ព័ត៌មានទាន់ហេតុការណ៍៖

លោក សាយ សំអាល់ ផ្តល់បាឋកថាស្តីពីការគ្រប់គ្រងបរិស្ថានជូនសិស្សសាលាភូមិន្ទរដ្ឋបាល

ចែករំលែក៖

.  ភ្នំពេញ៖ «ក្រសួងបរិស្ថានតែឯងមិនអាចធានាបាននូវកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ បានឡើយ ប្រសិនបើគ្មានការចូលរួមប្រកបដោយសម្បេជញ្ជៈនិងការទទួលខុសត្រូវពីសំណាក់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់»។ នេះជាប្រសាសន៍លើកឡើងរបស់ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីថ្ងៃអង្គារ ៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ក្នុងពេលអញ្ជើញជាអធិបតី និងផ្តល់បាឋកថាតាមប្រព័ន្ធអនឡាញ ស្តីពី«កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ជូនសិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១១ និងកម្មសិក្សាការីឆ្នាំ២០២០ នៃសាលាភូមិន្ទរដ្ឋបាល នារាជធានីភ្នំពេញ។ លោក សាយ សំអាល់ បានបញ្ជាក់បន្ថែមទៀតថា សុខសន្តិភាព និងស្ថិរភាពនយោបាយ ដែល កម្ពុជាទទួលបាន ពិតជាមានសារៈសំខាន់ខ្លាំងណាស់ជាបុរេលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ហើយជាពិសេសជំរុញឱ្យមានការចូលរួម និងគិតគូរខ្ពស់លើកិច្ចគាំពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិសម្រាប់ប្រជាជនយើងគ្រប់រូបនិងគ្រប់ជំនាន់។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានបញ្ជាក់ថាពីការទទួលស្គាល់នៃការប្រែប្រួលឥរិយាបទរបស់សាធារណជនចំពោះកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព និងទទួលបានការវាយតម្លៃខ្ពស់ពីដៃគូពាក់ព័ន្ធក៏ដូចជាសាធារណជន ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ។ ក្នុងឱកាសនេះដែរ លោក សាយសំអាល់ បានមានប្រសាសន៍ថាក្រសួងបរិស្ថានបានយកចិត្តទុកដាក់ខ្ពស់ការអនុវត្តគោលនយោបាយ យុទ្ធសាស្រ្តនិងផែនការជាតិ ជាពិសេសយុទ្ធសាស្រ្តចតុកោណទាំង៣ដំណាក់កាលកន្លងទៅ ព្រមជាមួយការកែទម្រង់និងការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងវិស័យបរិស្ថាននិងធនធានធម្មជាតិ។ 

សូមបញ្ជាក់ថា ក្នុងឱកាសផ្តល់បាឋកថាស្តីពីការគ្រប់គ្រងបរិស្ថានជូនសិស្សសាលាភូមិន្ទរដ្ឋបាលនាថ្ងៃនេះ  លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់លើការវិវត្តជាបន្តបន្ទាប់ទាំងរចនាសម្ព័ន្ធគ្រប់គ្រង និងសញ្ញាណអំពីពាក្យ«បរិស្ថាន» និងការបង្កើតឡើងដំបូងនៃ«រដ្ឋលេខាធិការដ្ឋានគ្រប់គ្រងបរិដ្ឋាន» នៅឆ្នាំ១៩៩៣ និង បន្ទាប់មកនៅឆ្នាំ១៩៩៦ ក្លាយទៅជាក្រសួងបរិស្ថានរហូតមក។ បច្ចុប្បន្នក្រសួងបរិស្ថានមានបេសកកម្មចម្បងក្នុងការដឹកនាំ និងគ្រប់គ្រងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព សម្រាប់ឧត្តមប្រយោជន៍យូរអង្វែងរបស់ប្រជាជនកម្ពុជាគ្រប់រូបនិងគ្រប់ជំនាន់៕

ដោយ៖ សិលា


ចែករំលែក៖