ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល សូមជម្រាបជូនដំណឹងដល់ ម្ចាស់សេវា សុខាភិបាលឯកជន (មន្ទីរពេទ្យ មន្ទីរពហុព្យាបាល និងមន្ទីរសម្រាកព្យាបាល)ដែលមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល មានសិទ្ធិផ្តល់សេវាថែទាំ ព្យាបាលអ្នកជំងឺកូវីដ-១៩ !

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាល សូមជម្រាបជូនដំណឹងដល់  លោក លោកស្រី ម្ចាស់សេវា សុខាភិបាលឯកជន (មន្ទីរពេទ្យ មន្ទីរពហុព្យាបាល និងមន្ទីរសម្រាកព្យាបាល) ជ្រាបថា ក្រសួងនឹងអនុញ្ញាត ឲ្យសេវាសុខាភិបាលឯកជនដែលមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល មានសិទ្ធិផ្តល់សេវាថែទាំ ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនៅតាមផ្ទះ ដោយគោរពតាមលក្ខខណ្ឌចាំបាច់ ដូចខាងក្រោម៖

១. មូលដ្ឋានសុខាភិបាលឯកជនដែលមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល (មន្ទីរពេទ្យ មន្ទីរពហុព្យាបាល និងមន្ទីរ សម្រាកព្យាបាល)។ 

២. ត្រូវមានគ្រូពេទ្យ និងបុគ្គលិកបានបណ្តុះបណ្តាលត្រឹមត្រូវសម្រាប់ផ្តល់សេវាថែទាំ ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលតាមផ្ទះ ពីក្រុមគ្រូបង្គោលថ្នាក់ជាតិនៃក្រសួងសុខាភិបាល។ ក្រុមគ្រូពេទ្យទាំងនេះ ត្រូវបានចាត់ដោយឡែកពីក្រុមគ្រូពេទ្យព្យាបាលអ្នកជំងឺធម្មតា ហើយក្រុមគ្រូពេទ្យទាំងនេះត្រូវធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃបន្ទាប់ពីបានថែទាំ ព្យាបាលអ្នកជំងឺកូវីដ-១៩។
៣. ត្រូវត្រៀមទុកជាមុនក្នុងករណីជំងឺវិវត្តន៍ធ្ងន់ធ្ងរ ដោយធានាឱ្យមានប្រព័ន្ធបញ្ជូនជំងឺតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ពីផ្ទះ ទៅសេវាសុខាភិបាលឯកជនដែលមានច្បាប់អនុញ្ញាតឱ្យផ្តល់សេវាថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩ ឬសេវា សាធារណៈ ដែលមានព្យាបាលកូវីដ-១៩។

៤. ការផ្តល់សេវាថែទាំ ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនៅតាមផ្ទះ ត្រូវតែមានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន ចៅសង្កាត់ ឬមេឃុំ និងមន្ត្រីសុខាភិបាលនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ដែលអ្នកជំងឺតាំងនៅ។

៥. ម្ចាស់សេវាសុខាភិបាលឯកជនត្រូវដាក់លិខិតស្នើសុំអនុញ្ញាតមកក្រសួងសុខាភិបាល តាមរយៈអនុគណៈកម្មការ បច្ចេកទេស និងព្យាបាលដែលមានទូរស័ព្ទ និងតេឡេក្រាមលេខ៖ ០១២ ៨៩១ ៥២៧ និង ០១២ ៦៩១ ១១២៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