ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកនេះ ! រដ្ឋបាលខេត្ដក្រចេះ ធ្វើតេស្តរហ័សយកសំណាក ជូនដល់មន្រ្តីរាជការ នៃសាលាខេត្តក្រចេះ ចំនួន១០៤នាក់ !

ចែករំលែក៖

ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃចន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នៅបរិវេណរដ្ឋបាលខេត្ត លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និង លោក វ៉ា ថន អភិបាលខេត្ត អញ្ជើញបើកការធ្វើតេស្តរហ័ស យកសំណាកជូនដល់មន្រ្តីរាជការ នៃសាលាខេត្តក្រចេះ ចំនួន១០៤នាក់ ដើម្បីពង្រឹងការងារផ្ទៃក្នុង និងមានទំនុកចិត្តមិនខ្លាចគ្នា និងកាន់តែងាយស្រួលធ្វើការងារបម្រើសេវាសាធារណៈជូនប្រជាពរដ្ឋក្នុងបរិបទកូវីដ-១៩ 

នៅក្នុងឱកាសនោះដែរ លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និង លោក វ៉ា ថន អភិបាលខេត្ត លោក លោកស្រី អភិបាលរងខេត្ត និងមន្ត្រីរាជការ នៃសាលាខេត្តក្រចេះ ចំនួន១០៤នាក់ បានចូលរួមការធ្វើតេស្តយកសំណាក លទ្ធផលគឺ អវិជ្ជមានទាំងអស់ ។

លោក វ៉ា ថន មានប្រសាសន៍ថា÷ ការធ្វើតេស្តនេះមានរយះពេល១ថ្ងៃ ហើយសូមកុំអោយមានភាពភ័យខ្លាច ព្រោះថាការធ្វើតេស្តនេះ មិនមានការឈឺចាប់ទេ និងបញ្ចៀសការសង្ស័យគ្នា ហើយអោយបានដឹងពីសុខភាពរបស់យើងផងដែរ ទោះបីជាបានការចាក់វ៉ាក់សាំងការពារបង្ការគ្រប់គ្នាក៏ដោយ  យើងត្រូវតែបន្តអនុវត្តនូវវិធានការ “៣ការពារ ៣កុំ” របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតែងតែយកចិត្តទុកដាក់គិតគូអំពីសុខភាព និងក្ដីកង្វល់របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងគ្រប់ស្រទាប់វណ្ណៈដោយមិនខ្លាចការនឿយហត់ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។

សូមបញ្ជាក់ដែរថានៅខេត្តក្រចេះ គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ ករណីអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៧២៥នាក់ អ្នកជាស្បះស្បើយ ចំនួន៥១៤នាក់ និងអ្នកស្លាប់ ចំនួន៩នាក់ 

ដោយ ៖ សិលា


ចែករំលែក៖