ភ្នំពេញ៖ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ នឹងផ្តល់ជូនគ្រឿង បរិក្ខារពេទ្យជាទឹកប្រាក់ស្មើនឹង ៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បី ជួយគាំទ្រកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងជំនួបជាមួយនឹងលោកស្រី សឿង រដ្ឋចាវី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៥ ខែឧសភាឆ្នាំ២០២១ ។
ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េលោក ផាក ហ៊ឹងខ្យង់ (Park Heung-Kyeong) បានមានប្រសាសន៍ថារដ្ឋាភិបាលកូរ៉េបានសំរេចជួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីជួយគាំទ្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយផ្តល់ជូននូវគ្រឿងបរិក្ខារពេទ្យមានទឹកប្រាក់ស្មើនឹង ៣០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
លោកស្រីរដ្ឋលេខាធិការ សឿង រដ្ឋចាវី បានវាយតំលៃខ្ពស់ចំពោះការសំរេចចិត្តរបស់ រដ្ឋាភិបាលកូរ៉េ ដោយបានផ្តាំផ្ញើរថ្លែងអំណរគុណយ៉ាងក្រៃលែង ចំពោះសណ្តានចិត្ត និងការគិត គូរយកចិត្តទុកដាក់របស់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ផ្តល់នូវជំនួយដល់កម្ពុជាក្នុងគ្រាកំពុងត្រូវ ការជំនួយជាចាំបាច់។ក្នុងនាមជាមិត្ត និងដៃគូដ៏សំខាន់របស់កម្ពុជា សាធារណរដ្ឋកូរ៉េកន្លងមកបានជួយកម្ពុជា ក្នុងកិច្ចប្រឹងប្រែងដើម្បីយកឈ្នះលើការរីករាលដាលនៃជំងឺកូវីដ-១៩។ ដោយយល់យ៉ាងច្បាស់ថា យើងមិនអាចមានសុវត្តិភាពបានទេនៅពេលមនុស្សជុំវិញខ្លួនយើងគ្មានសុវត្តិភាព យើងនឹងបន្ត ធ្វើការជាមួយគ្នាយ៉ាងជិតដិតជាមួយកម្ពុជាជាសាមគ្គីភាពដើម្បីលុបបំបាត់នូវវីរុសកូរ៉ូណា។
បន្ទាប់ពីការផ្ទុះឡើងនូវជំងឺកូវីដ-១៩ នៅដើមឆ្នាំមុននេះ រដ្ឋាភិបាលកូរ៉េបានបរិច្ចាគភ្លាមៗនូវថវិកាចំនួន ២០ម៉ឺនដុល្លារអាមេរិក និងឧបករណ៍ធ្វើតេស្ដរកមេរោគ ដែលមានតំលៃស្មើនឹង ១០ម៉ឺនដុល្លារអាមេរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជា នៅខែឧសភាឆ្នាំ២០២០កន្លងទៅនេះ។ សាធារណរដ្ឋកូរ៉េ ក៏ធ្លាប់បានផ្តល់អោយកម្ពុជាក្នុងការឆ្លើយតបប្រឆាំងនឹងវីរុសកូរ៉ូណាតាមរយៈ កម្មវិធីជំនួយឆ្លើយតបនឹងកូវីដ-១៩ (ABC Program: Agenda for Building Resilience Against COVID 19) ប្រហែល ១លានដុល្លារអាមេរិក៖
ទី១)- ការផ្តល់ជូន តង់សំរាប់ធ្វើតេស្ដរកវីរុសចំនួន ២០ និង បន្ទប់ចល័តសំរាប់ដាក់អ្នកជំងឺកូវីដ-១៩ (Negative Pressure Carriers) ចំនួន៦០។
ទី២)- ផ្តល់គ្រឿងឧបភោគបរិភោគ និងឱសថសង្គ្រោះបឋមចាំបាច់ដល់អ្នកងាយរងគ្រោះ នៅតំបន់គោលដៅចំនួន៦រួមមានរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តក្រចេះ ខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង និងខេត្តសៀមរាប។
ទី៣)- កិច្ចសហប្រតិបត្តិការជាមួយនឹងអង្កការអន្តោប្រវេសន៍អន្តរជាតិលើការពង្រឹងការឆ្លើយតបនឹងជំងឺកូវីដ-១៩ ដើម្បីបញ្ជូនជនអន្តោប្រវេសន៍នៅកម្ពុជា នៅចំណុចច្រកចូល និងមណ្ឌលចត្តាឡីស័ក ផ្តោតលើខេត្តចំនួន ៥ (ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប និងខេត្តព្រៃវែង)៕
ដោយ៖ វឌ្ឍនា