ព័ត៌មានទាន់ហេតុការណ៍៖

ឈីលីឈានមុខលើអុីស្រាអែល ក្លាយជាប្រទេសដែលចាក់វ៉ាក់សាំងបានលឿនបំផុតលើពិភពលោក

ចែករំលែក៖

សារព័ត៌មាន SCMP បានផ្សាយថា រដ្ឋាភិបាលឈីលី បានប្រកាសនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃទី៩ខែមីនា(ពេលវេលាក្នុងតំបន់) ប្រទេសនេះមានចំនួនពលរដ្ឋទទួលបានការចាក់វ៉ាក់សាំងច្រើនបំផុតលើពិភពលោក ។ អង្គការ Our World in Data បានប្រកាសតួលេខពីចំនួនពលរដ្ឋបានចាក់វ៉ាក់សាំង គឺឈរកំពូលតារាងនៃប្រទេសមានចំនួនពលរដ្ឋបានចាក់វ៉ាក់សាំងច្រើនជាងគេពីចំនួនភាគរយលើពលរដ្ឋ ១០០នាក់។ គិតជាមធ្យមឈីលីចាក់បានវ៉ាក់សាំងដល់ទៅ១,០៨ ដូសក្នុងមួយថ្ងៃ លើពលរដ្ឋ១០០នាក់ (មានន័យថា ក្នុងចំណោមពលរដ្ឋ១០០នាក់គឺចាក់បាន ១,៨ដូស)។ ចំណែកអុីស្រាអែលវិញ គឺចាក់វ៉ាក់សាំងគិតជាមធ្យម តែ ១,០ដូសប៉ុណ្ណោះ ។
ប្រទេសឈីលី ម៉ិចស៊ីកូ និងកូស្តារីកាជាប្រទេសតំបន់អាមេរិកឡាទីនដំបូងគេបានចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ- ១៩ ជូនដល់ពលរដ្ឋ ។ ប្រទេសទាំងបី ក៏បានពិភាក្សាទិញវ៉ាក់សាំងបានដល់ទៅ៣៥លានដូស ហើយពេលនេះបានចែកចាយវ៉ាក់សាំង ១០ លានដូសរួចរាល់ហើយ។ វ៉ាក់សាំងដែលប្រទេសទាំងបីប្រើប្រាស់គឺជាវ៉ាក់សាំង Sinovac របស់ក្រុមហ៊ុនចិន។
ឈីលីជាប្រទេសមានពលរដ្ឋ ១៨លាននាក់ហើយមានគម្រោងចាក់វ៉ាក់សាំងជូនពលរដ្ឋទាំងអស់ឱ្យរួចរាល់នៅក្នុងខែមិថុនា ។ មកទល់ពេលនេះ មានពលរដ្ឋ ជាង៤,១លាននាក់ហើយបានចាក់មួយដូសដំបូង ស្មើនឹង២១ភាគរយនៃចំនួនពលរដ្ឋ។ ឈីលីជាប្រទេសដែលមានពលរដ្ឋឆ្លងកូវីដប្រចាំថ្ងៃខ្ពស់ដដែល ដោយមានអ្នកឆ្លងជាង ៥ពាន់នាក់ក្នុងមួយថ្ងៃ។
ចំណែកអុីស្រាអែលវិញ មានពលរដ្ឋតែ៩,៣លាននាក់ប៉ុណ្ណោះ ហើយការចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាងពាក់កណ្តាលហើយ។ នាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ បានសន្យាថា នឹងចាក់វ៉ាក់សាំងរួចរាល់នៅខែមេសា។
ភាគច្រើនបណ្តាប្រទេសនៅជុំវិញពិភពលោកកំពុងតែខិតខំយកឈ្នះកូវីដ-១៩ ។ នៅថ្ងៃទី ១១ខែមីនានេះ គឺគម្រប់១ឆ្នាំ ដែលអង្គការសុខភាពពិភពលោកប្រកាសជាផ្លូវការវីរុសកូវីដ-១៩ ជាជំងឺរាលដាលជាសកល់។ នៅថ្ងៃទី១១ខែមីនាឆ្នាំ២០២០ នៅទូទាំងពិភពលោក មានអ្នកឆ្លងតែ១២៥ពាន់នាក់ប៉ុណ្ណោះ និងស្លាប់ជិត៥០០០នាក់។ រយៈពេលមួយឆ្នាំ គឺមានអ្នកឆ្លងកើនឡើងដល់ទៅជាង១១៧ លាននាក់ហើយ និងស្លាប់ជាង២,៥លាននាក់៕

ដោយ៖ធីរីណា (រូបភាព៖ EPA)


ចែករំលែក៖