ភ្នំពេញ៖ យោងតាមរបាយការណ៍របស់កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូលបានឱ្យដឹងថា៖ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៣ និង២០នាទី ទៀបភ្លឺ មានករណីប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស(ឆ្កឹះទ្វារផ្ទះមិនបានសម្រេច) នៅចំណុចផ្ទះលេខបេ១៣ ផ្លូវលេខ៤២ ភូមិត្រពាំងពោធិ៍ សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនសង្ស័យចំនួន៣នាក់ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនមាន ៖
១-ឈ្មោះ ស៊ើម សុភ័ក្ត្រ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀន),
២-ឈ្មោះ ប៊ន សីហា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(មានសារធាតុញៀន)
៣-ឈ្មោះ រ៉េត ពេជ្រ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀន)។
ចំណែកជនរងគ្រោះឈ្មោះ គន់ ផាន្នី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបុគ្គលិកអចលនទ្រព្យ ស្នាក់នៅផ្ទះលេខបេ១៣ ភូមិត្រពាំងពោធិ៍ សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ចំពោះសម្ភារបន្សល់ទុកមាន ម៉ូតូចំនួន ២គ្រឿង(១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី ឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IV-2824 លេខតួ+លេខម៉ាស៊ីន 600 1280 និង១គ្រឿងទៀតម៉ាកzoomer-x ស៊េរីឆ្នាំ២០១៤ពាក់ស្លាកលេខ ភ្នំពេញ1GO-0007 លេខតួ+លេខម៉ាស៊ីន 510 2869, ដែកលួសកែច្នៃចំនួន២, ដែកកែច្នៃចុងស្រួចចំនួន១, ទូណឺវីសដងជ័រពណ៌លឿងចំនួន១, ដង្កាប់ដងជ័រពណ៌ក្រហមចំនួន១, សោលេខ១០ចំនួន១។
នៅមុនពេលកើតហេតុ នាយប់ថ្ងៃទី៤ ខែកញ្ញាឆ្នាំ២០២១ ជនរងគ្រោះនិងក្រុមគ្រួសារបានបិទទ្វារចាក់សោផ្ទះ រួចនាំគ្នាចូលដេកតាមបន្ទប់រៀងៗខ្លួន រហូតដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោងប្រហែល២និង០០នាទី រំលងអធ្រាត្រ ជនសង្ស័យឈ្មោះ ស៊ើម សុភ័ក្ត្រ, ឈ្មោះ ប៊ន សីហា, ឈ្មោះ រ៉េត ពេជ្រ និងឈ្មោះ រិទ្ធ បានជួបជុំគ្នានៅម្ដុំរង្វង់មូលចោមចៅ(ខណ្ឌពោធិ៍សែនជ័យ) ដោយជនសង្ស័យឈ្មោះ ស៊ើម សុភ័ក្ត្រ បានផ្តើមគំនិតដើររកលួចទ្រព្យសម្បត្តិនិងឆ្កឹះសោផ្ទះរបស់ប្រជាពលរដ្ឋ ព្រោះជនសង្ស័យឈ្មោះ ស៊ើម សុភ័ក្ត្រ បានដាក់ដែកលួសកែច្នៃសម្រាប់ឆ្កឹះសោចំនួន ២, ដែកកែច្នៃចុងស្រួចសម្រាប់កាច់បំផ្លាញសោ.