ព័ត៌មានទាន់ហេតុការណ៍៖

អង្គការផ្លែនអន្តរជាតិកម្ពុជា សហការជាមួយមន្ទីរអប់រំយុវជននិងកីឡាខេត្ត រៀបចំវេទិការតុមូលពិភាក្សាពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងសុវត្តិភាពក្មេងស្រីលើបណ្តាញអុីនធើណេត

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ដើម្បីចូលរួមលើកកម្ពស់ការអប់រំ និងការយល់ដឹងរបស់កុមារនិងក្មេងស្រីនៅតាមទីជនបទដាច់ស្រយាលឲ្យកាន់តែមានការយល់ដឹងខ្ពស់ និងមានភាពស្មើរគ្នាលើការសម្រេចចិត្ត អង្គការផ្លែនអន្តរជាតិកម្ពុជា សហការជាមួយមន្ទីរអប់រំយុវជននិងកីឡាខេត្ត រៀបចំវេទិការតុមូលពិភាក្សាពីផលប៉ះពាល់ នៃអំឡុងការរាតត្បាតនៃជម្ងឺកូវីដ-១៩ នឹងសុវត្តិភាពក្មេងស្រីលើបណ្តាញអុីនធើណេត។ វេទិការនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំមន្ទីអបរំយុវជននិងកីឡាខេត្តស្ទឹងត្រែង ក្រោមវត្តវត្តមានលោកស្រី ទី ធីតា អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត និងលោក ផែន ប៊ុនធឿន ប្រធានប្រតិបត្តិប្រចាំខេត្តស្ទឹងត្រែង របស់អង្គការផ្លែនអន្តរជាតិកម្ពុជា និងមានសិស្សានុសិស្ស អាជ្ញាធរមូលដ្ឋាន និងអ្នកដែលមានការពាក់ព័ន្ធ ចំនួន៦០នាក់ចូលរួម។

លោក ផែន ប៊ុនធឿន ប្រធានប្រតិបត្តិប្រចាំខេត្តរបស់អង្គការផ្លែនអន្តរជាតិកម្ពុជាបានឲ្យដឹងថា វេទិការនេះធ្វើឡើងដើម្បីអបអរសាទរ ទិវាក្មេងស្រីអន្តរជាតិ ១១តុលា និងដើម្បីសិក្សាស្វែងយល់អំពីផលប៉ះពាល់នៃCovid-19 ចំពោះសហគមន៍ជនបទ និងបញ្ហាជួបប្រទៈសម្រាប់ការសិក្សារបស់សិស្សានុសិស្ស និងកុមារ ជាពិសេសក្មេងស្រីនៅតាមសហគមន៍ជនបទ នៅក្នុងថ្នាក់រៀនតាមបណ្តាញអុីនធើណេតឬអនឡាញ។
លោកថាក្នុងបរិបទជំងឺកូវីដ-១៩ អង្គការផ្លែនអន្តរជាតិកម្ពុជាសហការជាមួយអង្គការឃែ បានចុះធ្វើការសិក្សាលើសហគមន៍ជនបទ ជាពិសេសក្មេងស្រីអំពីផលលំបាកនៃការសិក្សា អំពីការសម្រេចចិត្ត អំពើហិង្សា និងការបោះបង់ការសិក្សារបស់ក្មេងស្រី ព្រមទាំងពិភាក្សានិងសហកាជាមួយអាជ្ញារធរពាក់ព័ន្ធស្វែង ដើម្បីរកនូវដំណោះស្រាយមួយ ដ៏ល្អប្រសើរជួយដល់ពួកគាត់ ។

លោកស្រី ទី ធីតា អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត បានមានប្រសាសន៍ថា ក្នុងអំឡុងនៃការបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្រសួងអប់រំយុវជននិងកីឡា បានបិទសាលារៀនមុនកាលកំណត់ ប៉ុន្តែក្រសួងក៏បានយកចិត្តទុកដាក់និងសហការជាមួយក្រសួងព័ត៌មាន និងអ្នកពាក់ព័ន្ធ ដើម្បីរៀបចំឲ្យមានការបង្រៀននៅតាមបញ្ជក់ទូរទស្សន៍ តាមបណ្តាញអុីនធើណេត ទំព័រហ្វេសប៊ុក ឬOnlineជាដើម ដើម្បីបញ្ជៀសការជួបជុំជៀសវាងការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩។ ជាមួយគ្នានេះលោកស្រីបានទទួលស្គាល់ថាក្នុងបរិបទបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩នេះ នៅមានសិស្សានុសិស្សកុមារា កុមារី និងក្មេងប្រុសស្រីមួយចំនួន នៅតាមសហគមន៍ជនបទ នៅមានផលលំបាកក្នុងការសិក្សាររៀនសូត្រ ដោយសារជាសហគមន៍ដាច់ស្រយាលមិនមានឧបករណ៍ប្រើប្រាស់គ្រប់គ្រាន់។

លោកស្រី ទី ធីតា បន្តថានៅក្នុងដំណាក់កាលទី២នៃប្រព័ន្ធអប់រំអំឡុងការបង្ការកូវីដ-១៩ យើងមិនមានការសិក្សាពេញលេញនៅក្នុងក្រុង ប៉ុន្តែតាមបណ្តាស្រុក៥ទៀតនៃខេត្តស្ទឹងត្រែង យើងបានរៀបចំឲ្យរៀនតាមលំដាប់ ដោយមានការបង្រៀន៣ថ្ងៃ និង២ថ្ងៃ ដោយបង្រៀនឆ្លាស់វេនគ្នា មានន័យថាកុមាររៀននៅក្នុងសាលា តែមិនឲ្យលើសពី២០នាក់ បើសិស្សច្រើន ត្រូវបែងចែកជា២ក្រុម ឬបីក្រុម និងនៅតែរក្សាគម្លាតពីគ្នា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។
លោកស្រី បានលើកទឹកចិត្តនិងអំពាវនាវដល់មាតាបិតា និងអាណាព្យាបាលសិស្សានុសិស្ស បញ្ជូនកុមារគ្រប់អាយុសិក្សាឲ្យចូលរៀន និងជួយជំរុញកូនៗសិស្សានុសិស្សបន្តការសិក្សា រហូតបានបញ្ជប់ដោយមិនត្រូវបោះបង់ការសិក្សា និងសូមចូលលុបបំបាត់ការបោះបង់ការសិក្សារបស់កុមារ និងក្មេងប្រុសស្រីឡើយ៕ដោយ៖ មាស សុផាត


ចែករំលែក៖