ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី វេង សាខុន ៖ វឌ្ឍនភាពនៃការអនុវត្តគម្រោងសាកល្បងចុះបញ្ជីព្រៃឯកជនចម្ការឈើក្រញូង និងឈើនាងនួន ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប្រចាំឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ៖ លោករដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ វេង សាខុន នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ បានថ្លែងថា, រដ្ឋបាលព្រៃឈើបានសហការជាមួយលេខាធិការដ្ឋាន CITES ដើម្បីអនុវត្តគម្រោងស្តីពី “ការសាកល្បងចុះបញ្ជីព្រៃឯកជនចម្ការឈើក្រញូង និងឈើនាងនួន ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ Integrating the Piloting of Small-scale Private Dalbergia cochinchinensis Plantation Registration with Forest Landscape Restoration in Preah Vihear Province in Cambodia” សម្រាប់រយៈពេល ១៨ខែ ចាប់ពីក្នុងឆ្នាំ២០២០-២០២១។ គម្រោងបានទទួលការឧបត្ថម្ភថវិកាពីលេខាធិការដ្ឋាន The Convention on International Trade in Endangered Species of Wild Fauna and Flora (CITES)។ គម្រោងនេះមានគោលបំណងធ្វើការសិក្សាអំពីស្ថានភាពឈើប្រណិតទាំងពីរប្រភេទ នៅខេត្តព្រះវិហារ និងលក្ខខណ្ឌអំណោយផលនានាក្នុងការគាំទ្រដល់ការបង្កើន និងការចុះបញ្ជីចម្ការឈើដាំទាំងពីរប្រភេទនេះជាលក្ខណៈឯកជនខ្នាតតូច។ 

លោករដ្ឋមន្ត្រីបន្តថា, ឈើក្រញូង និងនាងនួនគឺជាប្រភេទឈើប្រណិត និងមានតម្លៃសេដ្ឋកិច្ចខ្ពស់ទាំងលើទីផ្សារក្នុងស្រុក និងក្រៅស្រុក។ ឈើនេះមានដើមកំណើតនៅបណ្តាលប្រទេសឥណ្ឌូចិនដូចជា៖ កម្ពុជា ថៃ ឡាវ និងវៀតណាម។ល។ វាច្រើនដុះនៅក្នុងតំបន់ព្រៃដីទំនាបដែលមានរបបទឹកភ្លៀងប្រចាំឆ្នាំពី ១២០០-១៦៥០ម.ម សីតុណ្ហភាពទាបបំផុត ១០អង្សាសេ។ ដើមក្រញូងត្រូវការសំណើមមធ្យម និងពន្លឺថ្ងៃ ហើយធន់នឹងរដូវរាំងស្ងួតរយៈពេលយូរ។ ប្រភេទនេះឈើក្រញូង មិនទាមទារលក្ខខណ្ឌដីល្អប៉ុន្មានទេ ប៉ុន្តែវាច្រើនដុះនៅលើដីឥដ្ឋ ល្បាយខ្សាច់ និងដីដែលមានជីជាតិកំបោរ។ ក្រញូងដុះលូតលាស់នៅក្នុងព្រៃល្បោះ និងព្រៃពាក់កណ្តាល ស្រោង ហើយជារឿយៗគេជួបប្រទះឈើក្រញូងដុះជាជ្រុំៗ ប្រមូលផ្តុំច្រើន នៅរយៈកំពស់ ៤០០-៥០០ម ធៀបនឹងនីវ៉ូសមុទ្រ (រដ្ឋបាលព្រៃឈើ គំរោងគ្រាប់ពូជឈើកម្ពុជា ២០០៣)។ ស្រុកជាំក្សាន្ត គឺជាស្រុកមួយដែលមានទីតាំងស្ថិតនៅក្បែរ និងជាប់ជួរភ្នំដងរ៉ែក តាមបណ្តោយព្រំដែនកម្ពុជា ថៃ និងឡាវ (តំបន់ត្រីកោណមរកត) និងជាតំបន់ ឬជាទឹកដីកំណើតឈើក្រញូងដុះលូតលាស់ច្រើន និងសម្បូរបែបជាងគេនៅក្នុងតំបន់ព្រៃធម្មជាតិ ជាពិសេសលើជួរភ្នំដងរ៉ែកនៃទឹកដីសុវណ្ណភូមិ។

បច្ចុប្បន្នដោយសារគុណតម្លៃរបស់ប្រភេទឈើប្រណិតទាំងពីរនេះ និងមានតម្រូវការប្រើប្រាស់លើសលុបសម្រាប់ធ្វើជាគ្រឿងសំណង់ គ្រឿងចម្លាក់ គ្រឿងសង្ហារឹម ដែលមានគុណភាពល្អប្រណិតនោះ ធ្វើឲ្យឈើក្រញូង និងឈើនាងនួនត្រូវបានទទួលរងការកាប់បំផ្លាញ គាស់គល់ និងឫសស្ទើរគ្មានសល់ ហើយសកម្មភាពអាជីវកម្មខុសច្បាប់នេះបាននិងកំពុងឈានទៅរកការវិនាសផុតពូជនៅក្នុងដែនជម្រកព្រៃធម្មជាតិកម្ពុជា។ ព្រមជាមួយគ្នានេះ នៅក្នុងបញ្ចីក្រហម IUCN ប្រភេទឈើក្រញូងត្រូវបានចាត់ចូលទៅជាប្រភេទ VU “ងាយរងគ្រោះថ្នាក់” ជាសាកល ដែលពិភពលោកកំពុងតែព្រួយបារម្ភ និងបានដាក់ចេញនូវវិធានច្បាប់ និងបច្ចេកទេសដើម្បីធ្វើការគ្រប់គ្រង ថែរក្សា និងការពារយ៉ាងយកចិត្តទុកដាក់ខ្ពស់។

