ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បន្តនីតិវិធីចុះប្រមូលផលិតផលស្រាទំពាំងបាយជូ និងស្រាស សញ្ញា” មាស ហុង “នៅតាមបណ្តាទីតាំងចែកចាយក្នុងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីបានស្រាវជ្រាវរកឃើញមូលហេតុ ដែលបណ្តាលឱ្យមនុស្សចំនួន៣នាក់ ស្លាប់បាត់បង់ជីវិតកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ថ្មីៗ​នេះ​ នៅរាជធានីភ្នំពេញ និងបន្ទាប់ពីចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងផលិត និងចែកចាយស្រានានា ដើម្បីប្រមូលវត្ថុតាងសម្រាប់ដាក់បន្ទុក ជាពិសេសដើម្បីការពារអាយុជីវីតប្រជាពលរដ្ឋ ដែលអាចនឹងកើតមានជាយថាហេតុ ពីការបរិភោគស្រាទំពាំងបាយជូឬស្រាសនេះ។ មន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប. នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ​ បានបន្តនីតិវិធី ចុះត្រួតពិនិត្យ និងប្រមូលត្រឡប់មកវិញនូវផលិតផលស្រាទំពាំងបាយជូ និងស្រាស សញ្ញា”មាស ហុង “នៅបណ្តាទីតាំងចែកចាយ និងកន្លែងលក់ស្រាក្នុងរាជធានីភ្នំពេញ។ 

ជាក់ស្ដែង​ផលិតផលស្រាទំពាំងបាយជូ និងស្រាស សញ្ញាមាស ហុង ត្រូវបានមន្ទីរពិសោធន៍ អគ្គនាយកដ្ឋានក.ប.ប.រកឃើញមានវត្តមានសារធាតុមេតាណុលក្នុងកម្រិតខ្ពស់ ដែលអាចបង្កឱ្យស្លាប់បាត់បង់ជីវិត ប្រសិនបើបរិភោគស្រានេះក្នុងកម្រិតកំណត់មួយ។

 លទ្ធផលមន្រ្តីជំនាញអគ្គនាយកដ្ឋាន ក.ប.ប. បានរកឃើញនិងប្រមូល ស្រាទំពាំងបាយជូ និងស្រាស សញ្ញាមាស ហុងបានចំនួន ១,២៥៣ដប ស្មើនឹង៦២៧ លីត្រ មករក្សាទុកដើម្បីកំទេចចោល។

 ជាថ្មីម្តងទៀតអគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីការពារអាយុជីវិតរបស់លោកអ្នក សូមបញ្ឈប់ជាបន្ទាន់ការបរិភោគស្រាដែលគ្មានប្រភពច្បាស់លាស់ ពិសេសស្រាទំពាំងបាយជូ និងស្រាសសញ្ញាមាស ហុង។      

 សូមអំពាវនាវដល់អាជីវករទាំងអស់សូមបញ្ឈប់ការលក់ និងចែកចាយស្រាទំពាំងបាយជូនិងស្រាសសញ្ញា មាស ហុង និងសូមទាក់ទងប្រគល់ជូនសមត្ថកិច្ចនៃអគ្គនាយកដ្ឋានក.ប.ប. ដើម្បីធ្វើការកំទេចចោល៕

ដោយ​៖សហការី​


ចែករំលែក៖