ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃនេះ អភិបាលខេត្តពោធិ៍សាត់ បើកវេទិកាដោះស្រាយបញ្ហាក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋ បានចំនួន២៣ករណី

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ទំនាស់ក៏ដូចជាបញ្ហាប្រឈម ចំនួន២៣ករណីផ្សេងគ្នា ត្រូវបានលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ធ្វើការសម្របសម្រួលដោះស្រាយបញ្ចប់ ជូនបងប្អូនប្រជាពលរដ្ឋ ទៅតាមលទ្ធភាពជាក់ស្តែង ក្នុងវេទិកា «ដោះស្រាយក្រៅប្រព័ន្ធតុលាការ» ចាប់ពីវេលាម៉ោង ៨ និង៣០នាទីព្រឹក រហូតដល់ម៉ោង ៤ និង១០នាទីល្ងាច ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅវេទិកាក្នុងសាលាខេត្តពោធិ៍សាត់។

កិច្ចសម្របសម្រួល និងដោះស្រាយខាងលើ បានការចូលរួមពី លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោកស្រី ឯម ប៉ុណ្ណា អ្នកតំណាងរាស្ត្រ, លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត, លោក លោកស្រីអភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ, អាជ្ញាធរស្រុក ក្រុង ឃុំ សង្កាត់ ភូមិ និងបងប្អូនពុកម៉ែប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

បើតាមលោក គឹម ចន្ថា ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តពោធិ៍សាត់ បានឱ្យដឹងថា ក្នុងកិច្ចដំណោះស្រាយខាងលើ ឯកឧត្តម ម៉ៅ ធនិន បានសូមឱ្យភាគីទាំងសង្ខាងនិយាយតែការពិត មានការទទួលខុសត្រូវចំពោះកំហុសរបស់ខ្លួន ដែលបានធ្វើកន្លងមក កុំប្រកែកយកឈ្នះរៀងៗខ្លួន ដោយគ្មានឯកសារផ្លូវច្បាប់ និងត្រូវមានការសណ្ដោសប្រណីឱ្យគ្នាទៅវិញទៅមក ដើម្បីអាចបញ្ចប់រឿងបាន ចៀសវាងប្ដឹងផ្ដល់គ្នាទៅដល់តុលាការ នាំឱ្យខាតបង់ទាំងពេលវេលា និងថវិកា។
លោកប្រធានការិយាល័យប្រជាពលរដ្ឋបន្ថែមថា លោកអភិបាលខេត្ត ជានិច្ចជាកាលបានលើកឡើងថា «អ្នកយកដីគេត្រូវឱ្យគេវិញ អ្នកជំពាក់លុយគេត្រូវសងគេ បើអត់ឬឃ្លានត្រូវសុំគេ និងត្រូវសណ្តោសប្រណីគ្នាទៅវិញទៅមក ព្រោះនេះគឺជាតម្លៃពិតដែលមនុស្សទូទៅគេត្រូវការ»។

លោកប្រធានការិយាល័យប្រជាពលរដ្ឋ បានបន្តថា សម្រាប់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ចាប់តាំងពីម៉ោង ៨ និង៣០នាទីព្រឹក រហូតដល់ម៉ោង ០៤ និង១០នាទីល្ងាច លោក ម៉ៅ ធនិន បានប្រើប្រាស់ និងបំពេញតួនាទីទៅតាមឋានានុក្រមគ្រួសារ ជាកូន ជាក្មួយ ជាបង និងជាប្អូន ដោយខិតខំសម្របសម្រួល និងដោះស្រាយនូវរាល់បញ្ហាប្រឈម ជូនប្រជាពលរដ្ឋបានចំនួន២៣ករណី និងមានករណីមួយចំនួនទៀត ដែលក្រៅក្របខណ្ឌនៃការណាត់ជួប។

ដំណោះស្រាយប្រកបដោយភាពប៉ិនប្រសព្វ មានគុណធម៌ និងភាពឈ្លាសវៃ របស់លោកអភិបាលខេត្ត បានធ្វើឱ្យភាគីទាំងសង្ខាងទទួលយកដោយការពេញចិត្ត មានភាពកក់ក្ដៅ និងគ្មានការគុំគួនទៅថ្ងៃខាងមុខនោះឡើយ។

វិធីសាស្ត្រសម្របសម្រួលបែបនេះ ពិតជាវិធីសាស្ត្រមួយដ៍ល្អប្រសើរ ក្នុងការជួយដល់ប្រព័ន្ធយុត្តិធម៌ ជាពិសេសអ្វីដែលអស្ចារ្យទៅទៀតនោះ ដោះស្រាយបញ្ហារួចត្រឡប់ទៅផ្ទះវិញ បើចាស់ជរា ជនពិការ ស្រ្តីកូនតូច ឬស្ត្រីមានផ្ទៃពោះ ឯកឧត្តមអភិបាលខេត្ត បានជូនជាអង្ករ ថវិកា ឬសារុង សម្រាប់ជួយដោះស្រាយជីវភាព និងសម្រាលបន្ទុកជាដើម៕

ដោយ៖ សិលា


ចែករំលែក៖