កម៉ូតូចំនួន១ ទួណឺវីសដងជ័រ ពណ៌លឿងចំនួន១, ដង្កាប់ដងជ័រ ពណ៌ក្រហមចំនួន១ សោលេខ១០ ចំនួន១ នៅក្នុងហោប៉ៅខោចំហៀងខាងស្តាំដែលជនសង្ស័យស្លៀកជាប់ខ្លួន។ ពេលនិយាយគ្នារួច ជនសង្ស័យឈ្មោះប៊ន សីហា បានបើកម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ឌុបជនសង្ស័យឈ្មោះ ស៊ើម សុភ័ក្រ្ត។ ចំណែកជនសង្ស័យឈ្មោះ រិទ្ធ បានបើកម៉ូតូម៉ាកzoomer-x ឌុបជនសង្ស័យឈ្មោះ រ៉េត ពេជ្រ ធ្វើដំណើរតាមផ្លូវជាតិលេខ៤ បត់តាមផ្លូវទំនប់កប់ស្រូវ រួចបត់តាមផ្លូវបេតុងដល់ខាងកើតវត្តអង្គស្តុក ភូមិត្រពាំងពោធិ៍(សង្កាត់ឪឡោក) ក៏ឃើញផ្ទះរបស់គេមានសភាពស្ងាត់(ផ្ទះរបស់របស់ជនរងគ្រោះ) ពេលនោះ ក្រុមជនសង្ស័យបានឈប់ម៉ូតូនៅលើផ្លូវបេតុងនោះ រួចជនសង្ស័យឈ្មោះ ស៊ើម សុភ័ក្រ្ត និងជនសង្ស័យឈ្មោះ រិទ្ធ បានដើរចូលទៅក្នុងបរិវេណដីឡូត៍ផ្ទះរបស់ជនរងគ្រោះ ដោយជនសង្ស័យឈ្មោះ ប៊ន សីហា និងជនសង្ស័យឈ្មោះ រ៉េត ពេជ្រ ឈរចាំនៅលើផ្លូវ។ ពេលជនសង្ស័យឈ្មោះ ស៊ើម សុភ័ក្ត្រ និងជនសង្ស័យឈ្មោះ រិទ្ធទៅដល់ឃើញទ្វារកញ្ចក់ផ្ទះរបស់ជនរងគ្រោះមានចាក់សោពីខាងក្នុង ពេលនោះ ជនសង្ស័យឈ្មោះ ស៊ើម សុភ័ក្រ្ត បានលូកដៃយកទួណឺវីសពីក្នុងហោប៉ៅខោមកកាន់បម្រុងធ្វើសកម្មភាពឆ្កឹះកញ្ចក់ផ្ទះរបស់ជនរងគ្រោះ ស្រាប់តែឃើញសមត្ថកិច្ចជិះម៉ូតូមកដល់ហៅជនសង្ស័យឈ្មោះ ប៊ន សីហានិងជនសង្ស័យឈ្មោះ រ៉េត ពេជ្រ សួរនាំ ពេលនោះជនសង្ស័យឈ្មោះ ស៊ើម សុភ័ក្រ្ត និងជនសង្ស័យឈ្មោះ រិទ្ធ បានរត់ពូននៅទីងងឹតក្បែរផ្ទះរបស់ជនរងគ្រោះ។ ដោយមានការសង្ស័យ សមត្ថកិច្ចបាននាំជនសង្ស័យឈ្មោះ ប៊ន សីហានិងជនសង្ស័យឈ្មោះ រ៉េត ពេជ្រ រួមទាំងម៉ូតូចំនួន២គ្រឿងដែលជនសង្ស័យជិះធ្វើសកម្មភាពយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឪឡោក។ ពេលនោះជនសង្ស័យឈ្មោះ រ៉េត ពេជ្រ និងជនសង្ស័យឈ្មោះ ប៊ន សីហា បានសារភាពប្រាប់សមត្ថកិច្ចថា “បក្ខពួករបស់ខ្លួនចំនួន២នាក់ទៀតបានចូលទៅគាស់ផ្ទះរបស់ជនរងគ្រោះ”។ ភ្លាមនោះ សមត្ថកិច្ចបានចុះទៅដល់បរិវេណផ្ទះរបស់ជនរងគ្រោះបញ្ចាំងពិលរកមើលជនសង្ស័យក៏ឃើញជនសង្ស័យឈ្មោះ ស៊ើម សុភ័ក្រ្ត កំពុងពួនសម្ងំនៅទីងងឹត សមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ើម សុភ័ក្ត្រ នាំយកមកសាកសួរ និងត្រួតពិនិត្យលើខ្លួនជនសង្ស័យឈ្មោះ ស៊ើម សុភ័ក្រ្ត ឃើញមានវត្ថុតាងដូចខាងលើក៏ចាប់ឃាត់ខ្លួនតែម្តង។ ចំណែកជនសង្ស័យឈ្មោះ រិទ្ធ បានរត់គេចខ្លួនបាត់។ នៅព្រឹកថ្ងៃទី ០៥ ខែកញ្ញាឆ្នាំ ២០២១ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងចោទប្រកាន់លើជនសង្ស័យ។ បន្ទាប់មក ប៉ុស្តិ៍នគរបាលរដ្ឋបាលឪឡោកបានបញ្ជូនជនសង្ស័យ យកមកសាកសួរបន្តនៅអធិការដ្ឋាននគរបាលខណ្ឌកំបូល។
បច្ចុប្បន្នជនសង្ស័យខាងលើ អធិការដ្ឋានខណ្ឌកំបូលបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕
ដោយ៖ចន្ទ លីហ្សា