រដ្ឋាភិបាលសិង្ហបុរី បានប្រកាសថានឹងចាប់ផ្តើមចាក់វ៉ាក់សាំងដូសទីបី ជូនពលរដ្ឋមានអាយុចាប់ពី៦០ឆ្នាំឡើង ក៏ដូចជាពលរដ្ឋដែលមានអង់ទីគ័រការពារចុះខ្យោយ។ ការចាក់វ៉ាក់សាំងដូសទី៣ចាប់ផ្តើមនៅក្នុងខែកញ្ញានេះ។
សារព័ត៌មាន Nikkei Asia បានផ្សាយថា ពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើង នឹងចាប់ផ្តើមចាក់ដូសទីបីចាប់ពីថ្ងៃទី៦ខែកញ្ញា ។ សកម្មភាពខាងលើកើតឡើង ក្រោយពីមានករណីឆ្លងកូវីដ-១៩ ប្រភេទបំប្លែងថ្មី ដែលតា កើនឡើងខ្ពស់នៅក្នុងប្រទេសនេះ បើទោះបីសិង្ហបុរីបានចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង៨០%ហើយក្តី។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Lawrence Wong បានប្រកាសថា ក្នុងពេលអនាគតរដ្ឋាភិបាលផ្តោតសំខាន់ទៅលើករណីឆ្លងកូវីដ -១៩ធ្ងន់ត្រូវសង្គ្រោះបន្ទាន់ក្នុងបន្ទប់ ICU ។ ចំណែករដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Ong Ye Kungបានឱ្យដឹងថា សិង្ហបុរីនឹងផ្លាស់ប្តូរមករស់នៅជាមួយកូវីដ-១៩ ។ លោកបន្តទៀតថា «កាលពីមុនយើងព្យាយាមទប់ស្កាត់ការឆ្លងកូវីដ-១៩ ហើយកាត់ផ្តាច់ករណីវិជ្ជមានឆ្លងកូវីដ-១៩ ពីសហគមន៍»។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Ong Ye Kung បានលើកឡើងថា «ជាមួយនឹងវីរុសបំប្លែងថ្មីដែលតា ងាយឆ្លងគឺជាឧបសគ្គយ៉ាងធំធេង ។ យើងមិនអាចទទួលយកការបិទទ្វារ ឬបង្កើនការរឹតត្បិតនោះទេ ដោយវិធានការទាំងនោះនឹងមិនអាចស្ថិតស្ថិរឡើយ ទាំងនោះហើយបានជាយើងត្រូវរស់នៅជាមួយកូវីដ-១៩ ខណៈដែលពលរដ្ឋបានចាក់វ៉ាក់សាំងរួចរាល់គ្រប់គ្នា»៕

ដោយ៖ធីរីណា(រូបភាព៖ zing news+TTXVN )
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច