ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងលោក ឯម ច័ន្ទមករា ជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច បន្ថែមលើមុខងារបច្ចុប្បន្ន

ចែករំលែក៖

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក ឯម ច័ន្ទមករា ជារដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បន្ថែមលើមុខងារបច្ចុប្បន្ន។
សូមបញ្ជាក់ថា៖ ដោយផ្តើមចេញពីសមាជិកដ៏សាមញ្ញម្នាក់ក្នុងសកម្មភាពបម្រើឱ្យផលប្រយោជន៍កុមារកម្ពុជា តាំងពីអាយុ១៣ឆ្នាំមកម្ល៉េះ ពោលគឺឆ្នាំ១៩៩៧ កុមារា ឯម ច័ន្ទមករា បានអភិវឌ្ឍន៍ខ្លួន តាមរយៈការខិតខំប្រឹងប្រែងបំពេញតួនាទី កសាងស្នាដៃជាច្រើនសម្រាប់ប្រជាជាជន និងរាជរដ្ឋាភិបាលកម្ពុជា រហូតទទួលបានឋានៈនិងតំណែងជាបន្តបន្ទាប់ដូចខាងក្រោម៖
*ឆ្នាំ១៩៩៧-១៩៩៩ ជាលេខាធិការនៃគណៈកម្មាធិការកុមារ។
*ឆ្នាំ១៩៩៩-២០០២ ជាប្រធានគណៈកម្មាធិការកុមារ ជាតំណាងឱ្យកុមារកម្ពុជា។
*ឆ្នាំ២០០២-២០១០ ជាស្ថាបនិក និងជាប្រធានប្រតិបត្តិអង្គការគាំទ្រកុមារ និងយុវជន អង្គការតំណាងសម្លេងយុវជនផ្នែកព័ត៌មានសិទ្ធិកុមារនិងយុវវ័យ។
*ឆ្នាំ២០១១-២០១២ ជានាយខុទ្ទកាល័យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបន្ថែមលើមុខងារ
*ឆ្នាំ២០១១-២០១៣ ជាទីប្រឹក្សាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានឋានៈស្មើ អគ្គនាយករង
*ឆ្នាំ២០១២ ប្រលងជាប់ក្របខណ្ឌជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់នៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា
*ឆ្នាំ២០១២-២០១៣ ជាលេខាធិការ នៃលេខាធិការដ្ឋានក្រុមបឹក្សាសកម្មភាពជនពិការមានឋានៈស្មើ ប្រធាននាយកដ្ឋាន
*ឆ្នាំ២០១៣-២០១៨ ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការមានឋានៈស្មើ អនុរដ្ឋលេខាធិការ
*ឆ្នាំ២០១៨-២០២០ ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការមានឋានៈស្មើ រដ្ឋលេខាធិការ
បច្ចុប្បន្ន ជារដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ មានឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៣ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលនៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
មេដាយ និងគ្រឿងឥស្សរិយសនៃព្រះរាជាណាចក្រកម្ពុជាដែលធ្លាប់ទទួលបាន៖
*ឆ្នាំ២០១៨ គ្រឿងឥស្សរិយស ជាតូបការ
*ឆ្នាំ២០១៧ គ្រឿងឥស្សរិយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍
*ឆ្នាំ២០១៥ គ្រឿងឥស្សរិយស សម្តេចព្រះមហាក្សត្រីយានី ព្រះស៊ីសុវត្ថិ មុនីវង្ស កុសុមៈ នារីរ័ត្នថ្នាក់មហាសេរីវឌ្ឍន៍
*ឆ្នាំ២០១៤ គ្រឿងឥស្សរិយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍
*ឆ្នាំ២០១០ គ្រឿងឥស្សរិយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា
*ឆ្នាំ២០០៩ គ្រឿងឥស្សរិយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ធិបឌិន្ទ
*ឆ្នាំ២០០៩ មេដាយមុនីសារាភ័ណ្ឌ ថ្នាក់ ធិបឌិន្ទ
*ឆ្នាំ២០០៤ មេដាយមាសស្ថាបនាជាតិ
ប្រវត្តិសង្ខេប៖
