ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យបានឆាបឆេះបន្ទប់ជួលនៃអគារខុនដូ លី ហ៊ួត ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង៤៖១០នាទីទៀបភ្លឺថៃ្ងអាទិត្យ១៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ មានអគ្គិភ័យមួយបានកើតឡើងនៅបន្ទប់ជួលនៃអគារខុនដូ លី ហ៊ួត លេខ៣៦A ផ្លូវលេខ២៤២កែងផ្លូវលេខ១១១ ក្រុម១៣ ភូមិ២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

   តាមសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ម្ចាស់ទីតាំងខុនដូឈ្មោះ លី ហ៊ួតភេទប្រុស អាយុ៧២ឆាំ្ន ។ ចំណែកអ្នកជួលបន្ទប់ស្នាក់នៅឈ្មោះ Xu HuiFa ជនជាតិចិន ភេទប្រុស អាយុ៣៤ឆាំ្ន មានមុខរបរ ថត Tik Tok បង្ហោះ ។

  ប្រភពដដែលបានឱ្យដឹងទៀតថាមូលហេតុដែលបង្កឱ្យមានអគ្គិភ័យនេះកើតឡើងគឺបណ្តាលមកពីការចោលកន្ទុយបារីទៅលើរបស់ដែលងាយឆាបឆេះ។ 

  បន្ទប់ដែលជនជាតិចិនខាងលើជួលស្នាក់នៅនេះជាប្រភេទថ្មបេតុង មានទំហំ ៤ម៉ែត្រx ៤ម៉ែត្រ ។

  ចំពោះការខូចខាតវិញគឺឆេះសម្ភារក្នុងបន្ទប់ស្នាក់នៅលេខ១៧C ជាន់ទី១៧ តែពុំបានឆេះរាលដាលដល់បន្ទប់និងផ្ទះអ្នកជិតខាងឡើយ ហើយក៏ពុំមានអ្នកស្លាប់និងអ្នករបួសដែរ។

  នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនាពេលនោះកម្លាំងសមត្ថកិច្ចជំនាញបង្ការ ពន្លត់ និងសង្គ្រោះអគ្គិភ័យបានប្រើប្រាស់ រថយន្តការិយាល័យបង្ការ ពន្លត់និងសង្គ្រោះអគ្គិភ័យចំនួន១២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន២២ឡាន ស្មេីនឹង ៨៨ម៉ែត្រគូប ។ ក្រៅពីនេះក៏មានរថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម៖

– រថយន្តទីក្រុងអូឡាំព្យ៉ា ចំនួន១គ្រឿង  ប្រើប្រាស់ទឹកអស់ចំនួន១ឡានសើ្មនឹង៤ម៉ែត្រគូប ។ 

   ដោយការខិតខំពន្លត់យ៉ាងសស្រាក់សស្រាំនោះ អគ្គិភ័យបានរលត់ទៅវិញនៅវេលាម៉ោង៥:៣០នាទីព្រឹកនាថ្ងៃ.ខែ.ឆ្នាំដដែល៕

ដោយ ៖ ជីណា


ចែករំលែក៖