នៅថ្ងៃទី៦ខែកញ្ញា អ្នកនាំពាក្យក្រុមតាលីបង់ លោក Taliban Zabihullah Mujahid បានឱ្យដឹងថា សង្គ្រាមបានបញ្ចប់ហើយ រដ្ឋាភិបាលថ្មីនឹងបង្កើតឡើងក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។
នៅក្នុងសន្និសីទកាសែតនៅរដ្ឋធានីកាប៊ុលកាលពីថ្ងៃទី៦ ខែកញ្ញា អ្នកនាំពាក្យក្រុមតាលីបង់ លោក Zabihullah Mujahid បានប្រកាសថា សង្គ្រាមនៅអាហ្វហ្គានីស្ថានបានបញ្ចប់ហើយ ចំណែកអ្នកដែលបន្តសង្គ្រាមប្រឆាំងក្រុមតាលីបង់គឺជាសត្រូវរបស់ប្រទេសជាតិនិងប្រជាជនអាហ្វហ្គានីស្ថាន។
នៅពេលនេះក្រុមតាលីបង់បានប្រកាសឱ្យដឹងថា ការរៀបចំប្រកាសរដ្ឋាភិបាលថ្មីបានរួចរាល់ហើយ។ ជាមួយគ្នានេះក៏បានអញ្ជើញមេដឹកនាំរុស្ស៊ី ចិន អុីរ៉ង់ តួកគី និងប្រទេសជាច្រើនទៀតចូលរួមនៅក្នុងការប្រកាសពីសមាសភាពរដ្ឋាភិបាលថ្មីផងដែរ។
បណ្តាញទូរទស្សន៍ Al Jazeera បានផ្សាយថា នៅក្នុងសាររបស់ក្រុមតាលីបង់បានបញ្ជាក់ថា តាលីបង់នឹងបង្កើតរបបដឹកនាំដែលសហគមន៍អន្តរជាតិ ក៏ដូចជាពលរដ្ឋទទួលស្គាល់ក្នុងការដឹកនាំប្រទេស។
ពាក់ព័ន្ធនឹងសង្គ្រាមនៅក្នុងតំបន់ Panjshir តំណាងក្រុមតាលីបង់បានឱ្យដឹងថានឹងមិនមានជនស៊ីវិលស្លាប់ទៀតឡើយ ។ ជាមួយគ្នានេះដែររដ្ឋាភិបាលនឹងដំណើរការអគ្គិសនី ប្រព័ន្ធអុីនធើណេត ឡើងវិញនៅក្នុងខេត្ត Panjshir ។ ចំណែកអាកាសយានដ្ឋានទីក្រុងកាប៊ុលនឹងដំណើរការទាំងស្រុងឡើងវិញ ៕
ដោយ៖ធីរីណា(រូបភាព៖Reuters )