ខេត្តកំពង់ស្ពឺ : មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសាររថយន្តសណ្ដោងរុឺម៉កបានបុកម៉ូតូពីក្រោយហើយបានជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋនៅក្បែរនោះបន្តទៀត។ ហេតុការណ៍នេះ បានកើតឡើងនៅល្ងាចថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៧:០៥ នាទី នៅចន្លោះគីឡូម៉ែត្រលេខ ៤៤-៤៥ កំណាត់ផ្លូវជាតិលេខ ៤ ស្ថិតនៅភូមិមុខខេត្ដ សង្កាត់រការធំ ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ ។
សមត្ថកិច្ចបានឲ្យដឹងថាក្នុងហេតុការណ៍គ្រោះថ្នាក់បណ្ដាលឱ្យរងរបួសអ្នកជិះម៉ូតូ របួសធ្ងន់ និងបាក់របងថ្ម ជាច្រើនម៉ែត្រហើយរថយន្តបង្កគ្រោះថ្នាក់ជាប្រភេទ V1 សណ្ដោងរ៉ឺម៉ក មានស្លាកលេខ កំពង់ស្ពឺ3A-2041 និងស្លាកលេខ រ៉ឺម៉ក កណ្តាល 4A-0038 ។
តាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលចរាចរណ៍ដែលបានចុះទៅកាន់ទីតាំងកើតហេតុខាងលេីបានឲ្យដឹងថា រថយន្តបង្កគ្រោះថ្នាក់ខាងលើ បានគេចពីរថយន្ដមួយទៀតរួចរេចង្កូត គេចមកខាងស្ដាំដៃ បុកម៉ូតូតែម្ដង រួចហួសទៅបុករបងថ្ម ចំណែកអ្នកបើកបរ ត្រូវបានគេដឹងថា មានជាតិអាល់កុល(ធំក្លិនស្រា) ។បច្ចុប្បន្នកម្លាំងនគរបាលចរាចរណ៍ក្រុងច្បារមន និងជំនាញខេត្ដ កំពុងចាត់ការតាមនីតិវិធី៕
ដោយ៖ ស សម