ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងដូសទី ៣ ឬដូសជំរុញជូនដល់ បងប្អូនអតីតយុទ្ធជន ក្នុងខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ដោយមានការយកចិត្តទុកដាក់គិតគូរខ្ពស់ពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ចំពោះសុខុមាលភាពបងប្អូនអតីតយុទ្ធជនកម្ពុជា ដោយធ្វើយ៉ាងណាការពារសុខភាពអតីយុទ្ធជនកុំអោយឆ្លងជំងឺកូវីដ-១៩ ជាពិសេសជំងឺកូវីដ-១៩ ប្រភេទថ្មី ដែលតា  បងប្អូនអតីតយុទ្ធជន បានទទួលការចាក់វ៉ាក់សាំងដូសទី ៣ ឬដូសជំរុញ ប្រភេទ អាស្រ្តាហ្សេនីកា នៅទូទាំងប្រទេសចាប់តាំង ពីថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២១ ។

ដោយឡែកបងប្អូនអតីតយុទ្ធជន ក្នុងខេត្តកំពង់ស្ពឺក៏បានទទួលការចាក់វ៉ាក់សាំងដូស ទី ៣ ឬដូសជំរុញ ដែលយុទ្ធនាការចាក់វ៉ាក់សាំងដល់បងប្អូនអតីតយុទ្ធជនខេត្តកំពង់ស្ពឺនេះមានរយៈពេល៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២១ ។

កាលពីថ្ងៃទី ១៤ ខែសីហា កន្លងទៅនេះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា  និងជា        អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និង កិច្ចការបរទេស ក្រសួងការពារជាតិ រួមជា មួយ ឧត្តមសេនីយ៍ឯក មាស ស៊ីណា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ឧត្តមសេនីយ៍ទោ ម៉ាន់ ម៉ាច មេបញ្ជាតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ បានចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងដូសទី ៣ ឬដូសជំរុញជូនដល់ បងប្អូនអតីតយុទ្ធជន ក្នុងស្រុកសំរោងទង  ស្រុកភ្នំស្រួច និង ស្រុកបរសេដ្ឋ ក្នុងខេត្តកំពង់ស្ពឺ ។

នៅស្រុកសំរោងទង ការចាក់វ៉ាក់សាំងដល់បងប្អូនអតីតយុទ្ធជនបានប្រព្រឹត្តទៅនៅក្នុងសាលាបឋមសិក្សាព្រៃផ្តៅ ដែលមានអតីតយុទ្ធជនត្រូវមកទទួលការចាក់វ៉ាក់សាំងដូសទី ៣ ឬដូសជំរុញចំនួន១១៨១ នាក់ ដែលបានប្រតិបត្តិចាក់វ៉ាក់សាំងដោយគ្រូពេទ្យកងទ័ព មកពីបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ។

ក្នុងឱកាសចុះពិនិត្យសកម្មភាពចាក់វ៉ាក់សាំងដល់បងប្អូនអតីតយុទ្ធជនស្រុកសំរោងទងនាពេលនោះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានណែ នាំដល់ក្រុមការងារចាក់វ៉ាក់សាំងធ្វើយ៉ាង ណាត្រូវរៀបចំអោយទីតាំងចាក់វ៉ាក់សាំងមានខ្យល់អាកាសល្អ និងត្រូវអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និង វិធានការរបស់សម្តេចតេជោ ៣ការពារ និង ៣កុំ ជាប់ជានិច្ច ។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ព្រមទាំងក្រុមការងារ ក៏បានអញ្ជើញទៅពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងដូសទី ៣ ឬដូសជំរុញ ជូនដល់បងប្អូនអតីតយុទ្ធជន ក្នុង ស្រុកភ្នំស្រួច ក្នុងខេត្តកំពង់ស្ពឺបន្តទៀត ។ នៅស្រុកភ្នំស្រួចមានបងប្អូនអតីតយុទ្ធជនចំនួន៨៦២ នាក់ ត្រូវមកទទួលការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ប្រភេទ អាស្រ្តាហ្សេនីកា ដើម្បីការពារសុខភាពពីការឆ្លងជំងឺកូវីដ-១៩ ។ ការចាក់វ៉ាក់សាំងដូស ទី៣ ឬដូសជំរុញ ការចាក់វ៉ាក់សាំងដូសទី ៣ ឬដូសជំរុញប្រភេទ អាស្រ្តាហ្សេនីកា