មុនក្លាយជារដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច លោក ឯម ច័ន្ទមករា បានចាប់ផ្តើមប្រឡូកការងារសង្គមតាំងពីខ្លួនមានវ័យ១៣ឆ្នាំមកម្ល៉េះ ហើយធ្លាប់មានឈ្មោះល្បីខាងផ្នែកតស៊ូមតិ និងលើកស្ទួយសិទ្ធិកុមារ ដោយបានធ្វើឱ្យសាធារណៈជនជាច្រើនយល់ពីតម្លៃរបស់កុមារ ដែលជាសមាសភាពសំខាន់មួយនៃសង្គម។ ដោយឈរលើមនសិការនេះហើយបានជាកុមារា ឯម ច័ន្ទមករា បានតស៊ូពុះពារគ្រប់ឧបសគ្គ ដើម្បីបុព្វហេតុកុមារតាំងពីក្មេងវ័យមក គឺចាប់តាំងនៅឆ្នាំ១៩៩៧។
នៅឆ្នាំ១៩៩៩ កុមារា ឯម ច័ន្ទមករា មានអាយុ ១៦ឆ្នាំ ត្រូវបានសន្និបាតកុមារទូទាំងប្រទេសបោះឆ្នោតជ្រើសតាំងជាប្រធានគណៈកម្មាធិការ ដែលជាតំណាងឱ្យកុមារទូទាំងប្រទេសធ្វើការតស៊ូមតិ ដើម្បីសិទ្ធិកុមារនៅកម្ពុជា។ នៅអាយុ១៧ឆ្នាំ កុមារា ឯម ច័ន្ទមករា បានប្រឈមមុខនឹងបញ្ហាជាច្រើន ទាំងក្នុងការងារនិងការសិក្សា ព្រោះដើម្បីត្រូវចុះជួបកុមារជាច្រើននៅតាមជនបទទូទាំងប្រទេស ដែលកាលនោះការធ្វើដំណើរមិនមានភាពងាយស្រួយដូចស្ថានភាពបច្ចុប្បន្ននោះទេ ហើយត្រូវត្រៀមប្រឡងបញ្ចប់ការសិក្សានៅមធ្យមសិក្សាទៀតផង។ «កាលពីឆ្នាំនោះ ខ្ញុំត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ដូច្នោះ ខ្ញុំត្រូវចែករំលែកពេលមកសង្វាគការសិក្សាផង និងធ្វើការស្ម័គ្រចិត្តផង» នេះជាការរំលឹកប្រវត្តិរបស់លោក ឯម ច័ន្ទមករា ដែលជាអតីតសិស្សនៃវិទ្យាល័យបឹងត្របែក។
អស់រយ:ពេលជាង ៦ច្រើនឆ្នាំ ក្នុងឋានៈជាប្រធានគណៈកម្មាធិការកុមារ កុមារា ឯម ច័ន្ទមករា បានកសាងស្នាដៃជាច្រើនសម្រាប់កុមារកម្ពុជា ដែលជំនាន់នោះធ្លាប់បានចូលគាល់អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្ត សីហនុ ចូលធ្វើបទបង្ហាញនៅវិមានរដ្ឋសភាជាតិដល់សមាជិកសភា ចូលជួបគោររាយការណ៍ជូនសម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល អំពីស្ថានភាពរបស់កុមារកម្ពុជា និងបានចូលរួមបង្កើតបណ្ណាល័យផ្ទះកុមារ ចុះផ្សព្វផ្សាយអនុសញ្ញាស្តីពីសិទ្ធិកុមារ ចូលរួមការពារផលប្រយោជន៍និងការកេងប្រវ័ញ្ចកម្លាំងពលកម្មករលើកុមារ ចូលរួមការពារការប្រើអំពើហឹង្សាលើកុមារ តាមរយៈការសហការណ៍ជាមួយស្ថាប័នរាជរដ្ឋាភិបាលទៀតផង។
បន្ទាប់មកស្ថិតក្នុងវ័យជាយុវជន នៅឆ្នាំ ២០០២ យុវជន ឯម ច័ន្ទមករា បានក្លាយជាស្ថាបនិក និងជាប្រធានប្រតិបត្តិអង្គការគាំទ្រកុមារ និងយុវជន ដែលជាអង្គការតំណាងសម្លេងយុវជនផ្នែកផ្សព្វផ្សាយ ព័ត៌មានអំពីសិទ្ធិកុមារនិងសិទ្ធិយុវវ័យ។ យុវជន ឯម ច័ន្ទមករា បានធ្វើសកម្មភាពជាច្រើនក្រោមជំនួយឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងអង្គការដៃគូអភិវឌ្ឍជាច្រើន ដោយធ្វើសកម្មភាពបណ្តុះបណ្តាលយុវជនឱ្យចេះយក និងផ្តល់ព័ត៌មានពិត តាមរយៈការផលិតបទយកការណ៍បែបវីដេអូទស្សនាវដី្ត បានរាប់រយឯកសារវីដេអូ និងបានចាក់ផ្សាយតាមរយទូរទស្សន៍ ក្នុងស្រុកផងដែរ។
នៅឆ្នាំ២០១១ លោក ឯម ច័ន្ទមករា បានមានឱកាសចូលរួមបម្រើការងាររដ្ឋជានាយខុទ្ទកាល័យរដ្ឋមន្ត្រី និងជាទីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