ដើម្បីស្តារ និងចូលរួមចំណែកក្នុងការការពារធន់ធានពូជឈើក្រញូងដែលស្ទើរជិតផុតពូជ ឲ្យបានគង់វង្ស និងធ្វើការដាំដុះបង្កើតធន់ធានប្រភេទឈើប្រណិតនេះឲ្យសម្បូរឡើងវិញ រដ្ឋបាលព្រៃឈើបានសហការជាមួយដៃគូរអភិរក្ស ការពារ និងថែរក្សាធនធានជីវចម្រុះឡើងវិញ តាមរយៈកម្មវិធី CITES Tree Species Programme ធ្វើការបណ្តុះ និងចែកចាយកូនឈើពូជក្រញូងសរុបចំនួន ៤៨ ៥៩០ដើម ឈើហូបផ្លែ និងប្រភេទផ្សេងទៀតចំនួន ៣ ១២៦ដើម ជូនដល់ប្រជាពល រដ្ឋចំនួន ៧ឃុំ (ទឹកក្រហម មរកត ជាំក្សាន្ត រំដោះស្រែ កន្តួត ស្រអែម និងយាង) យកទៅដាំតាមរបងផ្ទះ ដីស្រែ ចម្ការ វត្តអារាម សាលារៀន មណ្ឌលសុខភាព សាលាឃុំ សាលារៀន បន្ទាយ ទាហាន និងស្នាក់ការប៉ូលីស។ល។ មិនតែប៉ណ្ណោះ បានសហការជាមួយអាជ្ញាធរដែនដីធ្វើការរៀបចំកម្មវិធីដាំកូនឈើក្រញូងតាមរយៈការដាំស្តារឡើងវិញនៅលើដីព្រៃរេចរឹលនៅទូទាំងស្រុកសរុបមានចំនួន ៤ ៣៥០ដើម មានលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ទាហាន នគរបាលព្រំដែន ព្រះសង្ឃ មេធាវី និងប្រជាពលរដ្ឋចំនួន ៦៥០នាក់ចូលលរួមដាំ។ 

ក្រុមការងារបានបញ្ចប់ការរៀបចំសេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការចុះបញ្ជីព្រៃឯកជន និងបានដាក់ប្រជុំពិគ្រោះយោបល់នៅថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការចូលរួមពីមន្រ្តីខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើតាមបណ្តាលរាជធានី-ខេត្តទាំង២៤ និងរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល អ្នកតាក់តែងគោលនយោបាយ ពាណិជ្ជករ វិស័យឯកជន និងគ្រឹះស្ថានអប់រំវិស័យកសិកម្ម ដើម្បីប្រមូលធាតុចូលបន្ថែម។ បានរៀបចំនិតិវិធីនៃការចុះបញ្ជីព្រៃឯកជន និងឯកសារពាក់ព័ន្ធ ដែលរូមមានពាក្យស្នើសុំចុះបញ្ជីព្រៃឯកជន សៀវភៅបន្ទុក និងវិញ្ញាបនបត្រសម្រាប់ ដាក់ឱ្យប្រើប្រាស់ករណីមានការស្នើសុំចុះបញ្ជីព្រៃឯកជន។ ទន្ទឹមនេះ ក្រុមការងារក៏បានរៀបចំរបាយការណ៍បច្ចេកទេសស្តីពី ជីវសាស្រ្ត អេកូឡូស៊ី ទីជម្រក ស្ថានភាព និន្នាការ រចនាសម្ព័ន្ធ និងឌីណាមិកនៃប្រភេទឈើក្រញូង និងឈើនាងនួងនៅក្នុងស្រុកជាំក្សាន្ត។

បានដាក់តាំងឡូតិ៍សារពើភណ្ឌ័ប្រភេទឈើក្រញូង និងឈើនាងនួនសរុបចំនួន ៨៦ ឡូតិ៍ ក្នុងដែនព្រៃធម្មជាតិ ដើម្បីប៉ាន់ ស្មានមាឌឈើ រប៉ាយ រចនាសម្ព័ន្ធ និន្នាការ និងចំណាត់ថ្នាក់អង្កត់ផ្ចិតដែលជាជំនួយក្នុងការរៀប ចំឯកសារវាយតម្លៃផលប៉ះពាល់នៃប្រភេទឈើទាំងពីរព្រមទាំងបានបញ្ចាប់របាយការណ៍បច្ចេកទេសស្តីពីការធ្វើសារពើភ័ណ្ឌឈើទាំងពីរប្រភេទ។ បន្តរៀបចំរបាយការណ៍ស្តីពីប្រសិទ្ធភាពនៃការគ្រប់គ្រង ស្ថានភាពអភិរក្ស កំណត់ត្រាប្រមូលផលឈើទាំងស្របច្បាប់ និងខុសច្បាប់ តំបន់ប្រមូលផល វិធានការគ្រប់គ្រង និងត្រួតពិនិត្យឈើទាំងពីរប្រភេទ ព្រមទាំងរបាយការណ៍វាយតម្លៃលទ្ធផលនៃការធ្វើសារពើភណ្ឌ ដោយអនុលោមតាមគោលការណ៍សម្រាប់រៀបចំរបាយការណ៍របស់អនុសញ្ញាសាយតេស៕

ដោយ ៖ សិលា


ចែករំលែក៖