ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកែប បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ស្ថានីយ៍ថ្លឹងរថយន្តអចល័តដំណាក់ចង្អេីរ ស្ថិតនៅលេីផ្លូវជាតិ​លេខ​៣៣

ចែករំលែក៖

ខេត្តកែប៖ នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១​ នេះ លោក សោម​ ពិសិដ្ឋ​ អភិបាល​ នៃគណៈអភិបាលខេត្ត​កែប​ ​បានអញ្ជើញចុះពិនិត្យការរដ្ឋានសាងសង់ស្ថានីយ៍ថ្លឹងរថយន្តអចល័តដំណាក់ចង្អេីរ ផ្លូវជាតិ​លេខ​៣៣​ ត្រង់គ.ម​ លេខ២១ ដល់៥៨៥​ ស្ថិតនៅ ភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ក្នុងពិធីចុះពិនិត្យការដ្ឋាននាឱកាសនោះ លោកសោម ពិសិដ្ឋ អភិបាលខេត្តកែប​ មានប្រសាសន៍ថា​ ការសាសង់ស្ថានីយ៍ថ្លឹងរថយន្តនេះ​ គឺដើម្បីថែរក្សាផ្លូវជាតិលេខ ៣៣ អោយបានយូរអង្វែង ព្រោះផ្លូវជាតិមួយខ្សែនេះ​ និងកសាងឡើងវិញនៅចុងឆ្នាំ២០២១នេះ ជាការចំបាច់គឺត្រូវមានកន្លែងសម្រាប់ពិនិត្យនៅទម្ងន់រថយន្តដែលផ្ទុកលើសចំណុះ ដែលជាកត្តាធ្វើអោយផ្លូវជាតិ ប្រេះស្រាំ ក្រលុកធំៗ និងអាចបង្ករអោយមានគ្រោះថ្នាក់ដល់អ្នកបើកបរផ្សេងទៀតបាន ហេីយការបង្កើតឡេីងនៅស្ថានីយ៍ថ្លឹងរថយន្តនេះ​ ក៏ជាការងាយស្រួលក្នុងការតម្រង់ទិសរថយន្តដឹកលើសទម្ងន់ដែលច្បាប់បានកំណត់។លោក បន្តថា ខេត្តកែបជាខេត្តមួយដែលមានផ្លូវជាតិតភ្ជាប់ពីខេត្តផ្សេងៗគឺ កោះកុង ព្រះសីហនុ តាកែវ កំពត​ ដែលជាផ្លូវដឹកជញ្ជូនដ៏មានសារ:សំខាន់បំផុត​ ក្នុងការដឹកជញ្ជូនទំនិញនឹងដោះដូរទំនិញ​ទៅកាន់បណ្ដាច្រកទ្វាអន្តរជាតិ​(ព្រែកចាក​ ខេត្ត​កំពត​)-ច្រកទ្វា​អន្តរជាតិ​ចាំយាម​ ខេត្ត​កុងកោះ​ និងកំពង់ផែអន្តរជាតិទឹកជ្រៅ​ ខេត្ត​ព្រះសីហនុ​ ដ៏សំខាន់ផងដែរ។
លោក អភិបាលខេត្ត​ ក៏បានបញ្ជាក់ថា ស្ថានីយ៍ថ្លឹងរថយន្តនេះ ជាសមិទ្ធិផលថ្មីមួយបន្ថែមទៀតរបស់ខេត្តកែប បន្ទាប់ផែទេសចរណ៍កោះទន្សាយ ដែលដាក់អោយប្រើប្រាស់ជាបណ្តោះអាសន្ននៅចុងឆ្នាំ២០២១ និងកំពង់ផែសេះសរ ដែលគ្រោងសាងសង់រួចរាលជាស្ថាពរយ៉ាងយូរឆ្នាំ២០២៣ ហើយនិងមានការបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍នៅលើកោះទន្សាយមួយទៀតក្នុងពេលឆាប់ៗខាងមុខនេះ លោកសង្ឃឹមថា សមិទ្ធិផលទាំងអស់នេះ​ និងអាចប្រមូលនៅថវិកាចូលជាតិ និងបំរើផលប្រយោជន៍ដល់ប្រជាជនក្នុងខេត្តកែប អោយមានជីវភាពធូរធារមួយកម្រិតថែមទៀត​។ លោក ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ សូមចូលរួមទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អោយបានគ្រប់ៗគ្នា​ និងត្រូវចូលរួមអនុវត្តវិធានការនានារបស់ក្រសួងសុខាភិបាល​ ជាពិសេសវិធានការ​ ៣ការពារ​ ៣កុំ​ របស់រាជរដ្ឋាភិបាល​ អោយបានជាប់ជាប្រចាំ៕

ដោយ៖ សិលា


ចែករំលែក៖