ភ្នំពេញ៖ អតីតតារាសម្តែងប្រុសរូបស្រស់សង្ហា លោក អេដវីន បានសម្រេចចិត្តសាងផ្នួសបួសជាព្រះសង្ឃហើយ បន្ទាប់ពីជួបរឿងរ៉ាវជីវិតដែលនឹកស្មានមិនដល់ផ្ទួនៗគ្នាមក។ រូបថតជាច្រើនសន្លឹកស្តីអំពីការសាងផ្នួសនេះត្រូវបានបញ្ចេញកាលពីថ្មីៗនេះនៅលើបណ្តាញសង្គម រហូតបង្កើតឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលសាជាថ្មី ជាមួយនឹងការអបអរសាទរ និងអនុមោទនាចំពោះការតាំងចិត្តជ្រះថ្លាស្វែងរកផ្លូវព្រះធម៌រំងាប់អារម្មណ៍។
គេចាំបានថា ការជួបរឿងរ៉ាវជិីវិតដែលនឹកស្មានមិនដល់របស់អតីតតួឯកប្រុសក្នុងខ្សែភាពយន្តភាគ និងខ្សែភាពយន្តខ្នាតធំ អេដវីន បានធ្វើឲ្យភ្ញាក់ផ្អើលអស់មហាជន ក្រោយពីរូបភាព និងសារនៃការប្រើប្រាស់អំពើហិង្សាទៅលើគូស្នេហ៍អ្នកនាង សុទ្ធ បញ្ចការត្រូវបានទម្លាយកាលពីអំឡុងពាក់កណ្តាលខែមិថុនា រហូតក្លាយជាប្រធានបទក្នុងការវែកញែកពេញបណ្តាញសង្គម។ ចំពោះករណីនេះអតីតតារាសម្តែងរូបនេះត្រូវបានរងបណ្តឹង២ករណី គឺការប្រើប្រាស់អំពើហិង្សាលើអ្នកនាងសុទ្ធ បញ្ចការ និងបណ្តឹងបង្ករបួស្នាមលើមិត្តភក្តិអ្នកនាងសុទ្ធ បញ្ចការ រួមជាមួយករណីបំផ្លាញទ្រព្យសម្បត្តិ។ អ្វីដែលកាន់តែធ្វើឲ្យជីវិតអតីតសិល្បកររូបនេះជួបជួបទុក្ខកាន់តែធំនោះគឺម្តាយរបស់លោកបានទទួលមរណភាពកាលពីប៉ុន្មានសប្តាហ៍មុននេះផងដែរ។ទោះជាយ៉ាងណាគេនៅមិនទាន់បានដឹងនៅឡើយទេថាតើអតីតតារាសម្តែងរូបនេះបានទៅបួសនៅវត្តណាមួយនៅឡើយទេ ហើយមានរយៈពេលយូរប៉ុនណានោះដែរ។
ចំពោះការសាងផ្នួសនេះដែរគឺកើតចេញក្រោយពីថ្មីៗនេះលេចចេញដំណឹងពីអ្នកនាង សុទ្ធបញ្ចការ បានទម្លាយថា អតីតគូស្នេហ៍បានចេញពីពន្ធនាគារ និងវិលទៅរួមរស់ជាមួយអតីតសង្សារវិញនោះ ។ ការសាងផ្នួសនេះដែរក៏ជាការជម្រះចិត្តឲ្យជ្រះថ្លាចាប់យកព្រះធម៌ដើម្បីរំងាប់អារម្មណ៍។
គេនៅមិនទាន់ដឹងនៅឡើយទេថាតើអតីតតារាសម្តែងរូបនេះនឹងបន្តការងារសិល្បៈឡើងវិញឬក៏យ៉ាងណាក្រោយពេលដែលលាចាកសិក្ខាបទនោះ ខណៈដែលទស្សនិកជនជាច្រើននៅតែសោកស្តាយចំពោះការខកខានចូលរួមសម្តែងរបស់ព្រះតេជព្រះគុណផងដែរ ហើយក៏មានក្តីរំពឹងពីសំណាក់អ្នកគាំទ្រដែរថានឹងមានផលិតករផ្តល់ឱកាសសម្រាប់អតីតតារាសម្តែងរូបនេះនៅពេលខាងមុខ។
គួរបញ្ជាក់ដែរថា ព្រះតេជព្រះគុណអង្គនេះក៏ជាអតីតជាបេក្ខជនតំណាងឲ្យប្រទេសកម្ពុជា ដែលបានចូលរួមក្នុងកម្មវិធីប្រកួតប្រជែងបុរសរូបសង្ហាប្រចាំអាស៊ី ឬហៅថា « Mr . Asia 2014 » នៅទីក្រុងហុងកុង ប្រទេសចិន ហើយបានជាប់ជាតារាញញឹមស្រស់ជាងគេទទួលបានពានរង្វាន់ «Mr. Smiley Award in Mister Asia Contest 2014 »។ ក្រោយមកទទួលបានការគាំទ្រពីមហាជនច្រើនតាមរយៈការសម្តែងខ្សែភាពយន្តភាគនានាមានដូចជារឿង «ម្ទេសហឹរប៉ះអំបិលប្រៃ» រឿង«មន្តស្នេហ៍ក្រមុំបាយឆា» រឿង«ហង្សបាក់ស្លាប»» រឿង «ទឹកចិត្តម្តាយសម័យថ្មី» និងរឿងចុងក្រោយគឺរឿង «រសជាតិអ្នកមាន» ជាដើម៕
ដោយ ៖ វឌ្ឍនា