ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញចុះមកពិនិត្យសកម្មភាពត្រៀមរៀបចំចត្តាឡីស័កថ្មីដែលនឹងត្រូវយកស្នាក់ការគណបក្សស្រុកតំបែរនេះធ្វើតែម្តង !

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃសៅរ៍ ១២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ លោករដ្ឋមន្ត្រី វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម ព្រមជាមួយសហការីនៃសមាជិកក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ បានអញ្ជើញចុះមកពិនិត្យសកម្មភាពត្រៀមរៀបចំចត្តាឡីស័កថ្មីដែលនឹងត្រូវយកស្នាក់ការគណបក្សស្រុកតំបែរនេះធ្វើតែម្តង និងបាននាំយកគ្រឿងឧបភោគ បរិភោគមួយចំនួនទៀតមកជូនបងប្អូនប្រជាពលរដ្ឋផងដែរ។ 

មានមតិសំណេះសំណាលក្នុងខណ:នេះ លោកប្រធានក្រុមការងារបានវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលស្រុក លោកគ្រូ អ្នកគ្រូពេទ្យ និងកងកំលាំងទាំងអស់ដែលកំពុងបម្រើការនៅស្រុកតំបែរដែលបានខិតខំយកចិត្តទុកដាក់ ទទួលខុសត្រូវខ្ពស់ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងមើលថែទាំប្រជាពលរដ្ឋយើងនៅទូទាំងស្រុក ជាពិសេសអ្នកឆ្លងជំងឺកូវីដ-១៩ នេះតែម្តង។ ឆ្លៀតយកឱកាសនេះ លោកជាថ្មីម្តងទៀតបានក្រើនរំលឹងមន្រ្តីសុខាភិបាលស្រុកទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នទ្វេដង បន្តផ្សព្វផ្សាយការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងជាពិសេសត្រូវអនុវត្ត ៣កុំ ៣ការពារ ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ នេះឱ្យមាន ប្រសិទ្ធភាព។ ចំពោះទីតាំងចត្តាឡីស័កថ្មីនេះ លោកបានណែនាំឲ្យអភិបាលស្រុក លោកប្រធាន មន្ទីរពេទ្យបង្អែកស្រុក និងកងសន្តិសុខ ត្រូវយកចិត្តទុកដាក់ខ្ពស់មើលការខុសត្រូវលើសន្តិសុខ សណ្តាប់ធ្នាក់ អនាម័យ ថ្នាំសង្កូវ និងជីវភាពប្រចាំថ្ងៃរបស់បងប្អូនដែលនឹងមកសម្រាកព្យាបាលនៅទីនេះឲ្យបានល្អ ជាពិសេសស្បៀងដែលទុកសម្រាប់បងប្អូន ត្រូវចែកជូន និងប្រើប្រាស់ឲ្យបានសមស្រប ចំគោលដៅ តម្លាភាព និងមានប្រសិទ្ធភាព ចៀសវាងមានបាតុភាពអវិជ្ជមាន។ 

សូមជម្រាបជូនថា គ្រឿងឧបភោគ បរិភោគដែលបានយកមកជូននាថ្ងៃនេះមាន ៖ ប៉ៅអ៊ីបត់ ១០០ ភួយ ១០០ មុង ១០០ ខ្នើយ ១០០ មី ៣០០កេះ ត្រីខ ៣០០យួរ អង្ករ ៣០០បាវ អាកុល ៣០០លីត្រ និងម៉ាស ៥កេះ សរុបទឹកប្រាក់ ៨ ៨០០ដុល្លារ និង ១ ២៥០ ០០០ រៀល។ ក្នុងខណ:នេះដែរ ដើម្បីត្រៀមបំរុងទុកដោះស្រាយការងារបន្ទាន់ចំពោះមុខតាមការចាំបាច់ លោកប្រធានក្រុមការងារ និងសហការីបានជួយឧបត្ថម្ភថវិកាបន្ថែមចំនួន ២២ លានរៀលទៀត ដោយឡែកក្រុមប្រឹក្សាស្រុកទទួលបាន ១ ០០០ ០០០ រៀលផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