ត្រូវបានប្រតិបត្តិដោយគ្រូពេទ្យកងទ័ពមកពីវិទ្យាស្ថានកងទ័ពជើងគោក ។ 

ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានសំណោះសំណាលជាមួយបងប្អូនអតីតយុទ្ធជនដោយបានលើកឡើងពីគុណ បំណាច់យ៉ាងធំធេងរបស់បងប្អូនអតីតយុទ្ធជន ដែលបានធ្វើពលិកម្មបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វជាតិ មាតុភូមិ និង ប្រជាជនក្នុងរយៈពេលកន្លងមក ព្រម ទាំងបានចូលរួមអនុវត្តគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោហ៊ុន សែន ធ្វើអោយប្រទេសជាតិបានទទួលនូវសុខសន្តិភាព  និង ការអភិវឌ្ឍលើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ  ។ លោកបានសំណូមពរដល់អតីតយុទ្ឋជន និងក្រុមគ្រួសារ ត្រូវចូលរួមទប់ស្កាត់ការឆ្លងរីករាល ដាលជំងឺកូវីដ-១៩ ដែលក្នុងពេលបច្ចុប្បន្ននេះជំងឺកូវីដ-១៩ នៅតែបន្តឆ្លងរាលដាលគួរឲ្យព្រួយបារម្ភ ដោយត្រូវអនុវត្តនូវវិធាន ការ ៣ការពារ និង៣កុំ របស់សម្ដេចតេជោហ៊ុន សែន ឲ្យបានគ្រប់ពេលវេលា ។

 នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ព្រមទាំងក្រុមការងារ បានចែកសំលៀកបំពាក់កីឡាជូនដល់គ្រូពេទ្យចាក់វ៉ាក់សាំង និងចែកជូនដល់អតីតយុទ្ធជនផងដែរ ។ លោកក៏បានអញ្ជើញទៅពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញ ជូនដល់បងប្អូនអតីតយុទ្ធជនក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺបន្តទៀត ។នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មានបងប្អូនអតីតយុទ្ធជនចំនួន ៥៨៥ នាក់ត្រូវមកទទួល ការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ប្រភេទអាស្រ្តាហ្សេនីកាដើម្បីការពារអាយុ ជីវិតពីជំងឺកូវីដ-១៩ ។

ក្នុងឱកាសនោះ លោក ណឹម សុវត្ថិ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេច តេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនអតីតយុទ្ធជនស្រុកបសេដ្ឋ និងបានណែនាំឲ្យបងប្អូនអតីតយុទ្ធជន បន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីត-១៩ ដោយត្រូវប្រុងប្រយ័ត្នជាប់ជានិច្ច និងអនុវត្តន៍តាម ការណែនាំរបស់ក្រសួងសុខាភិបាលនិង វិធានការរបស់រាជ រដ្ឋាភិបាលបានដាក់ចុះ ។ 

លោក ណឹម សុវត្ថិ បានបញ្ជាក់ថា៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានគិតគូជានិច្ចពីសុខទុក្ខពី និងជីវភាពរស់នៅរបស់អតីតយុទ្ធជននៅទូទាំងប្រទេស ជាពិសេស ក្នុងពេលដែលជំងឺកូវីដ-១៩ បានឆ្លងរីករាលដាល សម្តេចតេជោ បានខិតខំប្រឹង ប្រែងគ្រប់បែបយ៉ាងដើម្បីទទួលបាន នូវវ៉ាក់សាំង សំរាប់ចាក់ជូនប្រជាពលរដ្ឋកងកម្លាំងប្រដាប់អាវុធព្រមទាំងបងប្អូនអតីតយុទ្ធជននៅនាពេលនេះ ៕

ដោយ ៖ សូរិយា


ចែករំលែក៖