បន្ទាប់ពីបានប្រលងជាប់ចូលក្របខណ្ឌមន្ត្រីរាជការស៊ីវិលនៅឆ្នាំ២០១២ និងដោយមានការទុកចិត្តពីអតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក អ៊ិត សំហេង ក៏បានស្នើទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន តែងតាំង លោក ឯម ច័ន្ទមករា ជាលេខាធិការនៃលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលពេលនោះហើយ ជាឱកាសដ៏ល្អរបស់លោកក្នុងការកសាងស្នាដៃជាច្រើនក្នុងវិស័យពិការភាព រហូតបានអភិវឌ្ឍអង្គភាពក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលស្ទើរតែគ្រប់គ្នាមិនធ្លាប់ស្គាល់ រហូតដល់មានការគាំទ្រយ៉ាងពេញទំហឹងពីប្រមុខរាជរដ្ឋាភិបាលរហូតដល់អនុញ្ញាតិឱ្យពង្រីកស្ថាប័ននោះឱ្យក្លាយជាសេនាធិការរបស់រាជរដ្ឋាភិបាលលើវិស័យពិការភាពទូទាំងប្រទេស ដោយបានរៀបចំអនុក្រឹត្យស្តីការរៀបចំនិងការបប្រព្រឹត្តិទៅនៃក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលជាប្រវត្តិសាស្ត្រថ្មីនៃវិស័យពិការភាពនៅកម្ពុជា។
ក្រោយបញ្ចប់អាណត្តិទី៤ របស់រាជរដ្ឋាភិបាល បើទោះបីមានការផ្លាស់ប្តូររដ្ឋមន្ត្រីដឹកនាំក្រសួងសង្គមកិច្ចក្តីក៏លោក ឯម ច័ន្ទមករា បានពុះពាលជំនះគ្រប់ឧបសគ្គរារាំង ខិតខំបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនដើម្បីបម្រើឱ្យរាជរដ្ឋាភិបាល ពិសេសជនមានពិការភាពនៅកម្ពុជា រហូតដល់មានការទុកចិត្តយ៉ាងកក់ក្តៅពីសំណាក់លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អនុញ្ញាតិឱ្យបចំផែនការយុទ្ធសាស្ត្រស្តីពីពិការភាព ២០១៤-២០១៨ និង២០១៨-២០១៩ ព្រមទាំងបានកសាងស្នាដៃថ្មីៗជាច្រើនទៀតតាមរយៈការរៀបចំសេចក្តីព្រាងអនុក្រឹត្យ និងប្រកាសអន្តរក្រសួងជាច្រើន ដើម្បីបម្រើឧត្តមប្រយោជន៍របស់ជនមានពិការភាព។
លោក ឯម ច័ន្ទមករា បានទទួលសញ្ញាបត្រទុតិយភូមិ នៅវិទ្យាល័យបឹងត្របែកនៅឆ្នាំ២០២ ទទួលសញ្ញាបត្រកម្រិតបរិញ្ញាបត្រផ្នែកនីតិសាស្ត្រ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅឆ្នាំ២០០៦ និងទទួលបានសញ្ញាបត្រកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ នៅឆ្នាំ ២០១៤។
គួរបញ្ជាក់ផងដែរថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ដោយមានការចូលរួមអនុវត្តពីគ្រប់ក្រសួងស្ថាប័ននានា ដោយមានលោក ឯម ច័ន្ទមករា ជាសេនាធិការផងនោះ ស្ថានភាពជីវភាពរស់នៅរបស់ជនមានពិការភាពកម្ពុជាមានភាពប្រសើរឡើង ការរើសអើង ជនពិការក៏បានកាត់បន្ថយ ការបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាពបានកែសម្រួលជាបណ្តើរៗ ការអប់រំដល់ជនមានពិការភាពត្រូវបានទទួលការយកចិត្តទុកដាក់ អាជ្ញាធរគ្រប់ជាន់ថ្នាក់ បានដាក់បញ្ចូលការងារពិការភាពទៅក្នុងផែនការអភិវឌ្ឍរបស់ខ្លួន រដ្ឋនិងឯកជនបានផ្តល់ឱកាសការងារដល់ជនមានពិការ ប្រាក់របបសម្រាប់ជនមានពិការភាពក្រីក្រនៅតាមសហគមន៍ក៏ត្រូវបានបើកផ្តល់ជាបន្តបន្ទាប់ រហូតដល់មានការទទួលស្គាល់ និងស្ងើចសសើរពីបណ្តាប្រទេសនានាដែលជាហត្ថលេខីនៃអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព៕

ដោយ៖មករា


ចែករំលែក៖