ព័ត៌មានទាន់ហេតុការណ៍៖

លួចកាច់សោ.កម៉ូតូបានសម្រេច ប៉ុន្តែសមត្ថកិច្ចស្រាវជ្រាវក្របួចជាប់បានមកវិញ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនមុខសញ្ញារួមទាំងវត្ថុតាងម៉ូតូ១គ្រឿង បន្ទាប់ជនសង្ស័យរូបនេះបានធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូ នៅស្រុកកណ្ដៀងកាលប៉ុន្មានថ្ងៃមុន ។

  ករណីស្រាវជ្រាវឃាត់ខ្លួនមុខសញ្ញាខាងលើ ធ្វើឡើងនៅវេលាម៉ោង៩ និង០០នាទី ព្រឹកថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅភូមិសម្ដេចយស ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

 ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ពុធ កាង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជននេះធ្វើតេស្តទឹកនោម(វិជ្ជមាន)ក្នុងនោះសមត្ថកិច្ចដកហូតម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1U 4121 ។

 លោក ស្នងការរងបន្តទៀតថា វត្ថុតាងម៉ូតូ១គ្រឿងនេះជាកម្មសិទ្ធរបស់ឈ្មោះ ហេង ភន ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពោធិ៍កំបោរ ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ដែលបានបាត់កាលពីល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ ករណីនេះវត្ថុតាងម៉ូតូប្រគល់ឱ្យម្ចាស់វិញ ចំណែកជនសង្ស័យបំពេញនីតិវិធីបញ្ជូនបន្ត ៕

ដោយ ៖ បុឹម ពិន


ចែករំលែក៖