលពីខែឧសភាកន្លងទៅ អង្គការសុខភាពពិភពលោក(WHO) បានស្នើឱ្យរដ្ឋាភិបាល នៃបណ្តាប្រទេសនានាថា មុននឹងស្តារសេដ្ឋកិច្ចឡើងវិញ គួរតែធានា អះអាងថា ក្នុងរយៈពេល១៤ថ្ងៃ អត្រាវិជ្ជមានក្នុងការធ្វើតេស្តត្រូវទាបជាង៥ភាគរយ។ ប៉ុន្តែតាមទិន្នន័យស្ថិតិរបស់សកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា គិតរហូតដល់ថ្ងៃទី១៦ខែកក្កដា អត្រាវិជ្ជមាននៃរដ្ឋចំនួន ៣៣នៅអាមេរិក បានខ្ពស់ជាង៥ភាគរយ៕ដោយ៖ស តារា


ចែករំលែក៖