ភ្នំពេញ ៖ បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានទឹកចិត្តគាំទ្រផលិតផលក្នុងស្រុកដូចជាផ្លែមៀន (តាង៉ែន) ដែលបច្ចុប្បន្ន កំពុងជួបបញ្ហាទីផ្សារក្នុងការលក់ដូរ ជាពិសេសការនាំចេញទៅប្រទេសថៃ និងចិន ដោយសារវិបត្តិកូវីដ-១៩។ ដើម្បីដោះស្រាយការលំបាក ចំពោះមុខនេះ សម្តេចទាំងទ្វេនឹងទទួលទិញពីបងប្អូនប្រជាពលរដ្ឋនៅតាមព្រំដែនកម្ពុជា-ថៃ ដែលផ្លែមៀន (តាង៉ែន) យកទៅផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដែលមានក្រុមការងាររបស់សម្តេចដឹកនាំដោយ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេច លេខទូរស័ព្ទ ០៩៧ ៧៧៧ ៣៧៣៧/០៨៨ ៩០៣ ៧៧៧៧។
ដោយឡែក នៅយប់នេះទទួលដំណឹងថា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចទិញផ្លែមៀន ចំនួន២១តោន ដើម្បីចែកចាយជូនក្រុមគ្រូពេទ្យ និងអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលតាមមន្ទីរពេទ្យមួយចំនួន នៅរាជធានីភ្នំពេញ។
ផ្លែមៀនដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទិញចំនួន២១តោន នឹងចែកចាយជូនខាងក្រោម៖
ទី១៖ ក្រុមគ្រូពេទ្យស័្មគ្រចិត្តសម្តេចតេជោ (TYDA) និងអ្នកជំងឺកូវីដ-១៩ ចំនួន ៦តោន
ទី២៖ មន្ទីរពេទ្យរុស្ស៉ី (គ្រូពេទ្យ និងអ្នកជំងឺកូវីដ១៩) ចំនួន៥តោន
ទី៣៖ មន្ទីរពេទ្យជ័យជំនះ (គ្រូពេទ្យ និងអ្នកជំងឺកូវីដ១៩) ចំនួន៥តោន
ទី៤៖ ស្តាតអូឡាំពិក ទីកន្លែងព្យាបាលជំងឺកូវីដ១៩ (គ្រូពេទ្យ និងអ្នកជំងឺកូវីដ១៩) ចំនួន៥តោន។
អាជ្ញាធរខេត្តបាត់ដំបង ក៏បានចេញសេចក្តីជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋដែលលក់ផ្លែមៀន ត្រូវរៀបចំយកទៅលក់នៅទីតាំងវាលបែកចានក្នុងក្រុងបាត់ដំបង តាមរយៈការទទួលទិញពីក្រុមការងាររបស់ នាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង នាយរងខុទ្ទកាល័យសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
បងប្អូនប្រជាពលរដ្ឋនៅតាមព្រំដែនកម្ពុជា-ថៃ មានចិត្តរំភើបរីករាយ ក្រោយទទួលបានដំណឹងដ៏ល្អពីប្រមុខរាជរដ្ឋាភិបាល ពិសេសសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា បាទប្រមូលទិញផ្លែមៀនរបស់បងប្អូនប្រជាពលរដ្ឋនោះ៕
ដោយ ៖ សិលា